សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​អន​ឡាញ ក្នុង​បុរី​ប៉េង​ហួត ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​ជន​ជាតិចិន ១៩​នាក់​

កម្លាំងចម្រុះ នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ បាន​បន្ត​ប្រតិបត្តិការ​ចុះ បង្ក្រាប ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា online Scams មួយកន្លែង ស្ថិត​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ផ្ទះ​លេខ​១៤ ផ្លូវ M០៥ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ឃាត់​ជនជាតិ​ចិន​១៩​នាក់ និង​ដកហូត​សម្ភារៈ​ភស្តុតាង​រួមាន​: ទូរ​សព្ទ​ដៃ ១២៣​គ្រឿង​, កុំព្យូទ័រ All in One ០៨ គ្រឿង​, ម៉ូនីទ័​រ ០២ គ្រឿង , កុំព្យូទ័រ​យួរដៃ ០១​គ្រឿង​, CPU ០១​គ្រឿង មួក និង​ឯកសណ្ឋាន​ក្លែងបន្លំ​ជា​សមត្ថកិច្ច​ចិន ចំនួន ០៣ កំប្លេ ។​

​ប្រតិបត្តិកា​រ​បង្រាប កាល​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៦​នេះ ធ្វើឡើង ក្រោម​ការបញ្ជា​ដឹកនាំ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ច្បាប់​ដោយ​លោកស្រី ភី ស៊ី​ថង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​តាម​ការសន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​ជំនាញ ក្រុម​ជនសង្ស័យ​ទាំងនេះ បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ជាទី​តាំង​បង្កប់​ដើម្បី​ធ្វើ​សកម្មភាព​ឆបោក​តាម​អន​ឡាញ Online Scams ក្រោមរូបភាព​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង ជា​សមត្ថកិច្ច​ប្រទេស​ចិន​។​

​បច្ចុប្បន្ន​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង​ខាងលើនេះ ត្រូវបាន​ប្រគល់​ជូន​ស​ម​ត្ថ​កិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ និង​ឈាន​ទៅ​កំណត់​មុខសញ្ញា​មេខ្លោង​ពាក់ព័ន្ធ​ជា​បន្ត​ទៀត​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា​នៅត្រឹម​ខែមេសា ឆ្នាំ​២០២៦ ។

​សម្តេច​ធិបតី​បានបញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការប្រព្រឹត្ត​ការ​ឆបោក ឬ​បទ​ល្មើស​ឆ្លងដែន​ឡើយ​។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយណា​ដែល​នៅ​ពីក្រោយ​សកម្មភាព ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ទោសទណ្ឌ​ខ្ពស់បំផុត​ដោយ គ្មាន​ការយោគយល់ ឬ​ការអន្តរាគមន៍​ណាមួយ​ឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *