កម្ពុជា​បាន​បញ្ចូន​ជនជាតិ​កូរ៉េ​ចំនួន​ជាង​៦០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​

រាជធានី​ភ្នំពេញ​៖ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ​ប្រទេស កម្ពុជា​នៅ​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ បាន​បញ្ចូន​ជនជាតិ​កូរ៉េស​រុបចំ​នួន ៦៤​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ដើម​របស់​ពួកគេ​វិញ ដើម្បី​ឱ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ចាត់វិធានការ និង​អនុវត្ត​នីតិវិធី​បន្ត​។​

​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ហៅ​កាត់​ថា គ​.​ប​.​ឆ​.​ប​. បានបញ្ជាក់​ថា ការបញ្ជូន​ជនជាតិ បរទេស​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​បន្ទាប់ពី​សមត្ថកិច្ច​រក​ឃើញថា​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ គឺជា​ផ្នែក​នៃ​ការអនុវត្ត​នីតិវិធី​ច្បាប់ និង​ប្រព្រឹត្តទៅ​ក្នុង​ក្របខណ្ឌ​នៃ​យន្តការ​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ដែល​ក្រសួង​ស្ថាប័ន សមត្ថកិច្ច​ជំនាញ តែងតែ​អនុវត្ត​យ៉ាង ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​។

​កន្លងមក កម្ពុជា​បាន​បញ្ជូន​ជនជាតិ​កូរ៉េ​ចំនួន ១៨០​នាក់ ឱ្យ​ត្រឡប់​ទៅ សាធារណរដ្ឋ​កូរ៉េ​វិញ​រួច​មក​ហើយ​។ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ បានស្នើ​ការសហការ​ពី​អាជ្ញាធរ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​កូរ៉េ ដើម្បី​មក​ទទួល ជនជាតិ​របស់ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ដើម្បី​បន្ត​ចាត់វិធានការ​។ ជាងនេះទៀត រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លេខាធិការដ្ឋាន គ​.​ប​.​ឆ​.​ប​. បាន​ស្នើសុំ កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ក្នុង​ការបន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ ដើម្បី​ឆ្ពោះ​ទៅ​វែកមុខ​បណ្តាញ​អង្គការ​ចាត់តាំង និង​ប្រភព​ដែល​នៅ​ពីក្រោយ​ការ​ឆបោក​អន​ឡាញ​នេះ ដោយ​ផ្អែក​លើ​វត្ថុតាង ដែល​អាជ្ញាធរ​កម្ពុជា​រឹបអូស​បាន ក្នុង​ប្រតិ​ប្រតិបត្តិការ​ពី​បណ្តា​រាជធានី​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​រំលឹក​ជូន​ថា ក្នុង​រយៈពេល​៤​ខែ​ចុង​ក្រោយ ឆ្នាំ​២០២៥ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត ក្រោម​ការចង្អុលបង្ហាញ​ពី លេខាធិការដ្ឋាន​គ​.​ប​.​ឆ​.​ប​. បាន​ចុះ​ពិនិត្យ​ទីតាំង​សង្ស័យ និង​បាន​បង្ក្រាប បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​តាម​គោលដៅ​ចំនួន ៩២​ទីតាំង ក្នុង ១៨ រាជធានី​ខេត្ត​។ ជា​លទ្ធផល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ប្រមាណ ៣ ៤៥៥ នាក់ មាន​ចំនួន​២០​សញ្ជាតិ ។

​ជាមួយគ្នានេះ សមត្ថកិច្ច ជំនាញ​បាន​បន្ត​នីតិវិធី​ចំពោះ ១០​សំណុំរឿង​ធំៗ​ក្នុងចំណោម​សំណុំរឿង ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ឆបោក​អន​ឡាញ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ព្រះសីហនុ និង​ខេត្ត​កំពត ដោយ​បាន​បញ្ជូន​មុខសញ្ញា​មេខ្លោង និង​បក្ខពួក​សរុប ចំនួន​៧៥​នាក់ (​ស្ត្រី​ចំនួន​៥​នាក់​) ទៅ​តុលាការ ដើម្បី អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។ ទន្ទឹមនេះ ជន​បរទេស​ចំនួន ២ ៨២៥​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ៤៧៦​នាក់ ត្រូវបាន​និរទេស​ចេញពី​ប្រទេស​កម្ពុជា ខណៈ​សមត្ថកិច្ច​ក៏​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ឱ្យ​រួចផុត​ពី​អំពើ​ជួញដូរ និង​បាន​បំបែក​បណ្តាញ​ឧក្រិដ្ឋជន​ឆបោក និង​សំបុក​នៃ​ការជួញដូរ មនុស្ស​ផង​ដែរ​។​

​លទ្ធផល​ដែល​ទទួលបាន​ខាងលើនេះ​បាន​បង្ហាញ​ឱ្យឃើញ​នូវ​ឆន្ទៈ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការអនុវត្ត​បទបញ្ជា​ម៉ឺងម៉ាត់​របស់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត ក្នុងការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​ឱ្យអស់​ពី​កម្ពុជា ខណៈ​ដែល​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេស រងគ្រោះ​ពី​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ផងដែរ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែ កក្កដា ឆ្នាំ​២០២៥ បាន​ដាក់​ចេញ​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​សម្តេច​បាន​ដាក់​ឱ្យ អនុវត្ត​នូវ​បទបញ្ជា​ចំនួន​៩​ចំណុច​សំខាន់ ក្នុងនោះ​សម្តេច​ធិបតី​បាន សង្កត់ធ្ងន់​ថា «​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ស្នងការ​នគរបាល​រាជធានី ខេត្ត មេបញ្ជាការ​បណ្តា​អង្គភាព និង​ក្រសួង ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជា​នេះ​ឱ្យបាន​ម៉ឺងម៉ាត់ និង​ដោយ​ការទទួលខុសត្រូវ​។ ការ​មិន​អនុវត្ត​តាម​បទបញ្ជា ឬ​មិន​សហការ​អនុវត្ត ក្នុង​រូបភាព​ណាមួយ ត្រូវ​ជា​កម្មវត្ថុ​នៃ​ការវាយតម្លៃ ក្នុង​ការតែងតាំង ផ្លាស់ប្ដូរ ឬ​បញ្ចប់​មុខតំណែង​»​។​

​សូមបញ្ជាក់​ថា ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ យ៉ាង​តឹងរឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *