​កិច្ចសន្ទនា​លើក​ទី​៣ រវាង​រដ្ឋ​និង​វិស័យ​ឯកជន កម្ពុជា​-​សហភាព​អឺរ៉ុប The 3rd Cambodia-Europe Public-Private Sector Dialogue

​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួមជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចសន្ទនា​លើក​ទី​៣ រវាង​រដ្ឋ​និង​វិស័យ​ឯកជន កម្ពុជា​-​សហភាព​អ៊ឺរ៉ុប ដោយ​មាន​ការចូលរួម​ពី លោក Gabriele Faja ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​(EuroCham) ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​, តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​សហភាព​អ៊ឺរ៉ុប​-​អាស៊ាន (EU-ABC), វិស័យ​ឯកជន និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​។​

​កិច្ចសន្ទនា​លើក​ទី​៣ រវាង​រដ្ឋ​និង​វិស័យ​ឯកជន កម្ពុជា​-​សហភាព​អឺរ៉ុប នា​ព្រឹក​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​តាមរបៀប​វារៈ​ដែល​បាន​គ្រោងទុក ដោយ​បាន​លើកយក​ប្រធានបទ​ជា​អាទិភាព​មក​ពិភាក្សា​យ៉ាង​ផុសផុល​ពាក់ព័ន្ធ​នឹង​បរិយាកាស​វិនិយោគ និង​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា របស់​វិនិយោគិន​អឺរ៉ុប សំដៅ​បន្ត​ពង្រឹង​វឌ្ឍនភាព​ដែល​សម្រេចបាន​នៅ​ក្នុង​កិច្ចប្រជុំ​ពីរ​លើក​កន្លងមក​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ទៅកាន់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​, លោក​ប្រធាន EuroCham, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ប្រទេស​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​, តំណាង​ក្រសួង​ស្ថាប័ន​, តំណាង​វិស័យ​ឯកជន​អឺរ៉ុប ដែល​បាន​អញ្ជើញ​ចូលរួម​យ៉ាង​កុះករ​នា​ឱកាស​នេះ និង​បាន​ថ្លែងអំណរគុណ​ទៅកាន់​វិនិយោគិន​មក​ពី​សហភាព​អឺរ៉ុប​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា និង​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច ក៏ដូចជា​ទំហំ​វិនិយោគ​របស់​ខ្លួន​ជា​បន្តបន្ទាប់​។​

​តាមរយៈ​វេទិកា​នៃ​កិច្ចសន្ទនា​នា​ព្រឹក​នេះ តំណាង​វិនិយោគិន​អ៊ឺរ៉ុប​បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​ជា​វិជ្ជមាន ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជា​សេនាធិការ​។

​ជាមួយគ្នានេះ ពួកគេ​ក៏​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការទទួល​ស្តាប់​ពី​បញ្ហា​ប្រឈម និង​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់ ពិសេស​ជាមួយ​នឹង​បទពិសោធន៍​ដែល​ធ្លាប់​ទទួលបាន​ការឆ្លើយ​តប ក៏​ដូច​ជា​ដំណោះស្រាយ​នានា បន្ទាប់ពី​បាន​លើកឡើង​នៅ​កិច្ចប្រជុំ​ទាំង​២​លើក​កន្លងមក​៕​

Leave a Reply

Your email address will not be published. Required fields are marked *