​ប្រជាជន​មូស្លីម​នៅក្នុង​តំបន់​ជម្លោះ Kashmir បាននាំគ្នា​ប្រមូល​របស់របរ​មានតម្លៃ​នានា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ៊ីរ៉ង់​ក្នុងការ​ធ្វើ​សង្គ្រាម​ជាមួ​យ​សហរដ្ឋ​អាម៉េរិក​

មាន​ចម្ងាយ​ជាង​១០០០​ម៉ា​យ​ពី​ប្រទេស​អ៊ីរ៉ង់ ប្រជាជន​មូស្លីម​មួយចំនួន​នៅក្នុង​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​មួយផ្នែក​បាន​កំពុង​ប្រមូល​របស់របរ​ប្រើប្រាស់​មានតម្លៃ​នានា​សម្រាប់​ផ្តល់ជូន​ប្រជាជន​អ៊ីរ៉ង់​មានដូចជា មាស សាច់ប្រាក់ សូម្បី​តែ​សម្ភារៈ​ប្រើប្រាស់ និង​សត្វពាហនៈ​ក្តី​។

​មេដឹកនាំ​សហគមន៍ និង​ក្រុម​ព្រឹទ្ធាចារ្យ​បាន​បង្កើត​តូប​លក់ដូរ​នៅក្នុង​តំបន់ភ្នំ​ហិ​ម៉ាឡៃ​យ៉ា​ដែល​មាន​ជម្លោះ និង​ជា​តំបន់​មាន​ជនជាតិ​មូស្លីម​ភាគច្រើន​រស់នៅ និង​ជា​ទីតាំង​បែងចែក​រវាង​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ប៉ុន្តែ​ត្រូវបាន​ប្រទេស​ទាំង​ពីរ​ប្រាថ្នា​ចង់​បាន​ទាំងស្រុង​ដូចគ្នា​។ អ្នកស្ម័គ្រចិត្ត​វ័យក្មេង​មួយចំនួន​កំពុង​ដើរ​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​ដើម្បី​ប្រមូល​អំណោយ​មាន​តម្លៃ​របស់​ពួកគេ ដើម្បី​ជួយ​ដល់​ការធ្វើ​សង្គ្រាម​របស់​អ៊ីរ៉ង់​។

​ក្រុម​ស្ត្រីៗ​បាន​បរិច្ចាគ​គ្រឿងអលង្ការ​ជា​មាស ខ្សែដៃ និង​ក្រវិល​របស់​ពួកគេ​។ Amaan Shah ដែលជា​អ្នក​បរិច្ចាគ​ម្នាក់​បាន​និយាយថា “​នៅ​ពេល​ព្រឹក​ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា មនុស្ស​គ្រប់គ្នា​កំពុង​បរិច្ចាគ ដូច្នេះ​អ្នក​ក៏​គួរតែ​បរិច្ចាគ​វា​ដែរ​”​។

​គ្រួសារ​ជាច្រើន​បាន​បរិច្ចាគ​គ្រឿង​ស្ពាន់​ប្រពៃណី ឬ​សត្វពាហនៈ​របស់​ពួកគេ ហើយក៏​មាន​កុមារ​បាន​យកប្រាក់​សន្សំ​របស់​ពួកគេ​ទៅ​បរិច្ចាគ​ដែរ – ខ្លះ​ទៀត​កាន់​ប្រអប់​សន្សំ​ប្រាក់​របស់​ពួកគេ​ទៅកាន់​ទីតាំង​ប្រមូលប្រាក់​បរិច្ចាគ​។ អ្នកស្រុក​ដែល​មាន​ជីវភាព​ធូរធារ​មួយចំនួន​ក៏​បាន​កំពុង​ផ្ញើ​ប្រាក់​ទៅ​កាន់​គណនី​សង្គ្រោះ​របស់​ស្ថានទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ទីក្រុង​ញូវដេលី​ផងដែរ ដែល​វា​បាន​បង្កើតឡើង​កាលពីដើម​ខែ​មិនា​នេះ​។

​សកម្មភាព​បរិច្ចាគ​ជំនួយ​បាន​កើន​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ នៅពេល​ដែល​ប្រជាជន​មូស្លីម​បាន​ប្រារព្ធ​ពិធី​បុណ្យ Eid al-Fitr ដែល​ជា​ថ្ងៃ​ឈប់សម្រាក​នា​ចុងខែ​ដ៏​ពិសិដ្ឋ​របស់​ក្រុម​ឥស្លាម​ដែល​មានឈ្មោះ​ថា Ramadan​។

​លោក Shah បាន​មានប្រសាសន៍​ទៀតថា “​នៅ​ម៉ោង​នេះ យើង​មិនមែន​ជា​អ្នក​កាន់​សាសនា Shia ឬ Sunni ទៀត​ទេ​។ មិន​ថា​អ្នក​កាន់​សាសនា Shia, Sunni, Hindu, Sikh ឬ​មក​ពី​សាសនា​ដទៃទៀត​ណា​ទេ ពួកគេ​ទាំងអស់គ្នា​គឺ​កំពុង​គាំទ្រ​អ៊ីរ៉ង់​”​។

​វីដេអូ​ដែល​កំពុង​ចរាចរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានបង្ហាញ​ថា​ប្រជាជន​កា​ស្មៀរ​បាន​រៀបរាប់​អំពី​របៀប​ដែល​ពួក​គេ​មើលឃើញ​និង​ចង់​ជួយ​ជនជាតិ​អ៊ីរ៉ង់​ថា​ជា​កាតព្វកិច្ច​មនុស្សធម៌ និង​សាសនា​បង្រួបង្រួម​។ ស្ថានទូត​អ៊ីរ៉ង់​ក៏​បាន​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​ថ្លែង​អំណរគុណ​ដល់​ប្រជាជន​កា​ស្មៀរ​ចំពោះ​សាមគ្គីភាព​របស់​ពួកគេ​នាពេលនេះ​។

​បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​បានចាប់ផ្តើម​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​  ​ការតវ៉ា​ដោយ​កំហឹង​បាន​ផ្ទុះឡើង​នៅ​ទូទាំង​តំបន់​កា​ស្មៀរ​នេះដែរ ជា​កន្លែង​ដែល​មនុស្ស​ភាគច្រើន រួម​ទាំង​ជនជាតិភាគតិច Shiite នៅក្នុង​តំបន់​នេះ មាន​ទំនាក់ទំនង​វប្បធម៌ និង​សាសនា​យូរអង្វែង​ជាមួយ​រដ្ឋ​អ៊ីរ៉ង់​។

​ដោយឡែក​ពីគ្នា រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ផ្តល់​ផែនការ​ឈប់​បាញ់​ចំនួន ១៥​ចំណុច​ដល់​អ៊ីរ៉ង់ មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ជូនដំណឹង​អំពី​គម្រោង​លើ​សំណើ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នេះ ទោះបីជា​យោធា​អាមេរិក​បាន​ត្រៀម​ខ្លួន​ហៅ​កងទ័ព​យ៉ាងហោចណាស់ ១០០០​នាក់​បន្ថែមទៀត​ដើម្បី​បំពេញ​បន្ថែម​និង​ដាក់​បញ្ជូល​បង្គ្រប់​កងទ័ព​ប្រហែល ៥​ម៉ឺន​នាក់​រួច​ហើយ​នៅ​មជ្ឈិមបូព៌ា​ក៏ដោយ​។

​យោង​តាម​បុគ្គល​ម្នាក់ ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អានាមិក បានឲ្យដឹងថា​ផែនការនេះ​ត្រូវបាន​ដាក់​ជូន​ទៅ​កាន់​អ៊ីរ៉ង់ តាមរយៈ​អន្តរការី​មកពី​ប្រទេស​ប៉ា​គី​ស្ថាន ដែល​បាន​ផ្តល់ជូន​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការចរចា​ឡើងវិញ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទី​ក្រុងតេអេ​រ៉ង់​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *