ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ ថា​ការគោរព​ក្រមសីលធម៌ វិជ្ជាជីវៈ គឺជា​កាតព្វកិច្ច​របស់​អ្នកសារព័ត៌មាន​គ្រប់រូប​ជាពិសេស​ក្នុង​ការផ្សាយ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​ថៃ​

ភ្នំពេញ​៖ ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា ការគោរព​ក្រមសីលធម៌ វិជ្ជាជីវៈ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន ដែល​ផ្តល់​សុវត្ថិភាព និង​ការពារ​ដល់​អ្នកសារព័ត៌មាន​ពី​ការ​ប្រឈម​ខាង​ផ្លូវច្បាប់​នានា​។

​ជាមួយគ្នានេះ ក្នុង​កាលៈទេសៈ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ អ្នកសារព័ត៌មាន និង​អ្នកអនុវត្ត​សកម្មភាព​ក្នុង​វិស័យ​សារព័ត៌មាន និង​សោតទស្សន៍​ទាំងអស់​ត្រូវ​គោរព​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន​ដោយ​មិន​ត្រូវ​ផ្សាយ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ការរក្សា​ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ឡើយ ខណៈពេល​ដែល​កម្ពុជា​កំពុង​ជួប​ការលំបាក​នេះ​។

​ក្នុងឱកាស​អញ្ជើញ​ជា​វាគ្មិន​កម្មវិធី​សន្ទនា​មតិ​ជីវិត​យើង សង្គម​យើង​នៃ​វិទ្យុជាតិ​កម្ពុជា​ក្រោម​ប្រធានបទ​ស្ដីពី «​ក្រមសីលធម៌​វិជ្ជាជីវៈ និង​សណ្ដាប់ធ្នាប់​សារព័ត៌មាន​» នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៥ ឯកឧត្ដម ទេព អ​ស្នារិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍​រម្លឹក​ដាស់​តឿ​ន និង​ជំរុញ​ទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ឱ្យ​បង្កើន​ការទទួលខុសត្រូវ ភាព​ម៉ត់ចត់ និង​ភាពស្មោះត្រង់​ក្នុង​ការបំពេញ​ភារកិច្ច​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​រក្សាបាន​នូវ​ភាពជឿជាក់ និង​ភាពត្រឹមត្រូវ​តាម​ស្មារតី​ច្បាប់​។​

​ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ ការប្រើ​ពាក្យ​អសុរោះ ជេរប្រមាទ ទាំង​តាមរយៈ​រូបភាព ឬ​ការអត្ថាធិប្បាយ ជា​ទង្វើ​ប្រាស​ចាស​ក្រមសីលធម៌ ដោយ​បំពាន​លើ​សិទ្ធិ​បុគ្គល ឬ​ការធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ ដែល​គឺជា​ទង្វើ​បំពាន​ច្បាប់​ជា​ធរមាន ហើយ​គេ​អាច​ប្តឹង​បាន ហើយ​អ្នកពាក់ព័ន្ធ​នឹង​ត្រូវ​ប្រឈម ផ្លូវច្បាប់​។

​រីឯ​ការផ្សាយ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម​ជា​ទង្វើ​ផ្ទុយ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ជា​ការបំពាន​ក្រមសីលធម៌​ធ្ងន់ធ្ងរ​» ។

​ឯកឧត្តម​បាន​បន្តថា អ្នកសារព័ត៌មាន​ត្រូវតែ​ស្វែង​យល់​ឱ្យបាន​ច្បាស់​ស៊ីជម្រៅ​អំពី​សិទិ្ធ ករណីយកិច្ច និង​ការទទួលខុសត្រូវ​របស់​ខ្លួន​ជា​អ្នកសារព័ត៌មាន និង​ត្រូវ​បន្ត​ដុសខាត់​ជំនាញ​និង​ពង្រឹងសមត្ថភាព បទពិសោធន៍​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​បំពេញ​តួនាទី​ដោយ​ក្រមសីលធម៌​ពេញលេញ បម្រើ​ដល់​ប្រយោជន៍​សាធារណៈ រួមចំណែក​លើកកម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​បាន​បន្ថែមថា អ្នកសារព័ត៌មាន និង​អ្នកអនុវត្ត​ក្នុង​វិស័យ​សារព័ត៌មាន និង​សោតទស្សន៍​ទាំងអស់​មាន​កាតព្វកិច្ច​គោរព​ប្រតិបត្តិ​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​របប​សារព័ត៌មាន ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ព្រម​ទាំង​ច្បាប់​និង​លិខិត​បទដ្ឋាន​ជា​ធរមាន ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ពេល​បំពេញការងារ កុំ​ឱ្យ​ការអនុវត្ត​សេរីភាព​ប្រាសចាក​ក្រមសីលធម៌ ទៅ​រំលោភ​បំពាន​លើ​សិទ្ធិ​ឯកជន កិត្តិយស សេចក្តីថ្លៃថ្នូរ​រប​ស់បុ​គ្គល ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។​

​ឯកឧត្ដម ទេព អ​ស្នារិ​ទ្ធ បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០២៥ នេះ ក្រសួង​បាន​ដោះស្រាយ​បណ្តឹង​ចំពោះ​អ្នកសារព័ត៌មាន​ប្រមាណ​៣០​ករណី ពាក់ព័ន្ធ​នឹង​ការ​មិន​ប្រតិបត្តិ​តាម​ក្រម​សីលធម៌ រំលោភ​លើ​ឯកជន​ភាព សិទ្ធិ​បុគ្គល បំពាន​ច្បាប់​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា​ការសម្របសម្រួល​ដោះស្រាយ​វិវាទ​ដោយ​ក្រសួង​ព័ត៌មាន​ទាំងនេះ​បាន​ផ្តល់​យុត្តិធម៌​ជូន​អ្នកសារព័ត៌មាន និង​ភាគី​ក្នុង​រឿង ព្រមទាំង​ការពារ​អ្នកកាសែត​ពី​ការ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​។ មិនតែប៉ុណ្ណោះ ក្រសួង​ក៏​បាន​ផ្តល់​មេធាវី​ការពារ​ក្តី​ជូន​អ្នកសារព័ត៌មាន​ផងដែរ សម្រាប់​ករណី​មួយ​ចំនួន​ដែល​បាន​ឡើង​ដល់​តុលាការ​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៥ មាន​អ្នកសារព័ត៌មាន ចំនួន ៨ ៧៣២ នាក់ ក្នុង​នោះ​ប្រមាណ​១៣% ជា​ស្ត្រី កំពុង​អនុវត្ត​ការងារ​របស់​ខ្លួន​ពេញលេញ ដោយ​ភាពស្របច្បាប់ ខណៈ​អង្គភាព​សារព័ត៌មាន ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​១ ៥៥២ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​បែប​ថ្មី​៕​

Leave a Reply

Your email address will not be published. Required fields are marked *