ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ជំរុញ​លើកទឹកចិត្ត​ដល់​បេក្ខជន និង​បេ​ក្ខ​នារី​ជ័យលាភី​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ ដើម្បី​យក​ចំណេះវិជ្ជា​មក​បំរើ​ប្រទេស​ខ្លួន​វិញ ហើយ​សូម​កុំ​ភ្លេច​ជាតិ​របស់​ខ្លួន គ្មាន​អ្វី​ដែល​ល្អ​ជាង​ជាតិ​ខ្លួនឯង​នោះទេ​

​ការខិតខំ​ប្រឹងប្រែង​សិក្សា​ឲ្យទទួល​បាន​លទ្ធផល​ល្អ គឺ​ដើម្បី​នាំយក​មក​នូវ​កិត្តិយស​ជូន​ខ្លួនឯង​ផ្ទាល់ ដល់​ក្រុមគ្រួសារ និង​ប្រទេសជាតិ​, ឯកឧត្តម រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដែរ​ថា នៅពេលដែល​យើង​ប្រព្រឹត្ត​ល្អ ធ្វើ​ល្អ ដូចជា​ធ្វើ​បុណ្យ​ឲ្យ​ឳ​ពុក ម្តាយ របស់​យើង​,​ពេលដែល​យើង​ខំ​ប្រឹងប្រែង​រៀនសូត្រ​សម្រេច​គោលបំណង​របស់​គាត់ គឺ​ដូចជា​ធ្វើ​បុណ្យ​កឋិន ៧​វត្ត​ជូន​គាត់ ហើយ​គាត់​សប្បាយចិត្ត​ណាស់​,
​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​អនុញ្ញាត​ឲ្យ​បេក្ខជន និង​បេ​ក្ខ​នារី​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​នូវែ​លសេ​ឡង់​សម្រាប់​ឆ្នាំ​សិក្សា​២០២៦-២០២៧ ចំនួន ៣២​រូប ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៦ នា​ទីស្តីការក្រសួង ដើម្បី​ជា​ពុទ្ធិ​បន្ថែម​ដល់​ការសិក្សា ការអភិវឌ្ឍ​ខ្លួន និង​ជា​ការលើកទឹកចិត្ត​ដល់​និស្សិត​ទាំងអស់គ្នា​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថ្លែងថា បេក្ខជន បេ​ក្ខ​នារី ជា​មន្ត្រីរាជការ និង​និស្សិត ដែល​ត្រូវ​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស​គឺ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់ និង​ជា​អ្នក​បន្តវេន ក្នុង​ការដឹកនាំ​ក្រសួង ស្ថាប័ន និង​ប្រទេសជាតិ ។​

​នៅក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​ធ្វើ​ការចែករំលែក​បទពិសោធន៍​សំខាន់ៗ​ពាក់​ពន្ធ័​ការសិក្សា​ស្រាវជ្រាវ និង​បរិបទ​បែបណា​ខ្លះ​ថា​តើ​ត្រូវធ្វើ​អ្វី​ដើម្បី​ចូលរួម​កសាង​ប្រទេស​ជាតិ​ឲ្យបាន​កាន់តែ​រីកចម្រើន​។​

​ឯកឧត្តម បាន​ធ្វើ​រំលឹក​ពី​ប្រវត្តិសាស្ត្រ​មួយចំនួន​ដែល​កម្ពុជា​បាន​ឆ្លងកាត់​ជាច្រើន​តាំងពី​សម័យ​សង្គ្រាម រហូតដល់​ប្រទេស​មាន​សុខសន្តិភាព ដោយ​ក្នុង​នោះ​បើ​ពិនិត្យ​មើល​អំពី​ធនធានមនុស្ស​របស់​កម្ពុជា​កាលពី​ឆ្នាំ​១៩៧៩ ស្ថានភាព​កាលនោះ គឺ​អ្នកចេះ​ច្រើន បង្រៀន​អ្នកចេះ​តិច ហើយ​អ្នក​ចេះ​តិច​បង្រៀន​អ្នក​អត់​ចេះ គឺ​ពិតជា​លំបាក ។

​ដំណាក់កាល​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣ គឺជា​ដំណាក់កាល​ពង្រឹង​ខ្លួន កសាង​ធនធានមនុស្ស ដោយ​ធ្វើ​យ៉ាង​មិច​ឲ្យមាន​អ្នកចេះដឹង​ច្រើន ។ ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨ ជា​ដំណាក់កាល​នៃ​ការពង្រីក​ការ​អភិ​វ​ឌ្ឈ​ធនធានមនុស្ស ។

​ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០២៣ គឺជា​ដំណាក់កាល​នៃ​ការពង្រឹង​បរិមាណ និង​គុណភាព ដែល​និយាយ​ពី​មូល​ធុន​មនុស្ស សំដៅលើ​មនុស្ស​ដែល​ជា​ធនធាន មានចំណេះដឹង មាន​សមត្ថភាព ស្នាដៃ និង​សុខភាព ។

​ដូច្នេះ​បើ​ពិនិត្យ​ជា​រួម​ក្នុង​ដំណើរ​រយៈពេល​ជាង ៤០​ឆ្នាំនេះ គឺ​កម្ពុជា​បាន​កសាង​ប្រទេស​ចាប់តាំងពី​បាតដៃ​ទទេ ព្រោះ​អ្នកចេះដឹង​ដែល​មាន​នៅ​មុន​ឆ្នាំ​១៩៧៩ ត្រូវបាន​ខ្មែរក្រហម​សំលាប់ចោល ។

​ឯកឧត្តម បាន​គូសបញ្ជាក់ថា ដោយ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​នាំ​ប្រទេស​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ បាន​កសាង​ធនធានមនុស្ស​បាន​យ៉ាងច្រើន ប្រកបដោយ​សមត្ថភាព​ខ្ពស់ ហើយ​សម្រាប់​បងប្អូន​ជា​និស្សិត បេក្ខជន និង​បេ​ក្ខ​នារី​ជ័យលាភី​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស​គឺ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​ដែល​ត្រូវ​ត្រឡប់​មក​ជួយ​ប្រទេស​ជាតិ​ខ្លួន​វិញ ។

​ដូច្នេះ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឲ្យបាន​ច្រើន សិក្សា​ដកស្រង់​បទពិសោធន៍​ប្រទេស​គេ​ក្នុង​កិច្ចការងារ ទ្រឹស្តី​ជា​រឿង​មួយ ប៉ុន្តែ​បទពិសោធន៍​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​អាច​យកមក​អនុវត្ត​ន៍​ការងារ​បាន​លឿន​សម្រាប់​យើង ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ផ្តាំផ្ញើ​ដល់​និស្សិត​ទាំងអស់ ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព ចំណេះវិជ្ជា ចំណេះ​ជំនាញ​ឲ្យ​ច្បាស់លាស់ ហើយ​ត្រូវមាន ភាពស្មោះត្រង់ ជំនឿ​ទុកចិត្ត និង​ការ​អំណត់​ព្យាយាម​ក្នុង​ការបំពេញ​កិច្ចការងារ ។

​ជាមួយគ្នានេះ​ដែរ​ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ពង្រឹង សាមគ្គីភាព ក្នុងនាម​ជាតិ​សាសន៍​តែមួយ រក្សា​ក្តេរ៍​ឈ្មោះ និង​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ ពិសេស​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ដើម្បី​យក​ចំណេះវិជ្ជា​មក​បំរើ​ប្រទេស​ខ្លួន​វិញ ។

​ឯកឧត្តម រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​យុវជន​ដែល​ជា​អ្នក​បន្តវេន សូម​កុំ​បំផ្លាញ​នូវ​អ្វី​ដែល​ជា​សមិទ្ធិផល​របស់​អ្នកចាស់​ខិតខំ​កសាង និង​រក្សា​បាន​នាពេល​បច្ចុប្បន្ន​នេះ “ រក្សា​ចាស់ បង្កើត​ថ្មី “ ។​

​តាម​ការបញ្ជាក់​របស់​តំណាង​បេក្ខជន និង​បេ​ក្ខ​នារី​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​នូវែ​លសេ​ឡង់​សម្រាប់​ឆ្នាំ​សិក្សា​២០២៦-២០២៧ គឺ​មាន​ចំនួន ៣២​រូប ដែល​ត្រូវ​សិក្សា​ថ្នាក់អនុបណ្ឌិត ២៨​រូប និង​ថ្នាក់​បណ្ឌិត ៤​រូប ។

​ក្នុង​ឆ្នាំ​សិក្សា ២០២៦-២០២៧ នេះដែរ រដ្ឋាភិបាល​នូវែល​សេឡ​ង់​បាន​សម្រេច​ផ្តល់​អាហារូបករណ៍​ថ្នាក់ ក្រោយ​ឧត្តម​សិក្សាដ​ល់​បេក្ខជន​-​បេ​ក្ខ​នារី លើ​មុខវិជ្ជា​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​និង​បរិស្ថាន ការគ្រប់គ្រង​គ្រោះមហន្តរាយ សន្តិសុខ​ស្បៀង​អាហារ​និង​កសិកម្ម ថាមពល​កកើត​ឡើងវិញ អភិបាលកិច្ច និង ការបង្រៀន​ភាសា​អង់គ្លេស ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។

​បន្ទាប់​ពី បញ្ចប់​ការសិក្សា និស្សិត​ជ័យលាភី​ទាំងអស់​នឹង​ត្រូវ​ត្រលប់​មក​បម្រើ​ជាតិ​មាតុភូមិ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ស្រប​តាម​យុទ្ធសាស្ត្រ បញ្ច​កោណ និង​សក្តានុពល​ជំនាញ​រៀងៗ​ខ្លួន​៕​

Leave a Reply

Your email address will not be published. Required fields are marked *