ក្រសួង​ប្រៃសណីយ៍​ជួប​ជាមួយ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​ប្រៃសណីយ៍ ជំរុញ​ឱ្យ​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ដើម្បី​ឈាន​ទៅ​ទទួលបាន​អត្ថប្រយោជន៍​នានា​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ការយល់ដឹង ស្ដីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។​

​សិក្ខាសាលា​នេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ ២០២៥​នេះ ក្រោម​អធិបតីភាព ឯកឧត្តម សូ វិសុ​ទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អ្នក​ធ្វើ​ការរកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លើ​វិស័យ​ប្រៃសណីយ៍​ជាច្រើនរូប​។​

​ឯកឧត្តម សូ វិសុ​ទ្ធី បាន​ជំរុញ​ឱ្យ​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ ពិសេស​ផ្តោតលើ វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ដែល​ពុំ​ទាន់​បាន​ចុះឈ្មោះ​ចូលក្នុង ថ្នាល​ឌីជីថល​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ CamIE ត្រូវ​ចុះឈ្មោះ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​នានា​ដែល​រាជរដ្ឋាភិបាល​មាន​ការផ្ដល់ជូន​។​

​ឯកឧត្តម​បញ្ជាក់ថា អត្ថប្រយោជន៍​ដែល​ទទួលបាន​រាប់បញ្ចូល​ទាំង ការការពារ​ផ្លូវច្បាប់ ឱកាស​ទទួលបាន​ហិរញ្ញប្បទាន ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ និង​ការបណ្ដុះបណ្ដាល​ជាច្រើន​ទៀត​។ ទន្ទឹម​នឹង​ការបញ្ជាក់​ពី​អត្ថប្រយោជន៍​ទាំងនេះ ឯកឧត្តម រដ្ឋលេខាធិការ បាន​លើក​ឡើង​ប្រាប់​ទៅ​ក្រុម​ការងារ​សម្របសម្រួល​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏ដូចជា​មន្ទីរ​ជួយ​បន្ត​ផ្សព្វផ្សាយ ទៅ​ដល់​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យបាន​យល់​ពី​អត្ថប្រយោជន៍​នៃ​ការចុះឈ្មោះ និង​ជួយ​សម្របសម្រួល​បង្ហាត់​បង្ហាញ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យបាន​យល់​ពី​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល​។​
​គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ការចុះ​ឈ្មោះ​ជា​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​មាន​លទ្ធភាព​ទទួលបាន​ការលើកទឹកចិត្ត​និង ការថែបំប៉ន​ផ្សេងៗ ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ជា​ធរមាន​។ ចំពោះ​អ្នក​ដែល​ចុះ​ឈ្មោះ​បាន ក្នុងនោះ​មាន ទី​១ កម្មករ​និយោជិក​នៃស​ហក​គ្រា​សធុន​មីក្រូ ទី​២​កម្មករនិយោជិត​ម្តងម្កាល ទី​៣ សហគ្រាស​ធុន​មីក្រូ និង​ទី​៤​បុគ្គល​ស្វ័យ​និយោជន៍​។​

​ក្នុង​សិក្ខាសាលា​នេះដែរ ក្រុមការងារ​ក៏​មាន​ការរៀបចំ​ជា​បទ​បង្ហាញ​ផ្តោតលើ​អត្ថប្រយោជន៍ និង​ការចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បទ​បង្ហាញ​ស្ដីពី ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា ក៏ដូចជា​ការចែករំលែក​បទពិសោធន៍​ពី​ការ​កៀរគរ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ផងដែរ​។​

​គួរ​បញ្ជាក់​ឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​បន្ត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្ត បាន​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ មិន​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​នោះទេ​។

​ជាក់ស្ដែង​រាជរដ្ឋាភិបាល ក៏​បានអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អាច​ចុះ​ឈ្មោះ​ចូល​ក្នុង​ថ្នាល​ឌីជីថល​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ CamIE ដើម្បី​ទទួលបាន​វិញ្ញាបណ្ណបត្រ​បញ្ជាក់​ពី​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​អាច​ឈាន​ទៅ​ចុះឈ្មោះ​ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក្នុង​លក្ខណ្ឌ​បុគ្គល​ស្វ័យ​និយោជន៍​ថែម​ទៀត​ផង​៕

Leave a Reply

Your email address will not be published. Required fields are marked *