រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថា កម្ពុជា ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​តំបន់​បាន​បង្កើត​ច្បាប់​ព្រហ្មទណ្ឌ​ពិសេស​ពាក់ព័ន្ធ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បញ្ជាក់ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ​ក្នុង​តំបន់ ក្នុង​ការបង្កើត​ច្បាប់ព្រហ្មទណ្ឌ​ពិសេស ពាក់ព័ន្ធ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​បាន​កំណត់​ទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​រហូតដល់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​មេខ្លោង​ដែល​បង្ក​ឲ្យមាន​ការបាត់ប​ង់​ជីវិត​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​មានប្រសាសន៍​ប្រាប់ BTV នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​មីនា​នេះ​ថា ក្នុង​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នឹង​បង្កើតឲ្យមាន​បទល្មើស​បន្ថែមចំនួន​៥ ដោយ​ក្នុង​នោះ​មាន​ទោស​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ និង​កើន​រហូត​ដល់ ៣០​ឆ្នាំ ឬ​អស់​មួយជីវិត បើ​ក្នុង​ករណី​មាន​សម្លាប់​មនុស្ស ចាប់​ជម្រិត​ជាដើម​។

​ហើយ​ច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​នៅពេល​ខាងមុខ​នេះ ក្នុង​ការលើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ទ្រង់ទ្រាយ​ជា​យន្ត​នា​ការដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​កន្លងមក​នេះ​។ ច្បាប់​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការធានា​ថា ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​មិន​កើត​មាន​ជា​ថ្មី​ទេ ក្រោយពេល​ដែល​រាជរដ្ឋាភិបាល​បាន​បោសសម្អាត​រួច​។​

​ឯកឧត្តម​ថ្លែងថា ប្រទេស​កម្ពុជា ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​តំបន់​បាន​បង្កើត​ច្បាប់​ព្រហ្មទណ្ឌ​ពិសេស ស្ដីពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​បាន​កំណត់​ទោសទណ្ឌ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​ឧក្រិដ្ឋជន​រហូតដល់​ជាប់​ពន្ធនាគារ​ពី ៣០​ឆ្នាំ ដល់​អស់​មួយ​ជីវិត​ក្នុងករណី​មាន​បទល្មើស​ផ្សេងទៀត​កើតឡើង ឬ​មេខ្លោង​ដែល​បង្ក​ឲ្យមាន​ការបាត់ប​ង់​ជីវិត​នៅក្នុង​បទល្មើស​ឆបោក​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​»​។​

​សូមជម្រាបថា នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​អញ្ជើញ​ផ្តល់​ការពន្យល់ និង​បំភ្លឺ​អំពី​ភាពចាំបាច់ និង​គោលបំណង​យុទ្ធសាស្ត្រ​នៃ​សេចក្តីព្រាង​ច្បាប់​ពី​ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជូន​អន្តរ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​។

​តំណាង​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ជូន​អន្តរ​គណៈកម្មការ​រដ្ឋ​សភា​ថា ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បានវិវត្ត​ក្លាយ​ជា​កង្វល់​សកល ដែល​ទាមទារ​ឱ្យ​កម្ពុជា​មាន “​ឧបករណ៍​គតិយុត្តិ​” ដ៏​រឹងមាំ​សម្រាប់​បង្ក្រាប​។

​សេចក្តីព្រាងច្បាប់​នេះ​មាន ៥ ជំពូក និង ២៤ មាត្រា ដោយ​ក្នុងនោះ​បាន​កំណត់​បង្កើត​បទល្មើស​ព្រហ្មទណ្ឌ​ថ្មី​ចំនួន ៥ បន្ថែមទៀត រួមមាន​៖ បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​, បទ​រៀបចំ​ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​, បទ​ជ្រើសរើស​ឬ​បណ្តុះបណ្តាល​បុគ្គល​ឱ្យ​ប្រព្រឹត្ត​បទល្មើស​, បទ​ប្រមូល​ទិន្នន័យ​ឯកជន​ក្នុង​ចេតនា​ទុច្ចរិត និង​ការបង្កើត​ទម្រង់​ពិសេស​នៃ​បទល្មើស​សម្អាត​ប្រាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *