សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ចុះ​សួរសុខទុក្ខ​វីរ​យុទ្ធជន​រងរបួស និង​ពុល​ផ្សែង​ក្នុង​សមរភូមិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៤

បើទោះបីជា​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥​កន្លង​មក​ហើយ​ក៏​ដោយ ក៏​នៅ​មានវីរ​យុទ្ធជន​មួយចំនួន​នៅ​បន្ត​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​។ ក្នុង​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ពលិកម្ម​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ជាតិ​មាតុភូមិ​, នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៦​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ចំពោះ​វីរ​យុទ្ធជន​ការពារ​បូរណភាព​ទឹកដី​ដ៏​អង់អាច​ក្លាហាន​ដែល​រងរបួស និង​ពុល​ផ្សែង​ក្នុង​សមរភូមិ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​មន្ទីរពេទ្យ​យោធភូមិ​ភាព​ទី​៤​។

​នេះ​ជា​ការ​ចុះសួរសុខទុក្ខ​នៅ​តាម​មន្ទីរពេទ្យ​ជា​លើក​ទី​៥ របស់​អ្នក​ម្តាយ​មនុស្សធម៌ ដើម្បី​លើកទឹកចិត្ត ផ្តល់​ភាព​កក់ក្តៅ និង​ផ្តល់​ក្តីសង្ឃឹម​ដ៏​ធំធេង​ដល់​វីរ​យុទ្ធជន​ដ៏​អង់អាច​ក្លាហាន​របស់​យើង ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តែងតែ​មាន​ក្តីបារម្ភ ខ្វល់ខ្វាយ​គ្រប់​វិនាទី​ចំពោះ​សុខទុក្ខ​របស់​វីរ​យុទ្ធជន និង​ក្រុមគ្រួសារ ក៏ដូចជា​ប្រជាជន​រងគ្រោះ​និង​ងាយ​រងគ្រោះ​បំផុត​ដែល​កំពុង​ជួបប្រទះ​នូវ​ទុក្ខលំបាក​។​

​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន មាន​អារម្មណ៍​ក្ដុកក្ដួល រំជួលចិត្ត​ឥតឧបមា មាន​ក្តីអាណិតអាសូរ​ជា​ពន់ពេក​ដល់​វីរ​យុទ្ធជន​ដែល​បាន​ពលី និង​លះបង់​កម្លាំងកាយ​ចិត្ដ បំពេញ​ការងារ​ដោយ​បេះដូង និង​ឆន្ទៈ​ខ្ពស់បំផុត ក្នុង​ការការពារ​បូរណភាព​ទឹកដី លះបង់​ឈាម​ស្រស់ សាច់​ស្រស់ បូជា​ជូន​ជាតិ​មាតុភូមិ ដោយ​ក្តី​មោទនភាព​ជា​ទីបំផុត​។

​ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​ភរិយា និង​ក្រុមគ្រួសារ​របស់​វីរ​យុទ្ធជន ដែល​ពិតជា​មាន​ការលះបង់​ខ្ពស់​បំផុត​ឱ្យ​ស្វាមី​ទៅ​សមរភូមិ​មុខ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក៏​បាន​នាំនូវ​ព្រះរាជ​បណ្តាំ​ផ្តាំផ្ញើ​សួរសុខទុក្ខ ព្រះទ័យ​អាណិតអាសូរ ក្តីមេត្តា​ករុណា​ពី​សំណាក់ ព្រះករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជាពិសេស​ការគោរព​ស្ញប់ស្ញែង​ចំពោះ​ទឹកចិត្ត​ដ៏​អង់អាច​ក្លាហាន ហ៊ាន​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បូរណភាព​ទឹកដី​ជា​ទី​ស្នេហា​នៃ​យើង និង​សូម​ជូនពរ​ដល់​វីរ​យុទ្ធជន​គ្រប់រូប សូម​ឆាប់​បាន​ជាសះស្បើយ​ឡើងវិញ​។

​បន្ទាប់ពី​បាន​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​នៅ​តាម​បន្ទប់​និង​គ្រែ​នីមួយៗ​, វីរ​យុទ្ធជន និង​ក្រុមគ្រួសារ មាន​ក្តី​រំភើប​ឥតឧបមា ដោយ​ទទួល​បាន​ការ​ថ្នាក់ថ្នម​ដោយ​ភាពកក់ក្ដៅ ដែល​នេះ​ជា​ការផ្ដល់​កម្លាំងចិត្ដ​មួយ​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន សម្រាប់​វីរ​យុទ្ធជន​ទាំងអស់​។ ក្នុង​ឱកាស​ដ៏​រំភើប​នេះដែរ វីរ​យុទ្ធជន និង​ក្រុមគ្រួសារ បាន​លើកដៃ​ប្រណម្យ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ លើកទឹកចិត្ត និង​ផ្តល់​ក្តីសង្ឃឹម​ដ៏​ធំធេង​ដល់​ប្រជាជន​គ្រប់រូប ពោល​គឺ​ទីណា​ដែល​មាន​ទុក្ខ​លំបាក ទី​នោះ​គឺ​មាន​បេះដូង និង​ទឹកចិត្ដ​សង្គ្រោះ​របស់អ្នក​ម្ដាយ​មនុស្ស​ធម៌​។​

​វីរ​យុទ្ធជន​ទាំងអស់ និង​ក្រុមគ្រួសារ សូម​ប្រសិទ្ធពរ​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា ជន្មាយុ​យឺនយូរ ដើម្បី​ជា​ម្លប់​ដ៏​កក់ក្តៅ​ដល់​ប្រជាជន​កម្ពុជា ជា​រៀង​ដរាប​។​

​ជាមួយនឹង​ការ​ចុះសួរសុខទុក្ខ​នេះដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក៏បាន​នាំយក​អំណោយ​មនុស្សធម៌​រួម​មាន​គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន​ផ្តល់ជូន​វីរ​យុទ្ធជន​គ្រប់ៗ​រូប​ផង​ដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *