​បង្ក្រាប​បទល្មើស Online Scame នៅ​ទីតាំង​អគារ Wyndham Grand Phnompenh Capital ក្នុង​ខណ្ឌ​ដូនពេញ ឃាត់ខ្លួន​ជន​បរទេស​ជាង​៣០០​នាក់

ភ្នំពេញ​៖ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៦ បាន​ចុះ​បង្ក្រាប​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ទីតាំង​សណ្ឋាគារ Wyndham Grand Phnompenh Capital ទីតាំង​ផ្លូវ​ព្រះមុន្នីវង្ស ភូមិ​៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​បញ្ជា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​កម្លាំង​ប្រតិបត្តិ​ការដឹកនាំ​ដោយ លោក ហ៊ុន សុរិទ្ធី​, លោក សុខ ពេញវុ​ធ និង​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​, ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប៊ុន សុ​សិក្ខា​, ឧត្តមសេនីយ៍ទោ ស ថេន​។​
​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​រកឃើញ មនុស្ស​សរុប​៣១១​នាក់ មាន​៥​សញ្ជាតិ ដូចជា ចិន​២៥៤​នាក់ (​ស្រី​១៨) ក្នុងនោះ តៃវ៉ាន់ ១៨២​នាក់ (​ស្រី​១៤), ម៉ាឡេស៊ី​៣០​នាក់ (​ស្រី​៣​នាក់​), វៀតណាម​២៣​នាក់ (​ស្រី​៩​នាក់​) និង​ឥណ្ឌា​២​នាក់ (​ស្រី​១​នាក់​)​។ សម្ភារ​បច្ចេកទេស ទូរស័ព្ទដៃ​៦១៥​គ្រឿង​, Laptop ១៤០​គ្រឿង​, All in One ៣១​គ្រឿង​, Monitor ៦​គ្រឿង និង​CPU ៣​គ្រឿង​។​

​ជនសង្ស័យ​ប្រើ​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា ប្រព្រឹត្ត​បទល្មើស​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ដូចជា​៖
-​អូសទាញ​ឲ្យ​វិនិយោគ (Investment Scams)
-​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោមរូបភាព​វិនិយោគ​ប្រើប្រាស់​ក្រុមហ៊ុន​ឈ្មោះ Nanhua Singapore ដែល​មាន​គោលដៅ​អតិថិជន​ទៅ​ប្រទេស​ម៉ាឡេស៊ី​
-​ឆបោក​លួងលោម​ទាក់ទង​នឹង​ការ​ល្បួង​ឲ្យ​វិនិយោគ​លើ​រូបិយប័ណ្ណ​ឌីជីថល (Crypto)
-​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​ក្លែងបន្លំ​ជា​មន្ត្រី​រដ្ឋាភិបាល​មាន​គោលដៅ​ទៅ​តៃវ៉ាន់​
-​ប្រើប្រាស់​គ្រឿងញៀន​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​

Leave a Reply

Your email address will not be published. Required fields are marked *