ក្រុម​ការងារ​ចំពោះ​កិច្ច រៀបចំ និង​គ្រប់គ្រង​ការស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូតខាត​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ខេត្ត​បន្ទាយមានជ័យ​

​ឯកឧត្តម គីម វីរៈ អនុប្រធាន និង​ជា​អគ្គលេខាធិការ គ​.​ជ​.​គ​.​ម​. បាន​ចូលរួម​កិច្ចប្រជុំ​សិក្សា​វាយតម្លៃ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន​នានា ដែល​រង​ផល​ប៉ះពាល់​ពី​ការបាញ់​ផ្លោង​របស់​យោធា​ថៃ​កាលពី​ពេល​ថ្មីៗ​នេះ នៅក្នុង​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ច​ន ណា​រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច រៀបចំ និង​គ្រប់គ្រង​ការស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូតខាត​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។​

​កិច្ចប្រជុំ​ពិភាក្សា​ខាងលើ​បាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​  អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​សមាជិក​ក្រុម​ការងារ​ចំពោះ​កិច្ច​, ឯកឧត្តម ជា​ថ្នាក់ដឹកនាំ តំណាង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង​មន្ត្រី​បច្ចេកទេស​មួយ​ចំនួន​ផងដែរ ។​

​ក្នុង​បេសកកម្ម​នេះ​ដែរ​, ឯកឧត្តម ក៏បាន​ចូលរួម​ជាមួយ​ក្រុម​ការងា​រ​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​ដែល​កំពុង​ស្នាក់នៅ​បណ្តោះអាសន្ន​តាម​ជំរំ​សុវត្ថិភាព ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ជាពិសេស​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​របស់​ពួកគាត់​ត្រូវបាន​បំផ្លាញ​ដោយ​ការបាញ់​ផ្លោង​របស់​យោធា​ថៃ លើ​ដែន​អធិបតេយ្យ​កម្ពុជា ព្រមទាំង​បាន​ជួប​សួរសុខទុក្ខ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ នៅ​តាម​សាលារៀន​មួយចំនួន​ដែល​នៅ​កៀក​នឹង​តំបន់​រងគ្រោះ​ពី​ការទម្លាក់​គ្រាប់​ដោយ​យន្តហោះ​ចម្បាំង​របស់​ថៃ ផងដែរ​។​

​សូមបញ្ជាក់​ថា យោង​តាម​សេចក្តីសម្រេច​លេខ ១១៣ សសរ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ ស្តីពី​ការបង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​ការស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​, សមាសភាព​ក្រុម​ការងារ​ចំពោះ​កិច្ច​នេះ មាន​តួនាទី សិក្សា ពិនិត្យ និង​វាយតម្លៃ​លើ​ជីវភាព និង​ស្ថានភាព​ជាក់ស្តែង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូតខាត និង​តម្រូវការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ពី​ការឈ្លានពាន​របស់​ថៃ មកលើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​, សម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​លើ​ការងារ​រៀបចំ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​សម្រាប់​ការស្តារ​ជីវភាព និង​គម្រោង និង​/​ឬ​កម្មវិធី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត រួម​មាន​លំនៅដ្ឋាន​ពលរដ្ឋ សាលារៀន មូលដ្ឋាន​សុខាភិបាល​សាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធ​ទឹក​ស្អាត បណ្តាញ​អគ្គិសនី ជាដើម ដោយ​គិតគូរ​អំពី​ទំហំ​ខូចខាត និង​ទីតាំង​គោលដៅ​ជាក់លាក់ នៅក្នុង​ភូមិសាស្ត្រ​ដែល​រង​ការឈ្លានពាន​ពី​ថៃ និង​ការធ្វើ​អាទិ​ភាវូបនីយកម្ម​នៃ​ការងារ​ស្តារឡើងវិញ​, កំណត់​ទំហំ​ថវិកា និង​ធនធាន​តាម​តម្រូវការ​ចាំបាច់​ជាក់ស្តែង សម្រាប់​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​សម្រាប់​ការស្តារ​ជីវភាព និង​គម្រោង ឬ​កម្មវិធី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​កំណត់​, សម្របសម្រួល​ជាមួយ​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ ម្ចាស់ជំនួយ និង​វិស័យ​ឯកជន​នានា ក្នុងការ​កៀរគរ​នូវ​ធនធាន និង​ជំនួយ​បច្ចេកទេស​ក្នុង​ការអនុវត្ត​ការរៀបចំ និង​គ្រប់គ្រង​ការស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ពី​ការឈ្លានពាន​របស់​ថៃ​, រៀបចំ​យន្តការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​វិធានការ និង​សកម្មភាព​អន្តរាគមន៍​ដើម្បី​ធានា​ការស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចំ​គោលដៅ​, រៀបចំ​របាយការណ៍​លទ្ធផល​ការងារ ជូន​នាយករដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច និង អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការប្រគល់​ពី​រាជរដ្ឋាភិបាល​៕​

Leave a Reply

Your email address will not be published. Required fields are marked *