លោក ត្រាំ ថា​អ៉ីរ៉ង់​ពិតជា​កំពុងច​រចាជាមួយ​អាមេរិក ប៉ុន្តែ​ខ្លាច​មិន​ហ៊ាន​សារភាព​ជា​សាធារណៈ​

​វ៉ាស៉ីនតោន​៖ កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែ​មីនា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​អះអាងថា មេដឹកនាំ​នៅ​អ៉ីរ៉ង់ កំពុង​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ដោយ​ស្ងាត់ៗ ដើម្បី​បិទ​បញ្ចប់សង្គ្រាម ប៉ុន្តែ​មិន​ចង់​សារភាព​បែប​នោះ​ជា​សាធារណៈ ព្រោះ​ពួកគេ​ខ្លាច​បាត់បង់​ជីវិត​។

​នេះ​បើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​លោក ត្រាំ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ពួកគេ​កំពុងតែ​ចរចា ហើយ​ពួក​គេ​ចង់បាន​កិច្ចព្រមព្រៀង​យ៉ាងខ្លាំង ប៉ុន្តែ​ពួកគេ​ខ្លាច​មិន​ហ៊ាន​និយាយ​បែប​នោះ ដោយសារ​ដឹង​ច្បាស់​ថា ពួកគេ​នឹង​ត្រូវ​សម្លាប់​ដោយ​មនុស្ស​របស់​ពួកគេ​ផ្ទាល់​។ មិនតែប៉ុណ្ណោះ ពួកគេ​ក៏​ខ្លាច​ថា នឹង​ស្លាប់​ក្រោម​ស្នាដៃ​របស់​ពួក​យើង​ផង​ដែរ​»​។

​លោក​ប្រធានាធិបតី​អាមេរិក បានលើកឡើង​បន្ថែម​បែប​ឌឺដង​ថា «​មិន​ធ្លាប់​មាន​មេដឹកនាំ​ប្រទេស​ណា ដែល​មិនសូវ​ចង់បាន​មុខ​តំណែង​នេះ ជាង​អ្នក​ដែល​ត្រូវ​ធ្វើជា​មេដឹកនាំ​អ៉ីរ៉ង់​ឡើយ​»​។​

​គួរបញ្ជាក់​ថា ទាំង​លោក ត្រាំ និង​សេត​វិមាន សុទ្ធ​តែ​មិន​បាន​បង្ហើប​ឱ្យដឹងថា រដ្ឋបាល​របស់​លោក កំពុង​និយាយ​ចរចា ជាមួយ​នរណា​នៅ​អ៉ីរ៉ង់​ឱ្យ​ច្បាស់​នោះទេ​។

​រដ្ឋមន្ត្រីការបរទេស​អ៉ីរ៉ង់ លោក Abbas Araqchi កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែ​មីនា ឆ្នាំ​២០២៦ បាន​ទទួលស្គាល់ថា អ៉ីរ៉ង់​កំពុង​ពិនិត្យ​លើ​សំណើ​មួយ​របស់​សហរដ្ឋអាមេរិក ដើម្បី​បិទ​បញ្ចប់សង្គ្រាម ប៉ុន្តែ​មិន​មាន​បំណង​ចរចា​បន្ធូរបន្ថយ​ជម្លោះ​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *