​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បង្ក្រាប​សំបុក Online Scams នៅ​សង្កាត់​អូរ​បែកក្អម​ឃាត់ខ្លួន​មនុស្ស​៤៩​នាក់​

​ភ្នំពេញ​៖ កម្លាំងចម្រុះ នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scam នៅ​សណ្ឋាគារ​ជីន​បៀ​ន​មេន​ឌូ​   ​ផ្លូវ​១០១៩ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៦ ដោយ​មាន​ការបញ្ជា​ពី​ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រើប្រាស់​វិធានការ​ជំនាញ ដឹកនាំ​ដោយ​ឯកឧត្តម ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ច្បាប់​ដោយ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​លទ្ធផល​នៃ​ការបង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ៤៩​នាក់​។​

​ក្នុងនោះ នៅ​ជាន់​ផ្ទាល់​ដី​បន្ទប់​កាមេរ៉ា​សុវត្ថិភាព​មាន​០៧​នាក់ ក្នុងនោះ​ជនជាតិ​ចិន​០៦​នាក់ និង​ស្ត្រី​វៀតណាម​១​នាក់​។

​នៅ​ជាន់​ទី ២​និង​ទី​៣ បន្ទប់​ស្នាក់នៅ​មាន​ចំនួន​២៦​នាក់​  ​ក្នុងនោះ​មាន​ជនជាតិ​ចិន​២៥​នាក់ និង​ម៉ាឡេស៊ី​ចំនួន​១​នាក់ និង ជាន់​ដំបូល ជាទី​តាំង​ប្រព្រឹត្ត Online Scams មាន​១៦​នាក់ ក្នុងនោះ​ជនជាតិ​ចិន ១២​នាក់ ម៉ាឡេស៊ី​០២​នាក់​  ​ស្ត្រី​មី​យ៉ាន់​ម៉ា​០១​នាក់ និង​ស្ត្រី​ខ្មែរ​ចំនួន​១​នាក់​។​  ​ចំណែក វត្ថុតាង មានដូចជាៈ កុំព្យូទ័រ All In One ៦០ គ្រឿង​, CPU ៣១ គ្រឿង និង Laptop ០១ គ្រឿង​, ទូរ​សព្ទ​ដៃ ៦៨៧ គ្រឿង និង​ស៊ីម​កាត ម៉ាឡេស៊ី ចំនួន​៤៦ ស៊ីម​។​

​តាម​ការស៊ើបអង្កេត​ប​ឋ​ម ក្រុម​ជនសង្ស័យ​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើជា​មូលដ្ឋាន ដើម្បី​ធ្វើ​សកម្មភាព​ឆបោក​ក្នុង​រូបភាព “​វិនិយោគ​ក្លែងក្លាយ​” ដោយ​មាន​គោលដៅ​អូសទាញ​ជនរងគ្រោះ​នៅ ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ផ្សេងៗ​ទៀត ។​

​គួរបញ្ជាក់​ថា ក្រុម​នេះ​ទើបតែ​បាន​ផ្លាស់​ប្ដូរ​ទីតាំង​មកពី​ខេត្ត​ត្បូងឃ្មុំ​។​

​បច្ចុប្បន្ន​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង​ខាងលើនេះ ត្រូវបាន​ប្រគល់​ជូន​ស​ម​ត្ថ​កិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ និង​ឈាន​ទៅ​កំណត់​មុខសញ្ញា​មេខ្លោង​ពាក់ព័ន្ធ​ជា​បន្ត​ទៀត​។

​ជុំវិញ​បញ្ហា​នេះដែរ អាជ្ញាធរ​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ជួល​ទាំង​អស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ដែល​ខុសច្បាប់ និង​សង្ស័យ​មាន​ការពាក់ព័ន្ធ​នឹង​បទល្មើស​បច្ចេកវិទ្យា​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា​នៅត្រឹម​ខែមេសា ឆ្នាំ​២០២៦ ។

​សម្តេច​ធិបតី​បានបញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការប្រព្រឹត្ត​ការ​ឆបោក ឬ​បទ​ល្មើស​ឆ្លងដែន​ឡើយ​។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយណា​ដែល​នៅ​ពីក្រោយ​សកម្មភាព ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ទោសទណ្ឌ​ខ្ពស់បំផុត​ដោយ គ្មាន​ការយោគយល់ ឬ​ការអន្តរាគមន៍​ណាមួយ​ឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *