កម្ពុជា​រក​ចំណូល ពី​ការនាំចេញ​អង្ករ​បាន​ជាង ៦០០​លាន​ដុល្លារ ក្នុង​រយៈពេល​១​ឆ្នាំ​២០២៥

យោងតាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចេញផ្សាយ​ថ្ងៃ​អង្គារ​ទី​៦​មករា ឆ្នាំ​២០២៦ បាន​បង្ហាញ​ឲ្យដឹងថា ក្នុង​ឆ្នាំ​២០២៥ ចាប់ពី​ខែ​មករា ដល់​ធ្នូ កម្ពុជា​រក​ចំណូល​បាន​ពី​ការនាំ​ចេញ​អង្ករ ទៅ​ក្រៅប្រទេស​បាន​ប្រមាណ​៩៤០​ពាន់​តោន ទទួលបាន​ចំណូល​៦០២​លាន​ដុល្លារ​។​

​ក្នុង​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​ទៀត​ថា ការនាំ​ចេញ​អង្ករ​ឆ្នាំ​២០២៥ មាន​កំណើន​សរុប​ចំនួន​៤៥,៥៩​ភាគរយ និង​ការនាំចេញ​ស្រូវ មាន​កំណើន​សរុប​ចំនួន​៣២,៤៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤​។

​ក្នុងនោះ ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​៧៥​គោលដៅ និង​៦៨​ក្រុមហ៊ុន រួមមាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៨ បាន​ចំនួន​ជាង​២៧​ម៉ឺន​តោន ទទួលបាន​ចំណូល​ប្រមាណ​១១៧​លាន​ដុល្លារ​, ជិត​៤០​ម៉ឺន​តោន នាំចេញ​ទៅ​២៨​ប្រទេស​នៅក្នុង​ទ្វីបអឺរ៉ុប ទទួលបាន​២៥៨​លាន​ដុល្លារ​, ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​ស្វយ័ត ចំនួន​២៣​ម៉ឺន​តោន បាន​ប្រមាណ​១៣៨​លាន​ដុល្លារ និង​នាំចេញ​ទៅ​៣៧​ប្រទេស​ផ្សេងៗ​ទៀត នៅ​អាហ្វ្រិក មជ្ឈិម​បូព៌ា បាន​ចំនួន​ជាង​៩​ម៉ឺន​៦​ពាន់​តោន បាន​ចំណូល​៨៨​លាន​ដុល្លារ​។

​អង្ករ​ដែល​កម្ពុជា​នាំចេញ រួមមាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ អង្ករ​ស​គ្រាប់​វែង ចំហុយ សរីរាង្គ និង​អង្ករ​ប្រាក់​គ្រប់​ប្រភេទ ប៉ុន្តែ​អង្ករ​នាំ​ចេញ​បាន​ច្រើនជាងគេ គឺ​អង្ករ​ក្រអូប ដែល​បាន​នាំចេញ​ជា​ង​៦៤​ភាគរយ​។​

​អង្ករ​កម្ពុជា បានឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត ចំនួន​៧​លើក​មក​ហើយ ដោយ​លើក​ទី​១ ទទួល​បាន​កាលពី​ឆ្នាំ​២០១២, លើក​ទី​២ នៅ​ឆ្នាំ​២០១៣, លើក​ទី​៣ នៅ​ឆ្នាំ​២០១៤, លើក​ទី​៤ នៅ​ឆ្នាំ​២០១៨, លើក​ទី​៥ នៅ​ឆ្នាំ​២០២២, លើក​ទី​៦ នៅ​ឆ្នាំ​២០២៤, និង​ចុងក្រោយ​គឺ​នៅ​ឆ្នាំ​២០២៥៕​

Leave a Reply

Your email address will not be published. Required fields are marked *