កងទ័ព​កូឡុំប៊ី​៦៦​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​យោធា​ដែល​ស្ថិតនៅ​ក្បែរ​ព្រំប្រទល់​ជាប់​ប្រទេស​អេក្វាឌ័រ និង​ប្រទេស​ប៉េ​រូ​

យន្តហោះ​ដឹកជញ្ជូន​យោធា​មួយ​គ្រឿង​ដែល​មាន​មនុស្ស ១២៨ នាក់​ជិះ​នៅលើ​យន្តហោះ ដែល​ភាគច្រើន​ជា​ទាហាន បាន​ធ្លាក់​ភ្លាមៗ​បន្ទាប់​ពី​ហោះ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​នេះ នៅ​ទីក្រុង Puerto Leguizamo ប្រទេស​កូឡុំប៊ី ដោយ​បាន​សម្លាប់​មនុស្ស​អស់ ៦៦ នាក់ និង​បណ្តាលឱ្យ​មនុស្ស​រាប់​សិប​នាក់​រងរបួស នេះ​បើ​យោងតាម​ប្រធាន​កងកម្លាំងប្រដាប់អាវុ​ធ​កូឡុំប៊ី​។

​វីដេអូ​ដែល​បាន​ចែករំលែក​ដោយ​កងទ័ព​កូឡុំប៊ី​បានបង្ហាញ​ថា ឧត្តមសេនីយ៍ឯក Hugo Alejandro López Barreto និង​មន្ត្រី​ផ្សេងទៀត បាន​ទៅ​សួរសុខទុក្ខ​ទាហាន​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះថ្នាក់​នោះ និង​ត្រូវបាន​ផ្ទេរ​ទៅ​កាន់​កងវរសេនាធំ​ផ្នែក​សុខភាព​យោធា​នៅ​ទីក្រុង Bogota រួចរាល់​ហើយ ។

​ឧត្តមសេនីយ៍ឯក Hugo Alejandro López Barreto បាន​និយាយថា បុគ្គលិក​យោធា​ចំនួន​បួន​នាក់​នៅតែ​បាត់​ខ្លួន​។

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​វីដេអូ​មួ​ដែល​ចេញផ្សាយ​ដោយ​កងទ័ព​កូឡុំប៊ី​ថា “​វា​ជា​គ្រោះ​អកុសល ជា​លទ្ធផល​នៃ​គ្រោះថ្នាក់​ដ៏​សោកនាដកម្ម​នេះ បាន​ធ្វើ​ឲ្យ​សមាជិក​យោធា​របស់​យើង​ចំនួន ៦៦ នាក់​បាន​ស្លាប់​”​។

​លោក Barreto បាន​បន្ថែមថា “​នៅពេលនេះ យើង​មិន​មាន​ព័ត៌មាន​ឬ​ការចង្អុលបង្ហាញ​អ្វី​ជា​ភស្តុ​ង​តាង​ណាមួយ​ដែល​ថា វា​ជា​ការវាយប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់​នោះទេ​”​។

​ទីក្រុង Puerto Leguizamo មាន​ទីតាំង​ស្ថិតនៅ Putumayo ដែល​ជា​ខេត្ត​ជាប់​តំបន់​អា​ម៉ា​ហ្សូ​ន ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​អេក្វាឌ័រ និង​ប្រទេស​ប៉េ​រូ​។

​ថ្លែង​ចេញ​ពី​ទីតាំង​ជាមួយ​លោក Barreto រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កូឡុំប៊ី លោក Pedro Sánchez បាន​មានប្រសាសន៍ថា “​ការស៊ើបអង្កេត​នឹង​ត្រូវ​ធ្វើឲ្យបាន ម៉ឺងម៉ាត់​បំផុត និង​មាន​តម្លាភាព ដែល​វា​នឹង​ធ្វើឡើង​ឱ្យបាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដែរ​”​។

​លោក​បាន​មានប្រសាសន៍ថា ពួក​យើង​នឹង​ដឹង​ការពិត​ឆាប់ៗ​នេះ​។ ដូច្នេះ ដំណើរការ​នេះ​ត្រូវតែ​បន្ត​ទៅ​មុខ​ជាមួយ​នឹង​ការគោរព​គ្នា សេចក្តីថ្លៃថ្នូរ និង​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ពេលវេលា​ដែល​មាន​ការទាមទារ​ភាគច្រើន​នៅក្នុង​ប្រទេស​នេះ​។

​យន្តហោះ​នេះ​មាន​មនុស្ស​សរុប​ចំនួន​១២៨ នាក់​នៅ​លើ​យន្តហោះ ដោយ​១១៥ នាក់​មក​ពី​ខាង​កងទ័ព សមាជិក​ក្រុម​អាកាសយានិក​១១ នាក់ និង ២​នាក់​មក​ពី​ខាង​ប៉ូលីស​ជាតិ​។

​លោក Baretto បាន​និយាយថា​មនុស្ស​ចំនួន​៥៧ នាក់​ត្រូវបាន​ជម្លៀសចេញ​ទាន់ពេលវេលា​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *