ធនាគារជាតិ​នៃ​កម្ពុជា​ប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​២០២៥ ជាមួយ​ធនាគារកណ្តាល​ឡាវ​

ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​២០២៥ ជាមួយ​ធនាគារកណ្តាល​ឡាវ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោកជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​លោកជំទាវ Bounkham Vorachit ទេសាភិបាល ធនាគារ​កណ្តាល​ឡាវ នា​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​។

​កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ធនាគារកណ្តាល​ទាំងពីរ សំដៅ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​។

​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ធនាគារ​កណ្តាល​ទាំងពីរ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ការអនុវត្ត​នយោបាយ​រូបិយវត្ថុ វឌ្ឍនភាព​នៃ​វិស័យ​ធនាគារ និង​ការគ្រប់គ្រង​អត្រា​ប្តូរ​ប្រាក់​នៃ​ប្រទេស​ទាំង​ពីរ​។

​បន្ថែម​លើ​នេះ ភាគី​ទាំងពីរ​បាន​ពិនិត្យ និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នា​ពេលកន្លងមក ជាពិសេស​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ និង​គម្រោង​អាទិភាព​សម្រាប់​បន្ត​កិច្ចសហប្រតិបត្តិការ​នា​ឆ្នាំ​ខាងមុខ​។

​បន្ទាប់ពី​កិច្ចប្រជុំ​នេះ លោកជំទាវ ទេសាភិបាល នៃ​ធនាគារ​កណ្ដាល​ទាំងពីរ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការទូទាត់​ឆ្លងដែន​តាម​ឃ្យូ​អ​រកូត ដំណាក់កាល​ទី​២ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ដើម្បី​លើកកម្ពស់​កិច្ចសហការ​រវាង ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូឌា (​ស៊ី​ប៊ីស៊ី​) និង ក្រុមហ៊ុន Lao Credit Information Company (LCIC) ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *