ប្រទេស​ចិន សន្យា​បន្ត​ជួយ​កម្ពុជា​លើ​វិស័យ​សកម្មភាព​មីន​មនុស្សធម៌ រហូត​ដល់​កម្ពុជា​អាច​សម្រេចបាន​នូវ​គោលដៅ​ចុង​ក្រោយ កម្ពុជា​គ្មាន​មីន​

ហ្សា​ការតា ឥណ្ឌូណេស៊ី​៖ នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក Liang Guotao ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អាវុធ នៃ​ក្រសួង​ការបរទេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​កម្រិត​ខ្ពស់ ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការ​កៀរគរ​ធនធាន​ក្នុង​សកម្មភាព​មីន ដែល​ប្រព្រឹត្តិ​ទៅ​នៅ​រដ្ឋធា​នីហ្សាការ​តា ប្រទេស​ឥណ្ឌូនេស៊ី​។

​ក្នុងជំនួប​នោះ ក៏​មាន​ការចូលរួម​ផងដែរ​ពី ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​, ឯកឧត្តម ទាន សំណាង ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី និង​ឯកឧត្តម ហេង សារិទ្ធ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព តំណាង​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អាស៊ាន​។​

​ឯកឧត្តម​បណ្ឌិត លី ធុជ បាន​ជម្រាប​ជូន​ភាគី​ចិន​នូវ​លទ្ធផល​ដែល​កម្ពុជា​ទទួលបាន​ក្នុង​កិច្ចប្រជុំ​លើក​ទី​២២​នៃ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​ស្ថានការណ៍​វិវឌ្ឍ​ថ្មីៗ​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​លើ​វិស័យ​សកម្មភាព​មីន​។

​ឯកឧត្តម​បណ្ឌិត បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែងតែ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ហើយ​ការចូលរួម​របស់​មិត្ត​ចិន​ពិត​ជា​សារៈសំខាន់​ដើម្បី​ធ្វើឱ្យ​ប្រទេស​កម្ពុជា​អាច​សម្រេចបាន​នូវ​គោលដៅ​របស់​ខ្លួន​។ ដោយ​កម្ពុជា​នូវមាន​តម្រូវការ​ខ្ពស់​លើ​ការងារ​មនុស្សធម៌​នេះ ឯកឧត្តម​បណ្ឌិត បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចិន​បន្ត​ផ្តល់​ជំនួយ​គាំទ្រ​បន្ថែម​ទៀត​ទាំង​ផ្នែក​បណ្តុះបណ្តាល សម្ភារៈ និង​ថវិកា​។​

​ជា​ការឆ្លើយតប លោក Liang Guotao បាន​លើកសរសើរ​កម្ពុជា ក្នុង​ភាព​ជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ ឬ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន នៃ​អនុសញ្ញា​អូ​តា​វ៉ា​កាលពី​ឆ្នាំ​២០២៤ នៅ​ខេត្ត​សៀមរាប​។​

​ភាគី​ចិន​បាន​សន្យា​ជួយ​កម្ពុជា​លើ​វិស័យ​សកម្មភាព​មីន​បន្ត​ទៅ​ឆ្នាំ​ខាងមុខ​ទៀត​រហូត​កម្ពុជា​អាច​សម្រេចបាន​នូវ​គោលដៅ​ចុង​ក្រោយ​។​

​ជាមួយគ្នា​នោះ លោក Liang Guotao បាន​សម្តែង​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​អាយុជីវិត និង​រង​របួស​របស់​ប្រជាពលរដ្ឋ​ស៊ីវិល ក្នុង​សង្គ្រាម​កម្ពុជា​-​ថៃ ហើយ​លោក​បាន​អំពាវនាវ​អោយ​ភាគី​បន្ត​ភាព​អត់ធ្មត់ និង​ដោះស្រាយ​ដោយ​សន្តិវិធី​។​

Leave a Reply

Your email address will not be published. Required fields are marked *