ទេសចរ​”​បង្ហាញ​ក្តីរំភើប​”​ពេល​ឃើញ​រមណីយដ្ឋាន​អង្គរ​មាន​ភ្ញៀវទេសចរ​មក​ទស្សនា​ច្រើន​កុះក​រនា​ថ្ងៃ​បុណ្យ​អុំទូក​បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​

នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្ដែតប្រទីប​និង​សំពះ​ព្រះ​ខែ គឺ​មាន​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​រាប់ម៉ឺន​នាក់​។ ចំណោម​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​តំបន់​អង្គរ ដែល​ហាក់ដូចជា​មាន​ការ​ណាត់​ជួបជុំ​មហា​គ្រួសារ​ខ្មែរ​នៅលើ​ទឹកដី​ពិសិដ្ឋ​នេះ គឺ​មាន​ខ្លះ​ទើបតែ​បាន​មក​ទស្សនា​លើកដំបូង​នៅ​ក្នុង​ឆាកជីវិត​របស់​ពួកគេ​។​

​យុវជន​ម្នាក់ មកពី​ខេត្ត​កំពង់ស្ពឺ ដែល​ទើបតែ​មក​ទស្សនា​អង្គរ​លើក​ដំបូង​ក្នុង​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​នៃ​ថ្ងៃ​បុណ្យ​ជាតិ បានបង្ហាញ​អារម្មណ៍​រំភើប​នៅពេល​ឃើញ​សំណង់​ប្រាសាទ​បុរាណ​ដ៏​អច្ឆរិយៈ និង​ទេសភាព​វាលស្មៅ ព្រមទាំង​រុក្ខជាតិ​ពណ៌​បៃតង​ដ៏​ស្រស់បំព្រង​យ៉ាង​ស្រស់ស្អាត​។​

​លោក ឃី សុខ ដែល​មក​ទស្សនា​តំបន់​អង្គរ ម្នាក់ទៀត ក៏​មាន​អារម្មណ៍​រំភើប​នៅពេល​ឃើញ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ មកលេង​អង្គរ​នៅ​ថ្ងៃ ឈប់សម្រាក​រយៈពេល​៣​ថ្ងៃនេះ​ដែរ​។

​ដោយសារ​តែ​រយៈ​នៃ​ថ្ងៃបុណ្យ​ប្រពៃ​ជាតិ នេះ​មាន​មនុស្ស​ជាច្រើន បើកបរ​យានយន្ត​គ្រប់​ប្រភេទ ចូល​ទៅ​ទស្សនា​តំបន់​អង្គរ គឺ​លោក ឃី សុខ ក៏​សូមឱ្យ​អ្នក​ដែល​មក​ទស្សនា​អង្គរ​ទាំងអស់ ត្រូវ​ចេះ​យោគយល់​និង​អធ្យាស្រ័យ​ដល់​គ្នា ព្រមទាំង​ថែរក្សា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ដោយ​ប្រុងប្រយ័ត្ន ឬ​ដើរ​ប្រជ្រៀត​គ្នា​នៅ​តាម​ចំណុច​ឬ​ទីតាំង​ណា​ដែល​មាន​មនុស្ស​កកកុញ​ខ្លាំង​។​

​ចំណែក​លោកយាយ ផុន រ៉េត អាយុ​៧៤​ឆ្នាំ ជា​ពលរដ្ឋ​មកពី​ខេត្ត​កណ្តាល ប្រសាសន៍​ថា​គាត់ ធ្លាប់បាន​មក​ទស្សនា​អង្គរ​ចំនួន​បួន​លើក​មក​ហើយ​។

​លោកយាយ​បន្ថែមថា ពេល​មក​ទស្សនា​អង្គរ​លើក​នេះ ឃើញ​ថា​ទេសភាព​វាលស្មៅ ព្រៃឈើ ព្រមទាំង​ផ្លូវ​ដើរ​ថ្មើជើង​កាន់តែ​មាន​ភាពស្រស់ស្អា​ត មាន​របៀបរៀបរយ ស្រួល​ធ្វើដំណើរ​ទស្សនា​ជាង​មុន ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ការរៀបចំ​កែលំអ​បាន​យ៉ាង​ល្អ​។

​លោកយាយ បញ្ជាក់ទៀតថា នេះ​ជា​លើក​ទី​១​ការ​ដែល​មក​ទស្សនា​អង្គរ​ចំពេល​ថ្ងៃបុណ្យ​មាន​មនុស្ស​ច្រើន​កុះករ ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​សប្បាយរីករាយ​ប្លែក​ខុសពី​ពេលមុនៗ​។ លោកយាយ ក៏​បាន​ស្នើសុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មក​ទស្សនា​អង្គរ​ក្នុង​ពិធីបុណ្យ​ឆ្នាំនេះ ជួយ​ថែរក្សា​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ព្រោះ​ប្រាង្គ​ប្រាសាទ​ជាទី​សក្ការៈ​។​

​គ្រូបង្រៀន​ម្នាក់ទៀត ដែល​មក​ពី​សាលា​ប៊ែល​ធី នៃ​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា​គាត់​ទើប​តែ​បាន​មក​ឃើញ​អង្គរវត្ត​ជា​លើក​ដំបូង​នៃ​ជីវិត​។ លោក​បាន​បង្ហាញ​អារម្មណ៍​រីករាយ និង​ត្រេកអរ​ព្រមទាំង​ស្ញប់ស្ញែង​ជាង​ខ្លាំង នៅពេល​ឃើញ​ប្រាង្គ​ប្រាសាទ​បុរាណ​ដ៏​អស្ចារ្យ ព្រម​ទាំង​នៅ​តំបន់​អង្គរ​មាន​បរិស្ថាន​ស្រស់ស្អាត ដែល​ស័ក្តិសម​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

​ទេសចរ​រូបនេះ អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ទេសចរ​គ្រប់រូប ជួយ​ចូលរួម​ថែរក្សា​បរិស្ថាន រក្សា​សណ្តាប់ធ្នាប់ ដោយ​ចោល​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​បំណង​រួមគ្នា​ជួយ​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *