​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ​វិស័យ​មីន (TWG-MA) ក្រោម​ប្រធានបទ កិច្ចប្រឹងប្រែង​រួមគ្នា​ឆ្ពោះ​ទៅ​កម្ពុជា​មួយ​គ្មាន​ផល​ប៉ះពាល់​ពី​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

ភ្នំពេញ​៖ នា​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ តាងនាម​ឱ្យ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ​វិស័យ​មីន (TWG-MA) ក្រោម​ប្រធានបទ “​កិច្ចប្រឹងប្រែង​រួមគ្នា​ឆ្ពោះ​ទៅ​កម្ពុជា​មួយ​គ្មាន​ផល​ប៉ះពាល់​ពី​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​”​។

​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម Enrico Gaveglia អ្នក​តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ប្រទេស​ម្ចាស់​ជំនួយ ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​សកម្មភាព​មីន វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​។​

​ក្នុងឱកាស​បើក​កិច្ចប្រជុំ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​សម្តែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ជូន​ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រទេស​ម្ចាស់​ជំនួយ ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​សកម្មភាព​មីន វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដែល​បាន​យកចិត្តទុកដាក់ និង​រួមចំណែក​ប្រកបដោយ​ទឹកចិត្ត​សប្បុរស ក្នុង​បុព្វហេតុ​មនុស្សធម៌​ចូលរួម​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា អស់​រយៈពេល ៣៣​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​១៩៩២​។

​ផ្ទៃ​ដី​មាន​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង ៣៤០០ គីឡូម៉ែត្រ​ការ៉េ ត្រូវបាន​បោសសម្អាត​រួច គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង ៤,៤ លាន​គ្រាប់ ត្រូវបាន​រកឃើញ​និង​កម្ទេច​ចោល ហើយ​ចំនួន​អ្នក​ស្លាប់​និង​របួស ត្រូវបាន​កាត់បន្ថយ​នៅ​ក្រោម ១០០​នាក់ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​បញ្ជាក់​ជា​ថ្មី​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការសម្រេចបាន​នូវ​ប្រទេស​កម្ពុជា​គ្មាន​មីន ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។ ការ​បន្ត​គាំទ្រ​ក្នុង​គោលដៅ​រួម​គ្នា​ពី​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ នឹង​នាំឱ្យ​កម្ពុជា​ខិត​កាន់តែ​ជិត​ដល់​គោលដៅ​អនាគត​កម្ពុជា​មួយ​គ្មាន​ផល​ប៉ះពាល់​ពី​មីន​និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ទទួលស្គាល់​ចំពោះ​ការផ្សារភ្ជាប់​កិច្ចការ​បោសសម្អាត​មីន ជាមួយ​នឹង​ការរីកចម្រើន​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក្នុងនោះ​គិត​ចាប់ពី​ឆ្នាំ​២០១៨ ផ្ទៃដី​ប្រមាណ​ជាង ៦៥ ភាគរយ ត្រូវបាន​យកមក​ប្រើប្រាស់​សម្រាប់​ការបង្កបង្កើន​ផល​។

​ប្រជាពលរដ្ឋ​កម្ពុជា បាន​ប្រើប្រាស់​ដី​ប្រកបដោយ​សុវត្ថិភាព​ដើម្បី​កសាង​នូវ​សេដ្ឋកិច្ច​សហគមន៍ លើកកម្ពស់​ជី​វិភាព​រស់នៅ គាំទ្រ​ដល់​សន្តិសុខ​ស្បៀង បង្កើន​ភាព​ធន់ និង​វឌ្ឍនភាព​កម្ពុជា​។ កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា នឹង​ប្រែក្លាយ​វាលស្រែ​ដែល​រង​ការ​គំរាម​ដោយសារ​មីន ទៅ​ជា​វាលស្រែ​ដែល​អាច​ចិញ្ចឹម​ប្រជាជន​កម្ពុជា​បាន​យ៉ាងច្រើន និង​ពង្រឹង​ដល់​អនាគត​ជាតិ​កម្ពុជា​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម​បណ្ឌិត លី ធុជ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចការ​សកម្មភាព​មីន​នៅ​កម្ពុជា និង​បាន​ក្លាយជា​ប្រទេស​ឈានមុខ និង​គំរូ​សម្រាប់​វិស័យ​សកម្មភាព​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ព្រមទាំង​បាន​ក្លាយ​រដ្ឋ​ភាគី​សកម្ម​នៃ​អនុសញ្ញា​ហាមប្រាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) ក្នុង​ការគាំទ្រ​ដល់​ការអនុវត្ត​គោលការណ៍​មនុស្សធម៌ និង​កាតព្វកិច្ច​នៃ​អនុសញ្ញា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​មីន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់​សាជាថ្មី​អំពី​គោលជំហរ​មិន​ផ្លាស់ប្តូរ​របស់​កម្ពុជា ថា “​កម្ពុជា មិនមាន និង​មិន​ដាក់​មីន​ប្រឆាំង​មនុស្ស​ថ្មី​នោះទេ​” ហើយ ឯកឧត្តម លី ធុជ បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ភាព​តាង​តឹង​ថ្មីៗ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ការចោទប្រកាន់​ខុស​មកលើ​កម្ពុជា​ដោយ​គ្មាន​មូលដ្ឋាន​ទាក់ទង​នឹង​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​។ កម្ពុជា ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញទំហឹង​ចំពោះ​គោលការណ៍​មនុស្សធម៌​នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​ការ​បោសសម្អាត​មីន​នៅ​តំបន់​ស្ថិត​ក្នុង​ដែនដី​អធិបតេយ្យភាព​កម្ពុជា​៕​

Leave a Reply

Your email address will not be published. Required fields are marked *