​ក្រុមហ៊ុន BYD កម្ពុជា ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ​ក្នុង​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​លើ​ជំនាញ​យានយន្ត​អគ្គិសនី EV

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ទទួល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក យៀ​ក ឆឹង​ហ៊ុយ (Ye Chenghui) ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន BYD (Cambodia) Co., Ltd. និង​ជា​នាយក​ផ្នែក​លក់​រថយន្ត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន BYD នា​ព្រឹក​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​ផ្លាស់ប្តូរ​យោបល់​លើ​ការបង្កើត​ឱកាស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​យានយន្ត​អគ្គិសនី (EV) ក្នុងទិសដៅ​បំពេញតម្រូវការ​ទីផ្សារ និង​ចូលរួម​ថែរក្សា​បរិស្ថាន​នៅ​កម្ពុជា ជាពិសេស​ក្នុង​ពេល​មាន​វិបត្តិ​ប្រេងឥន្ធនៈ​សកល​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​លោក យៀ​ក ឆឹង​ហ៊ុយ និង​សហការី​យ៉ាង​កក់ក្តៅ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន BYD ដែល​បាន​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង អភិវឌ្ឍ​ធនធានមនុស្ស និង​ផ្តល់​ឱកាស​ការងារ​នៅ​កម្ពុជា តាមរយៈ​ការនាំមក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​វិស័យ EV ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា វត្ត​មាន​ក្រុមហ៊ុន BYD គឺជា​ការ​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​កម្ពុជា និង​ផ្តល់​ជម្រើស​ថ្មី​នៃ​ការប្រើប្រាស់ EV ដែល​មាន​តម្លៃ​សមរម្យ និង​បច្ចេកវិទ្យា​ខ្ពស់ សម្រាប់​ប្រជាពលរដ្ឋ ហើយ​កិច្ចប្រជុំ​នាពេលនេះ ក៏​ជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​ទាំង​ពីរ​ផង​ដែរ​។​

​ឯកឧត្តម ហេង សួរ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រតិបត្តិការ​ក្រុមហ៊ុន BYD និង​បាន​ជំរុញ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល ដើម្បី​ឱ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ផង និង​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ផង​តាមរយៈ​ការប្រើប្រាស់ EV ។

​ជាក់ស្តែង នា​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​លើកលែង​ពន្ធ​ទាំងស្រុង​លើ​ការ​នាំចូល EV ជា​លក្ខណៈ​គ្រួសារ ដែល​នេះ​ជា​ការលើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ និង​ការប្រើប្រាស់ EV កាន់តែ​ច្រើន​នៅ​កម្ពុជា​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កត់សម្គាល់​ពី​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន BYD តាមរយៈ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​។ កំណើន​នៃ​ការប្រើប្រាស់​រថយន្ត​របស់​ក្រុមហ៊ុន BYD នេះ​បង្ហាញ​ពី​តម្រូវការ​នៃ​ការ​បង្គុំ​រថយន្ត ការ​នាំចូល និង​បន្ដ​កើនឡើង​។​

​ដូចនេះ វា​ជា​គឺជា​ឱកាស​ដ៏​ល្អ​បំផុត ដែល​ក្រុមហ៊ុន និង​ក្រសួង ត្រូវ​សហការ​គ្នា​ក្នុង​ការបណ្តុះបណ្តាល​យុវជន​ឱ្យ​ទទួលបាន​ជំនាញ​កាន់តែ​ខ្ពស់​។ ជាមួយគ្នានេះ ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​ភាពជា​ដៃគូ ដើម្បី​ការកសាង​កម្លាំង​ពលកម្ម​ជំនាញ ត្រៀម​ខ្លួន​សម្រាប់​អនាគត និង​មាន​ភាព​ធន់ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជាតិ និង​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់​ផងដែរ​។​

​ជា​ការឆ្លើយតប លោក យៀ​ក ឆឹង​ហ៊ុយ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ដែល​ធ្វើឱ្យ​ក្រុមហ៊ុន BYD ទទួលបាន​ភាពជោគជ័យ​នាពេលនេះ​។

​លោក​បាន​ជម្រាបជូន​ពី​ប្រវត្តិ​ប្រតិបត្តិការ វឌ្ឍនភាព​ប្រកបដោយ​មោទកភាព និង​យុទ្ធសាស្ត្រ​បន្ត​របស់​ក្រុមហ៊ុន BYD នៅ​កម្ពុជា ដោយ​លោក​បាន​គូសបញ្ជាក់ថា ប្រតិបត្តិការ​របស់​ក្រុមហ៊ុន BYD ក៏​ផ្តោត​សំខាន់​លើ​គាំពារ​បរិស្ថាន​ឱ្យ​កាន់តែ​ប្រសើរ និង​ផ្តល់​ជម្រើស​ថ្មី​នៃ​ការប្រើប្រាស់ EV ទំនើប​ក្នុងតម្លៃ​សមរម្យ​។​

​ក្នុងជំនួប​ប្រកបដោយ​ផ្លែផ្កា និង​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​នេះ ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​រួមគ្នា​យ៉ាង​មុតមាំ​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សម្រាប់​ជា​ឧត្តមប្រយោជន៍ដ៏​យូរអង្វែង​សម្រាប់​ប្រជាជា​តិ​ទាំងពីរ ជាពិសេស តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​បង្គោល និង​សិស្ស​, ការចុះ​កម្មសិក្សា និង​ការធ្វើ​ទស្សនកិច្ច​សិក្សា​ខ្សែ​ច្រវាក់​ផលិតកម្ម​ផ្ទាល់​ជាដើម​៕

 

Leave a Reply

Your email address will not be published. Required fields are marked *