សម្តេច​តេជោ ហ៊ុន សែន​៖​តាំងពី​ក្រោយ​សេចក្តីថ្លែងការណ៍​សន្កិភាព​រវាង​កម្ពុជា​-​ថៃ ត្រូវបាន​ចុះហត្ថលេខា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ ក្រោម​ការជួយ​រៀបចំ​របស់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៉ី ដែល​ជា​ប្រធាន​អាស៊ាន និង​ប្រធានាធិបតី​សន្តិភាព​របស់​អាមេរិក ដូ​ណា​ល់ ត្រាំ​

​សម្តេច​តេជោ ហ៊ុន សែន​៖​តាំងពី​ក្រោយ​សេចក្តីថ្លែងការណ៍​សន្កិភាព​រវាង​កម្ពុជា​-​ថៃ ត្រូវបាន​ចុះហត្ថលេខា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ ក្រោម​ការជួយ​រៀបចំ​របស់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៉ី ដែល​ជា​ប្រធាន​អាស៊ាន និង​ប្រធានាធិបតី​សន្តិភាព​របស់​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​យើង​ពិនិត្យ​ឃើញថា មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​តាំងពីការ​ប្រជុំ JBC.RBC រហូត​ដល់​ការដក​អាវុធ​ធុន​ធ្ងន់​ជំហាន​ដំបូង​ចេញពី​តំបន់​ជម្លោះ ដោយ​មាន​ការត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​របស់​ក្រុម​សង្កេតការណ៍​អាស៊ាន (AOT) ។ នេះ​ជា​ដំណើរ​ឆ្ពោះ​ទៅរក​ការបញ្ចប់ ឬ​បន្ថយ​អរិយ​ភាព​រវាង​ប្រទេស​ទាំង​ពីរ ដែល​យើង​ត្រូវ​ចូលរួម​អបអរសាទរ​។​

​ជាមួយនឹង​ការសម្តែង​ការរីករាយ ខ្ញុំ​មាន​ការចាំបាច់​ជម្រាប​ជូន​ប្រជាជន​កម្ពុជា​កុំ​យល់ច្រឡំ​រឿង​បើក​ច្រក​ព្រំដែន​កម្ពុជា​ថៃ​ឡើងវិញ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ ថ្នាក់ដឹកនាំ​ថៃ​មួយចំនួន​បាន​យក​រឿង​បើក​ច្រកព្រំដែន​ឡើងវិញ​នេះ​មក​និយាយ​យ៉ាង​ច្រើន ដែល​ប្រហែល​ក្លាយជា​ប្រធានបទ​សម្រាប់​ឃោសនាបោះឆ្នោត នា​ពេល​ខាង​មុខ​នៅ​ថៃ​ទៀត​ផង​។​

​ការ​ដែល​ថ្នាក់ដឹកនាំ​ថៃ​រាប់ទាំង​នាយករដ្ឋមន្ត្រី​ថៃ​ផង​និយាយ​រឿង​បើក​ច្រកព្រំដែន​ច្រើន​បែប​នេះ បង្ក​ឲ្យមាន​ការយល់ច្រ​ឡំ​ក្នុងចំណោម​ប្រជាជន​កម្ពុជា ឬ​ប្រជាជន​ថៃ​ថា ភាគី​កម្ពុជា​ជា​អ្នក​ទៅសុំ​ភាគី​ថៃ​ឲ្យ​បើក​ច្រក​ឡើង​វិញ​។ ខ្ញុំ​ពិតជា​មិន​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​ទាន​ដំណេក​ជាមួយ​ការយល់ច្រឡំ​នោះទេ​។

​សម្រាប់​ប្រជាជន​ថៃ​គឺជា​រឿង​របស់​ថៃ​ដែល​អាច​ត្រូវបាន​បោកប្រាស់​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ ដែល​ការបើក​ច្រកព្រំដែន​ក្លាយជា​ប្រធានបទ​ឃោសនាបោះឆ្នោត​ផងដែរ​។​

​សម្រាប់​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​បញ្ជាក់​ឡើងវិញ​ថា តាំង​ពី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​ជា​ឯកតោភាគី​មក កម្ពុជា​មិន​ដែល​បាន​ទៅសុំ​ថៃ​ឲ្យ​បើក​ច្រក​ឡើង​វិញ​នោះទេ​។​

​ថៃ​អាច​បន្ត​បិទ​១០០​ឆ្នាំ ឬ​៥០០​ឆ្នាំ​ទៀត​ក៏​ជា​រឿង​របស់​ថៃ ព្រោះ​កូនសោ​ស្ថិត​ក្នុង​ដៃ​របស់​ថៃ​។ ការបិទ​កន្លងមក​នេះ​មិន​ធ្វើឲ្យ​កម្ពុជា​ស្លាប់​នោះ​ទេ តែ​ផ្ទុយទៅវិញ​
​ធ្វើឲ្យ​ទំនិញ​ក្នុងស្រុក​ចូល​មក​ជំនួ​ស​ទំនិញ​ថៃ ដែល​នោះ​គឺជា​ឱកាស​ជម្រុញ​ផលិតកម្ម​ក្នុងស្រុ​កឲ្យកើនឡើង​។​

​ខ្ញុំ​បាន​និយាយប្រាប់​ប្រតិភូ​មិត្តភក្តិ​បរទេស​ថា ថៃ​បិទ​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា​មិនមែន​គ្រាន់តែ​កាត់ផ្តាច់​ការតភ្ជាប់រ​វា​ង​កម្ពុជា​-​ថៃ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​
​កាត់ផ្តាច់​ការតភ្ជាប់​អាស៊ាន និង​អាស៉ី​ផង​ដែរ​។ ឯណា​ទៅ​ហាយវេ​អាស៊ាន ផ្លូវដែក​អាស៊ាន និង​ហាយ​វេ​អាស៉ី​?

​សង្ឃឹម​ថា​សារ​នេះ​នឹង​បាន​ទៅ​ដល់​ថ្នាក់​នាំ​ថៃ និង​ប្រជាជន​ថៃ​ថា កម្ពុជា​មិន​ទៅសុំ​ថៃ​បើក​ច្រក​ព្រំដែន​វិញ​ទេ និង​សង្ឃឹមថា​ប្រជាជន​កម្ពុជា​មិន​យល់ច្រឡំ​ថា ថ្នាក់​ដឹកនាំ​កម្ពុជា​ធ្វើ​ថោក​ទៅសុំ​ថៃ​ឲ្យ​បើក​ច្រក​ព្រំដែន​វិញ​នោះដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *