ក្រសួង​ការងារ​នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​នា​ដើម​ខែ​វិច្ឆិកា ខាងមុខនេះ ដោយ​នាំយក​ឱកាស​ការងារ​ជាង ៣​ម៉ឺន​កន្លែង​

ភ្នំពេញ​៖ កម្មវិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៥ នឹង​រៀបចំ​ឡើង​រយៈពេល ២​ថ្ងៃ ចាប់ពី ថ្ងៃទី​១-២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សាល​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​នេះ​នឹង​រៀបចំ​ឡើង​ក្រោម​ប្រធានបទ «​វិថី​ឆ្ពោះទៅរក​ផលិតភាព ផ្សារភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​»​។​

​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៥ ត្រូវ​បាន​សហការ​រៀប​ចំ​ឡើង ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា និង​ទទួលបាន​ការគាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​(SDF) សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​២២ ខែ​តុលា​នេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៥​នេះ មាន​ការចូលរួម​ពី​សំណាក់​ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ចំនួន​ប្រមាណ ១៥០ ហើយ​មាន​ស្តង់​សរុប​ជាង ១៨០ ដែល​នឹង​ដាក់​តាំង​បង្ហាញ​ពី​ឱកាស​ការងារ​យ៉ាង​ច្រើន​សំបូរបែប ដែល​នឹង​ផ្តល់​ឱកាស​ការងារ​រហូត​ដល់​ជាង ៣​ម៉ឺន កន្លែង ដោយ​ក្រសួង​រំពឹងថា​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង ៥ ម៉ឺន​នាក់​។​

​ឯកឧត្តម អ្នកនាំពាក្យ​បញ្ជាក់ទៀតថា គោលបំណង​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​នាពេលនេះ គឺ​ដើម្បី​បន្ត​រក្សា​តុល្យភាព​ក្នុង​ទីផ្សារ​ការងារ​តាមរយៈ​ការជួយជ្រោមជ្រែង​និយោជក​ដែលមាន​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​អ្នកស្វែងរក​ការងារ បង្កើត​ឱ្យមាន​កន្លែង​ជួបជុំគ្នា​ដ៏​ធំ និង​ងាយស្រួល​រវាង​អ្នក​ស្វែងរក​ការងារ និយោជក អ្នក​ផ្តល់​ការអប់រំ​បណ្ដុះបណ្ដាល និង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ និង​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ ហើយក៏​មាន​ការរៀបចំ​ផង​ដែល​នូវ​សិក្ខាសាលា​ផលិតភាព​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ស្តីពី​ការ​បង្កើន​ផលិតភាព​ការងារ​ដោយ​មាន​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ពី​វាគ្មិន​ជំនាញ​ជា​ច្រើន​។​

​លោក សន ប៊ុន​មាន ប្រធាន​លេខាធិការដ្ឋាន​សហភាព​ស​ហ​ពន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ បាន​ធ្វើ​ជា​ដៃគូ​ជាមួយនឹង NEA ចាប់តាំងពី​ពិ​ព័​រណ៌​ការងារ​ចាប់ផ្តើ​ម​ជា​លើកដំបូង​មក ហើយ​តែងតែ​ជួយ​ផ្សព្វផ្សាយ​ដើម្បី​ជំរុញ​ឲ្យមាន​ការចូល​រួម​កាន់តែ​ច្រើន​តាមរយៈ​បណ្តាញ ស​.​ស​.​យ​.​ក​. នៅ​ទូទាំង​ប្រទេស​ផងដែរ​។​

​លោក​ចាត់​ទុក​ពិព័រណ៍​ការងារ​នេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​យុវជន​ទៅ​ស្វែងរក​ការងារ និង​ស្វែងយល់​ពី​តម្រូវការ​ជំនាញ​ក្នុង​ទីផ្សារការងារ ហើយ​លោក​ក៏​បាន​អំពាវ​នា​ដល់​យុវជន​ទាំង​អស់ ឲ្យ​រៀបចំ CV ឲ្យបាន​ច្រើន​ដើម្បី​ដាក់​ពាក្យ និង​សម្ភាស​ការងារ​ភ្លាមៗ​នៅក្នុង​ពិព័រណ៍​រយៈពេល ២​ថ្ងៃ នេះ​ផង​ដែរ​។​

​លោក លោក លី តិក​ហេង តំណាង​សមាគម TAFTAC បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ផលិតភាព​ការងារ​នៅក្នុង​ទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន​ផងដែរ ដោយ​លោក​បញ្ជាក់ថា ការរៀបចំ​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​នេះ គឺ​មិន​អាច​មិន​គិត​ពី​ប្រធានបទ​ផលិតភាព​ការងារ​បាន​ទេ ព្រោះ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ដែល​ជ្រើសរើស​បុគ្គលិក​មក​ធ្វើការ គឺ​តែងតែ​យកចិត្តទុកដាក់​លើ​ផលិតភាព​ការងារ​របស់​បុគ្គលិក​ខ្លួន​។​

​លោក​បន្តថា ពិព័រណ៍​ការងារ នឹង​មាន​ការរៀបចំ​ជា​សិក្ខាសាលា​ផលិតភាព​ដែល​នឹង​ផ្តោត​លើ​ប្រធានបទ «​វិថី​ឆ្ពោះទៅរក​ផលិតភាព​៖ ផ្សារភ្ជាប់​ជំនាញ បច្ចេកវិទ្យា និង​ឱកាស​ការងារ​»​ដែល​នឹង​មាន​ការចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ជុំវិញ​ប្រធានបទ​ផលិតភាព​ពី​សំណាក់​វាគ្មិន​ជំនាញ​ជា​ច្រើន​រូប​ផងដែរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ​លេខ​ទូរ​សព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់​ក្រសួង​ការងារ ១២៩៧ ឬ ១២៨៦៕

Leave a Reply

Your email address will not be published. Required fields are marked *