កម្ពុជា​-​វៀតណាម រៀបចំ​ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ព្រំដែន​លើក​ទី​២ និង​លំ​ហាត់​សុខាភិបាល​យោធា​រួមគ្នា​

ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ព្រំដែន កម្ពុជា​-​វៀតណាម លើក​ទី​២ និង លំ​ហាត់​សុខាភិបាល​យោធា​រួមគ្នា រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រព្រឹត្តទៅ​ក្នុង​អំឡុង ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​មាន​គោលបំណង​ចម្បង​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី ការកសាង​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រជាជន​ទាំង​ពីរ​។​

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​នេះ ក្រុមគ្រូពេទ្យ​កងទ័ព​វៀតណាម​បាន​រៀបចំ​សកម្មភាព​មនុស្សធម៌ ដោយ​ផ្តល់​សកម្មភាព​ពិនិត្យ​ព្យាបាល​ជំងឺ និង​ផ្ដល់​ថ្នាំ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា នៅ​មណ្ឌល​សុខភាព​គគី​សោម ឃុំ​គគី​សោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង មាន​ការអញ្ជើញ​ចូលរួម​ពី លោក ជា ហ៊​ន អភិបាលស្រុក​ស្វាយ​ទាប​លោក​ឧត្តមសេនីយ៍ត្រី ត្រឹង ចុង​ក្រឿង អនុប្រធាន​នាយកដ្ឋាន​យោធា​ពេទ្យ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​វៀតណាម​ជាច្រើនរូប​ទៀត​។​

​លោក ជា ហ៊​ន អភិបាលស្រុក​ស្វាយ​ទាប បាន​មានប្រសាសន៍ថា​÷ ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១,១០០ នាក់ មកពី ៩​ឃុំ នៃ​ស្រុក​ស្វាយទាប ត្រូវបាន​រៀបចំ​សម្រាប់​ចូលរួម​ពិនិត្យ​ព្យាបាល​ជំងឺ និង​ផ្ដល់​ថ្នាំ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ន​កម្ពុជា ហើយ​ប្រភេទ​ជំងឺ​ដែល​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ជូន​ដូចជា ឈឺក្រពះ​ពោះវៀន ឈឺភ្នែក ឈឺ​ត្រចៀក បំពង់ក ជាដើម ។

​លោក​បន្ត​ថា​សកម្មភាព​ទាំងនេះ​ពិតជា​បាន​បង្ហាញឲ្យឃើញពី​មនោសញ្ចេតនា​ស្រលាញ់​រាប់​អាន​ក្នុង​ស្មារតី​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ពិធី​ជា​ផ្លូវការ​នៃ​ជំនួប​ប្រាស្រ័យ​មិត្តភាព​នេះ នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម​។​

​នៅក្នុង​ក្របខណ្ឌ​នៃ​ពិធី​នេះ​មាន​កម្មវិធី​អម​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី ០៥ ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុងនោះ​រួមមាន​៖
• ពិធី​លាបថ្នាំ​បង្គោល​ព្រំដែន​។​
• ការដាំ​ដើមឈើ​មិត្តភាព​។​
• ការត្រួតពិនិត្យ​ល្បាត​ព្រំដែន​រួមគ្នា​។​
• ការធ្វើ​លំ​ហាត់​សុខាភិបាល​យោធា​រួម​គ្នា​រវាង​កងទ័ព​ទាំងពីរ​។​
• ការពិនិត្យ​សុខភាព ព្យាបាល​ជំងឺ និង​ផ្តល់​ថ្នាំពេទ្យ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​។​
• ការផ្លាស់ប្តូរ​ទស្សនកិច្ច​នាយទាហាន​វ័យក្មេង​។​
• ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ សាលាបឋមសិក្សា សាំង សុវណ្ណ​។​

​ពិធី​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​កងទ័ព និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការថែរក្សា​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង រួមចំណែក​ដល់​សន្តិភាព និង​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *