​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជួបប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី “​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ជំរុញ និង​លើកកម្ពស់​វិស័យ​ព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

ភ្នំពេញ​៖ កិច្ចប្រជុំ​រវាង គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន នៃ​រដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធាន គណៈកម្មការ​ទី​៥ ជាមួយ​ក្រសួង​ព័ត៌មាន ដឹកនាំ​ដោយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៦ សាលសន្និសីទ​បាយ័ន នៃ​វិមាន​រដ្ឋ​សភា ដើម្បី​ពិភាក្សា​អំពី “​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ជំរុញ និង​លើកកម្ពស់​វិស័យ​ព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​មាន​ក្រសួង​ព័ត៌មាន ជា​សេនាធិការ មាន​សមត្ថកិច្ច​ដឹកនាំ​ផង​គ្រប់គ្រង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា បន្ត​ប្តេជ្ញាចិត្ត​លើកកម្ពស់​ការគោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន សិទ្ធិសេរីភាព​ក្នុង​ការបោះពុម្ពផ្សាយ សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ ដូច​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ស្រប​តាម​ការវិវត្ត និង​តម្រូវការ​ក្នុងសង្គម​។​

​ឯកឧត្តម រដ្ឋមន្ត្រី​  ​បាន​គូសបញ្ជាក់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្តវេន​ពី​សម្តេច​តេជោ ហ៊ុន សែន គឺ​ក្រសួង​ព័ត៌មាន បាន​ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​លើកកម្ពស់​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ការ​វិវឌ្ឍន៍​រីកចម្រើន ហើយ​បាន​ផ្តល់​ព័ត៌មាន​ពិត ត្រឹមត្រូវ ទាន់​ហេតុការណ៍ និង​តាម​តម្រូវការ​ស្របតាម​អភិក្រម​ «​ថ្មី ពិត លឿន និង​ទូលំទូលាយ ប្រកប​ដោយ​ជំនឿ​ទុកចិត្ត និង​វិជ្ជាជីវៈ ដើម្បី​ផ្សារភ្ជាប់​គ្រប់​មជ្ឈដ្ឋាន​»​។

​ក្រសួង​ព័ត៌មាន​បាន​ដើរតួនាទី​ជា​ស្នូល​ក្នុង​ការដឹកនាំ​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការតាមដាន វិភាគ និង​វាយតម្លៃ​ព័ត៌មាន​ដែល​កំពុង​ចរាចរ​នៅ​លើ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្សេងៗ ដើម្បី​អាច​ឆ្លើយតបបាន​ទាន់ពេលវេលា​។

​ជាមួយគ្នានេះ ក្រសួង​ក៏​បាន​សម្របសម្រួល​យ៉ាង​សកម្ម​ជាមួយ​ក្រសួង ស្ថាប័ន​ជំនាញ ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​ចេញ​ការបំភ្លឺ​ជា​ផ្លូវការ​ដោយ​ផ្អែក​លើ​ការ​ពិត និង​ភស្តុតាង​ច្បាស់លាស់​។

​បទពិសោធន៍​បានបង្ហាញ​ថា វិធានការ​ដែលមាន​ប្រសិទ្ធភាព និង​មុត​ស្រួច​បំផុត​ក្នុង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គឺ​ការផ្តល់​ព័ត៌មាន​ពិត​ឱ្យបាន​លឿន ត្រឹមត្រូវ និង​មាន​ភាព​ទុកចិត្ត​។ ការឆ្លើយតប​យឺត​អាច​បង្ក​ឱ្យ​ព័ត៌មាន​មិន​ពិត​រីក​រាលដាល​បង្ក​ការយល់ច្រឡំ​ក្នុង​សាធារណៈមតិ និង​បង្ក​ហានិភ័យ​ដល់​សង្គម​។ ដូច្នេះ គោលការណ៍​សំខាន់​គឺ «​កុំ​ទុកឱ្យ​ព័ត៌មាន​ក្លែងក្លាយ​រស់​យូរ ត្រូវដាក់​ការពិត​ជំនួស​ឱ្យ​បាន​លឿន​»​។

​លើសពី​នេះ​ក្រសួង​ព័ត៌មាន​ក៏បាន​ជំរុញ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ការប្រើប្រាស់​ព័ត៌មាន​ដោយ​មាន​ការទទួលខុសត្រូវ និង​ការពង្រឹង​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា ដល់​សាធារណជន​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាចបែងចែក​បាន​ច្បាស់​រវាង​ព័ត៌មាន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​។​

​នៅក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ មិនមែន​ជា​ការងា​ររ​បស់​ស្ថាប័ន​ណាមួយ​តែម្នាក់ឯង​ទេ ប៉ុន្តែ​ជា​ការទទួលខុសត្រូវ​រួម​របស់​រាជរដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទាំងមូល​។

​ក្រសួង ព័ត៌មាន​នឹង​បន្ត​ពង្រឹង​វិធានការ​របស់​ខ្លួន ដើម្បី​ធានា​ថា​ព័ត៌មាន​ពិត ក្លាយ​ជា​ព័ត៌មាន​ដ៏​លេចធ្លោ ខណៈ​ព័ត៌មាន​ក្លែងក្លាយ​ត្រូវបាន​ទប់ស្កាត់ និង​លុបបំបាត់​ឱ្យបាន​ទាន់​ពេលវេលា​។

​ក្រសួង​ព័ត៌មាន​សង្កេតឃើញថា​ការឆ្លើយតប​ព័ត៌មាន​មិន​ពិត​មាន​ភាព​រហ័ស និង​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​បាន​រួមចំណែក​កាត់បន្ថយ​ការរីក​រាលដាល​ព័ត៌មាន​បំភាន់​ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម សន្តិសុខ​ជាតិ និង​កិត្តិយស​របស់​កម្ពុជា​។ ការពង្រឹង​យន្តការ​ឆ្លើយតប​រួមជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​បាន​ធ្វើឱ្យ​ការបំភ្លឺ​ព័ត៌មាន​ផ្លូវការ មាន​ភាពជឿ​ទុកចិត្ត និង​ទទួលបាន​ការគាំទ្រ​ពី​សាធារណជន​កាន់តែច្រើន​។ ការពិត​ត្រូវតែ​ឈ្នះ​ព័ត៌មាន​ក្លែងក្លាយ ហើយ​ល្បឿន​នៃ​ការផ្សព្វផ្សាយ​ការពិត គឺជា​គន្លឹះ​នៃ​ជ័យជម្នះ​នេះ​។​

​ភាគី​ទាំងពីរ​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​លើកកម្ពស់​វិស័យ​ព័ត៌មាន​ឱ្យ​មាន​ភាពទំនើប ប្រកប​ដោយ​វិជ្ជាជីវៈ សុចរិត​ភាព និង​មាន​តម្លាភាព ខណៈ​ដែល​បន្ត​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​ការពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕

 

Leave a Reply

Your email address will not be published. Required fields are marked *