នាវា​ទេសចរណ៍​ខ្នាត​យក្ស VIKING VENUS នាំ​ភ្ញៀវ​បរទេស​ជិត​៩០០ នាក់ ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ នៅ ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៦ នេះ នាវា​ទេសចរណ៍​លំដាប់​អន្តរជាតិ​មួយ​គ្រឿង​ដែល​មានឈ្មោះ​ថា VIKING VENUS សញ្ជាតិ NORWAY បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដោយ​សុវត្ថិភាព ដើម្បី​នាំ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​មក​កម្សាន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការមកដល់​នៃ​នាវា VIKING VENUS នេះ បាន​នាំមក​នូវ​មនុស្ស​សរុប​ជិត ១,៤០០ នាក់ ភ្ញៀវទេសចរ សរុប​ចំនួន ៨៦១ នាក់ (​ស្រី ៤៥២ នាក់​) មាន ១៥ សញ្ជាតិ​។ ក្នុងនោះ ភ្ញៀវ​ដែល​មាន​ចំនួន​ច្រើនជាងគេ​គឺ​មកពី សហរដ្ឋអាមេរិក ដែល​មាន​រហូត​ដល់ ៧១២ នាក់​។

​នាវិក សរុប​ចំនួន ៤៧០ នាក់ (​ស្រី ៩៩ នាក់​) មាន ៤២ សញ្ជាតិ​។​នាវា​ដ៏​ស្កឹមស្កៃ​នេះ​មាន ប្រវែង​បណ្តោយ ២២៨,៣០ ម៉ែត្រ ទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ​ទឹក ៦,៦៥ ម៉ែត្រ​។​
​នាវា VIKING VENUS បាន​ចាកចេញ​ពី​ប្រទេស​ថៃ ក្នុង​គោលបំណង​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល ២ ថ្ងៃ​។

​អំឡុងពេល​ស្នាក់នៅ​នេះ ភ្ញៀវទេសចរ​នឹង​មាន​ឱកាស​ទៅ​កម្សាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​សំខាន់ៗ ទីប្រជុំជន និង​តំបន់ឆ្នេរ​ដ៏​ស្រស់ស្អាត​នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឈ្វេងយល់​ពី​វប្បធម៌ និង​ការរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​។​

​តាម​ការគ្រោងទុក នាវា​ទេសចរណ៍​នេះ​នឹង​ចាក​ចេញពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅវេលា​ម៉ោង ២០:០០ នាទី​យប់ ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៦ ដើម្បី​បន្ត​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម​។​

​ការ​ចូល​ចត​នៃ​នាវា​ទេសចរណ៍​ខ្នាត​ធំ​ជា​បន្តបន្ទាប់ ជា​សញ្ញា​វិជ្ជមាន​បង្ហាញ​ពី​ការ​ងើប​ឡើងវិញ​យ៉ាង​ខ្លាំងក្លា​នៃ​វិស័យ​ទេសចរណ៍​ផ្លូវទឹក​របស់​កម្ពុជា និង​ការជឿជាក់​របស់​អ្នកទេសចរ​អន្តរជាតិ​មក​លើ​សុវត្ថិភាព និង​ភាព​ទាក់ទាញ​នៃ​តំបន់ឆ្នេរ​របស់​កម្ពុជា​។

​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​រៀបចំ​ការទទួល​បដិ​សណ្ឋារ​កិច្ច និង​សម្របសម្រួល​ផ្នែក​សន្តិសុខ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវទេសចរ​ទាំងអស់​៕​

Leave a Reply

Your email address will not be published. Required fields are marked *