ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ប្រគល់​ពានរង្វាន់ “Prestige 40 Under 40 Awards 2025″ ដល់​អ្នក​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌ និង​អរិយធម៌​របស់​កម្ពុជា​តាមរយៈ​វេទិកា​នានា និង​ការបង្ហាញ​ប្រាប់​ទៅ​ពិភពលោក​អំពី​សក្តានុពល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ខេត្ត​ក្រចេះ​៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ “Prestige 40 Under 40 Awards 2025″ រៀបចំឡើង​ដោយ Prestige Cambodia នៅ​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៥ នា Rosewood Phnom Penh ។​

​ពិធី​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​, ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា​, លោកជំទាវ យឹម ឆៃ​លីន និង​អ្នកល្បីៗ​នៅ​ក្នុង​បណ្តាញ​សង្គម​ទាំង​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​
​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា វត្តមាន​របស់​អ្នក​ទាំងអស់​គ្នា​នា​ពេល​នេះ មិន មែន​ត្រឹមតែ​ជា​ពិធី​ផ្តល់ជូន​នូវ​ពាន់រង្វាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការទទួលស្គាល់​នូវ ស្នាដៃ ទេពកោសល្យ និង​ចក្ខុវិស័យ​របស់​អ្នក​ទាំងអស់​គ្នា​ដែល​បាន​និង​កំពុង​ចូលរួម​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​នៃ​ភាព​ច្នៃប្រឌិត និង​ឱកាស​។​

​ឯកឧត្តម រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​
​ប្រទេស​កម្ពុជា ក្រោម​មគ្គុទ្ទេសក៍​ដឹកនាំ​ដ៏​ឆ្នើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា និង​បន្ត​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​ប្រទេស​កម្ពុជា​ឱ្យ​ស្គាល់​នូវ​សុខ​សន្តិភាព​ពេញលេញ មាន​កំណើន​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​រយៈពេល​ជាង​២​ទសវត្ស​ចុង​ក្រោយ​នេះ ដែល​អនុញ្ញាត​ឱ្យ​យុវជន យុវនារី​កម្ពុជា​របស់​មានឱកាស​គ្រប់គ្រាន់​ក្នុង​ការសិក្សា​រៀនសូត្រ បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ​ច្នៃប្រឌិត​របស់ខ្លួន ដើម្បី​ចូលរួម​អភិវឌ្ឍន៍ និង​សាង​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ល្បី​រន្ទឺ​។

​ឯកឧត្តម បាន​លើកឡើង​ថា បច្ចុប្បន្ន យើង​កំពុង​រស់នៅ​ក្នុង​យុគសម័យ​មួយ​ដែល​ព័ត៌មាន​មាន​ឥទ្ធិពល​ជាង​ពេលណាៗ​ទាំងអស់​។ ព័ត៌មាន និង​គំនិត​របស់​យើង​អាច​ធ្វើ​ដំណើរ​រាប់សែន​ម៉ឺន​គីឡូម៉ែត្រ ត្រឹម​តែ​រយៈពេល​ប៉ុន្មាន​វិនាទី​តាមរយៈ​បណ្តាញ​សង្គម​របស់​យើង ។ ការ​បង្ហោះ​សារ ឬ​វីដេអូ​តែ​មួយ​អាច​បំផុសគំនិត​មនុស្ស​រាប់​លាន​នាក់ ប៉ុន្តែ​ទន្ទឹម​នេះ ព័ត៌មាន​មិន​ពិត ពាក្យ​ចចាមអារ៉ាម និង​ខ្លឹមសារ​ដែល​បង្ក​គ្រោះថ្នាក់​ក៏​អាច​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ប្រសិនបើ​យើង​មិន​បាន​ប្រុងប្រយ័ត្ន​។​

​ហេតុនេះ នៅក្នុង​បរិបទ​នៃ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បញ្ញា​សិប្បនិម្មិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម តួនាទី​របស់​អ្នក​ទាំងអស់​គ្នា​ដែល​ជា​បុគ្គល​មាន​ប្រជាប្រិយភាព​នៅក្នុង​សង្គម គឺ​ពិត​មាន​សារសំខាន់​ណាស់​ក្នុង​ការចែករំលែក​អំពី​រូប​ភាពល្អៗ បទពិសោធ​នៃ​ភាពជោគជ័យ និង​សកម្មភាព​មនុស្សធម៌​នានា​ដែល​ជា​ប្រយោជន៍​សម្រាប់​យុវជន និង​សង្គមជាតិ​របស់​យើង​។​

​ក្នុងន័យនេះ ការផ្សព្វផ្សាយ ការផលិត​មាតិកា និង​ខ្លឹមសារ​ព័ត៌មាន​សម្បូរបែប​គ្រប់​ជ្រុងជ្រោយ​អំពី​រូបភាព​ពិត​នៃ​ប្រទេស​កម្ពុជា ពិតជា​មាន​ភាពចាំបាច់​មិន​អាច​ខ្វះ​បាន នៅក្នុង​បរិបទ​នៃ​ការរីករាយ​ដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​។​

​ដូចនេះ ឯកឧត្តម នេត្រ ភ​ក្ត្រា សូម​លើក​ទឹកចិត្ត​ទៅកាន់​ជ័យលាភី​ដែល​ទទួលបាន​ពាន់រង្វាន់​នៅថ្ងៃនេះ ជា​ពិសេស​អ្នក​បង្តើត​មាតិកា សូម​ចូលរួម​បង្កើន​ផ្សព្វផ្សាយ​មាតិកា​ឱ្យបាន​កាន់តែ​ទូលំ​ទូលាយ​អំពី​វិស័យ​ទេសចរណ៍ វប្បធម៌ ឱកាស​វិនិយោគ និង​សក្កា​នុព​ល​សេដ្ឋកិច្ច​នាំ​ប្រទេស​កម្ពុជា ប្រកប​ដោយ​គំនិត​ឆ្នៃប្រឌិត​ខ្ពស់ និង​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *