ជនជាតិ​ចិន​ចំនួន​៣៣៩​នាក់ ពាក់ព័ន្ធ​ករណី Online Scams ត្រូវ​បាន​បណ្ដេញចេញ​ពី​កម្ពុជា​

​នៅ​យប់​ថ្ងៃទី​៨ ឈានចូល​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៦ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​, ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ធ្វើ​ការបណ្តេញ​ជន​ជាតិចិន​សរុប​ចំនួន ៣៣៩​នាក់ ស្រី​១៣​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) និង​ករណី​លួច​ស្នាក់នៅ ធ្វើ​ការងារ​ខុសច្បាប់ ត្រូវ​បាន​បណ្ដេញចេញ​តាមរយៈ​យន្តហោះ​ពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​។​

​ការបណ្ដេញ​ចេញ​ជនជាតិ​បរទេស​ខាងលើនេះ គឺជា​ការអនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្ដេច​មហា​ប​រ​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការទទួល​ដឹកនាំ​តម្រង់ទិស​យ៉ាង​មុតមាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ ដើម្បី​ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការលើកលែង​នោះឡើយ ជាពិសេស​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូចជា​ការជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ណាមួយ​ហើយ​ត្រូវ​បាន​មាន​សេរីភាព និង​អាច​វិលត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​៕​

Leave a Reply

Your email address will not be published. Required fields are marked *