កូឡុំប៊ី​ចាប់ផ្តើម គម្រោង​ទំហំ​ទឹកប្រាក់ ១.៦៨​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ខែល​ប្រឆាំង​យន្តហោះ​ដ្រូ​ន​

បូ​ហ្គោ​តា​៖ បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​សុក្រ ទី​១៦ ខែ​មករា រដ្ឋមន្ត្រី​ការពារ​ជាតិ​កូឡុំប៊ី បានប្រកាសថា ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ បានចាប់ផ្តើម គម្រោង​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប ១.៦៨​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ខែល​ប្រឆាំង​យន្តហោះ​ដ្រូ​ន ដើម្បី​ការពារ​ប្រទេស​ពី​ការវាយប្រហារ​ដោយ​ដ្រូ​ន​របស់ ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​។​

​កូឡុំប៊ី​បាន​បន្ត​ជាប់ជំពាក់​ក្នុងជម្លោះ​ប្រដាប់​អាវុធ​ក្នុង​ស្រុក អស់​រយៈពេល​៦​ទសវត្សរ៍​មក​ហើយ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ៤៥០០០០​នាក់​។​

​កងកម្លាំង​យោធា ប៉ូលិស ពួក​ទ័ពព្រៃ​ឆ្វេងនិយម ពួកឧក្រិដ្ឋជន​បង្កើត​ឡើង​ដោយ​អតីត​ក្រុម​យោធា​ប៉ា​រ៉ា​ស្តាំនិយម ហើយ​និង​បណ្តាញ​ក្រុម​រត់ពន្ធ​គ្រឿងញៀន សុទ្ធតែ​ជា​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ជម្លោះផ្ទៃក្នុង​នេះ​។

​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូឡុំប៊ី លោក Pedro Sanchez បាន​និយាយថា រដ្ឋាភិបាល​បាន​អនុម័ត​ថវិកា​ចំនួន ២៧១​លាន​ដុល្លារ សម្រាប់​ដំណាក់កាល​ដំបូង​នៃ​គម្រោង​ខាងលើ​។​

​គួរបញ្ជាក់​ថា កាល​ពី​ចន្លោះ​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥ កូឡុំប៊ី​បាន​កត់ត្រា​ករណី​វាយប្រហា​រស​រុបចំនួន​២៦៤​ករណី ដែល​ធ្វើឡើង ដោយ​យន្តហោះ​ដ្រូ​ន​បំពាក់​គ្រាប់បែក​។​ការវាយប្រហារ​ទាំងនោះ ត្រូវបាន​កំណត់ថា ជា​ស្នាដៃ​របស់​ក្រុម​ទ័ពព្រៃ ELN និង FARC​។

​ការវាយប្រហារ​ដោយ​ដ្រូ​ន​ចន្លោះ​ឆ្នាំ​២០២៤-២០២៥ បានសម្លាប់​ទាហាន​កូឡុំប៊ី​១៥​នាក់ និង​១៥៣​នាក់​ផ្សេង​ទៀត បាន​រងរបួស​៕​

Leave a Reply

Your email address will not be published. Required fields are marked *