ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ឱ្យ​មន្ត្រី​បរិស្ថាន​ទូទាំង​រាជធានី​ខេត្ត​ទាំងអស់ ធ្វើការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​នាំ​ឈើ​ចេញពី​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ចូល​រោង​សិបកម្ម​កែឆ្នៃ​និង​ឡ​ដុត​ធ្យូង​ដោយ​ខុសច្បាប់​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជំរុញ​ឱ្យ​មន្ទីរ​បរិស្ថាន រាជធានី ខេត្ត​ទាំងអស់ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ព្រៃឈើ ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ជាពិសេស​មិន​អនុញ្ញាត​ឱ្យ​មាន​ការប្រើប្រាស់​ផល​អនុផល​ព្រៃឈើ កាប់​ចេញពី​តំបន់ការពារធម្មជាតិ ចូល​រោង​សិប្បកម្ម​, រោង​ស្តុក និង​ឡ​ដុត​ធ្យូង​ខុសច្បាប់​។

​ទន្ទឹមនឹងនេះ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ពី​ផលប៉ះពាល់​នៃ​ការបង្កើត​ឡធ្យូង និង​ការកាប់​ទន្ទ្រាន​ព្រៃ​យក​ដី និង​ការកាប់​ឈើ​ដឹកជញ្ជូន​ខុសច្បាប់ ក្នុង​តំបន់​ការពារ និង​ត្រូវ​ចូលរួម​សហការ​ទប់ស្កាត់​បទល្មើស​ក្នុង​តំបន់ការពារធម្មជាតិ​។

​ឯកឧត្តម​មាន​ប្រសាសន៍​បែប​នេះ នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន​លើកដំបូង សម្រាប់​ឆ្នាំ​ថ្មី នៅ​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០២៦ នា​ទីស្តីការ​ក្រសួង​បរិស្ថាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មន្ត្រី​នៅ​តាម​តំបន់ការពារធម្មជាតិ ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្រុង ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​, តាមដាន​, ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​, សត្វព្រៃ និង​ដី​ព្រៃឈើ​ឱ្យបាន​ទាន់​ពេលវេលា​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២៦ មន្ត្រី​ឧទ្យានុ​រក្ស រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​មូលដ្ឋាន បាន​ចុះ​ល្បាត​នៅក្នុង​តំបន់ការពារធម្មជាតិ និង​បាន​ធ្វើ​ការបង្ក្រាប​ឡ​ដុត​ធ្យូង ចំនួន​២​ទីតាំង ដែល​មាន​ឡធ្យូង​ចំនួន​៥​កន្លែង ត្រង់​ចំណុច​ស្រែ​ជើង​វ៉ាន់ និង​ចំណុច​ស្រែ​អញ្ចាញ​ម៉ាត់​អូរ​ព្រះ ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​។

​ប្រតិបត្តិការ​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ពង្រឹង​ការអនុវត្ត​ច្បាប់ ក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ធ្វើការ​ទប់ស្កាត់​និង​ប្រឆាំង​បទល្មើស​ធនធានធម្មជាតិ ពង្រឹង​ការអនុវត្ត​ច្បាប់ ជំរុញ​ការពង្រីក​គម្រប​បៃតង និង​ការអភិវឌ្ឍ​ជីវភាព​សហគមន៍​នៅតាម​តំបន់ការពារធម្មជាតិ​៕​

Leave a Reply

Your email address will not be published. Required fields are marked *