ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ​ថា សម្តេច​តេជោ ហ៊ុន សែន នាំមក​នូវ​សន្តិភាព និង​ធ្វើឱ្យ​ដំណើរការ​បោសសម្អាត​មីន​គ្មាន​ការភ័យខ្លាច និង​បង្កើត​នូវ​មូលដ្ឋាន​សម្រាប់​កម្ពុជា​ក្នុង​ការឈានទៅរក​អនាគត​ប្រកបដោយ​សុវត្ថិភាព និង​ការអភិវឌ្ឍ​

ខេ​ត្ត​ឧត្តរមានជ័យ​៖ នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​បោសសម្អាត​មីន​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម (NPMEC) ដែល​គាំទ្រ​គម្រោង​ដោយ​មូលនិធិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ស្ថិតក្នុង​ស្រុក​អង្លង់វែង និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។

​កម្មវិធី​នេះ ក៏​មាន​ការចូលរួម​ពី លោក ម៉េត មាស​ភក្តី អភិបាលរង​ខេត្ត តំណាង​របស់ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយក​ស្តីទី​នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​បោសសម្អាត​មីន​នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​ក្នុងឱកាស​នោះ តាងនាម​ឱ្យ​ប្រជាជន​កម្ពុជា និង​សហគមន៍​សកម្មភាព​មីន ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​សម្តែង​នូវ​ការដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​បិតា​ស្ថាបនិក​សន្តិភាព ដែល​បង្កើត​ឱ្យ​មាន​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ នេះ​ឡើង ក្នុង​គោលដៅ​ផ្តល់​នូវ​ដី​ប្រកបដោយ​សុវត្ថិភាព និង​បង្កើត​ស្នាមញញឹម​ជូន​ប្រជាជន​កម្ពុជា​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដែល​សម្តេច​តែងតែ​ចាត់​ទុក​ការងារ​បោសសម្អាត​មីន ជា​កិច្ចការ​អាទិភាព​មួយ​របស់​ជាតិ និង​បន្ត​គាំទ្រ​យ៉ាង​មុតមាំ​ដោយ​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ “​កម្ពុជា​មួយ​គ្មាន​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​”​។​

​ឯកឧត្តម​គូសបញ្ជាក់​ទៀត​ថា វឌ្ឍនភាព​សកម្មភាព​មីន​របស់​កម្ពុជា មិន​បាន​កើតឡើង​ដោយ​ចៃដន្យ​ទេ បើ​គ្មាន​សន្តិភាព​ពេល​លេញ​នៅ​កម្ពុជា ក្រោម​គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន​។

​សម្តេច​តេជោ បាន​នាំមក​នូវ​សន្តិភាព និង​បាន​ធ្វើឱ្យ​ដំណើរការ​បោសសម្អាត​មីន​ដោយ​ការភ័យខ្លាច ព្រមទាំង​បង្កើត​នូវ​មូលដ្ឋាន​សម្រាប់​កម្ពុជា​ក្នុង​ការឈានទៅរក​អនាគត​ប្រកបដោយ​សុវត្ថិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ឯកឧត្តម​បន្តទៀតថា ជាមួយនឹង​សមិទ្ធផល​សម្រេច​បាន​រយៈពេល​ជាង ៣០​ឆ្នាំ កន្លងទៅ បេសកកម្ម​រុករក​គ្រាប់​មីន​នៅ​តែ​បន្ត​នៅតាម​តំបន់​ដែល​អតីតកាល​បន្សល់ទុក ហើយ​សហគមន៍​ជា​ច្រើន​កំពុង​រង់ចាំ​សុវត្ថិភាព​។

​បន្ថែម​លើ​បញ្ហា​ប្រឈម​មីន​ដែល​នៅ​សេសសល់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការសោកស្តាយ និង​ចូលរួម​រំលែក​នូវ​ទុក្ខ​លំបាក​ជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​ទឹកដី​កម្ពុជា និង​កំពុង​ប្រឈម​នឹង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​បន្ថែមទៀត​។​

​ឯកឧត្តម​បាន​ជម្រាប​ប្រាប់​ប្រជាពលរដ្ឋ​ថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​យល់​យ៉ាង​ច្បាស់​ពី​ទុក្ខលំបាក​ទាំងនេះ និង​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បន្ត​យកចិត្តទុកដាក់​បន្ថែម​ដល់​ជីវភាព​រស់នៅ និង​ភាពសុខដុមរមនា​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​៕​

Leave a Reply

Your email address will not be published. Required fields are marked *