អ៊ីស្រាអែល​បើក​ការវាយប្រហារ​ជាថ្មី​”​លើ​តំបន់​ហ្គា​ហ្សា​”​និង​បិទផ្លូវ​ជំនួយ​មនុស្សធម៌​ដោយ​ហេតុផល​ថា​ក្រុម​ហា​ម៉ាស​បាញ់សម្លាប់​ទាហាន​ខ្លួន និង​រំលោភ​បទ​ឈប់​បាញ់​

កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​ចាប់ផ្តើម​ការវាយប្រហា​រ​ថ្មី​មួយ​ប្រឆាំង​នឹង​គោលដៅ​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រីប​ភាគ​ខាងត្បូង​ហើយ​។ យោង​តាម​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ទៀត​ថា​ប្រតិ​ប​តិ្ត​ការ​នេះ​ដឹកនាំ​ដោយ​បញ្ជា​ការ​ភាគខាងត្បូង​របស់ IDF “​បន្ទាប់​ពី​មាន​ការរំលោភ​បទ​ឈប់​បាញ់​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​។

​អ្នកនាំពាក្យ​របស់ IDF បាន​និយាយថា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ថ្មីៗ​នេះ យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល យន្តហោះ​កងទ័ពអាកាស និង​កាំភ្លើង​ធំ​បាន​វាយប្រហារ​ទីតាំង​របស់​ហា​ម៉ាស​រាប់សិប​កន្លែង រួម​ទាំង​កន្លែង​ផ្ទុក​អាវុធ ការដំឡើង​យោធា និង​ទីតាំង​បាញ់​បង្ហោះ​ជាដើម​។

​ជាមួយគ្នានេះដែរ យន្តហោះ​ចម្បាំង​បាន​ទម្លាក់​គ្រាប់បែក​ជាង ១២០​គ្រាប់​ទៅ​លើ​ផ្លូវ​រូង​ក្រោម​ដី​របស់​ក្រុម​ហា​ម៉ាស​ដែលមាន​ប្រវែង​ប្រហែល​៦​គីឡូម៉ែត្រ​។

​លើសពី​នេះ​កងទ័ព​អ៊ីស្រាអែល​បាន​ចេញមក​និយាយទៀតថា​៖ ទាហាន​ពីរ​នាក់​របស់​ខ្លួន​ត្រូវ​ស្លាប់​នៅ​ពេល​ដែល​ក្រុម​ហា​ម៉ា​សបាន​បាញ់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ និង​បាន​បាញ់​ទៅលើ​កងទ័ព​ដែល​កំពុង​រុះរើ​លេនដ្ឋាន​របស់​ខ្លួន​ក្នុង​ទីក្រុង Rafah ដែល​វា​ជា​ឧប្បត្តិហេតុ​មួយ​ដែល​ពួកគេ​ចាត់ទុកថា​ជា​ការរំលោភ​លើ​បទ​ឈប់​បាញ់​នោះ​។ មន្ត្រី​យោធា​អ៊ីស្រាអែល​ម្នាក់​បាន​និយាយថា​៖ យ៉ាងហោច​ណាស់​ឧប្បត្តិហេតុ​បែបនេះ​គឺ​បាន​កើតឡើង​ចំនួន​បី​ដង​ដែរ​កាលពី​ថ្ងៃ​អាទិត្យ​នោះ​។​

​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សេង​ទៀត​ថា​៖ ក្រោម​ការបំពាន​របស់​ពួក​ហា​ម៉ាស នាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​ណែនាំ​យោធា​ឱ្យធ្វើ​សកម្មភាព​ដោយ​បង្ខំចិត្ត​ត្រូវតែ​ប្រឆាំង​តបត​នឹង​គោលដៅ​របស់​ពួកគេ​ក្នុង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។ លោក Netanyahu ក៏​បាន​បញ្ជា​ឱ្យ​ផ្អាក​រាល់​ដំណើរការ​ផ្តល់​ជំនួយ​ម​នុស្ស​ធម៌​នានា​ទៅកាន់ Gaza ដែរ រហូតដល់​មាន​ការជូន​ដំណឹង​ថ្មី​បន្ថែមទៀត​៕​

Leave a Reply

Your email address will not be published. Required fields are marked *