​ជនបរទេស​១,៥២៨​នាក់ ខុសច្បាប់ ត្រូវ​បាន​បណ្ដេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ចុង​ខែ​មីនា ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​៣១ ខែ​មីនា ឆ្នាំ​២០២៦ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើកា​បណ្ដេញ​ចេញ​ជ​ន​បរទេស​សរុប​ចំនួន ១,៥២៨​នាក់ ស្រី​២៣២​នាក់ មាន​២៣​សញ្ជាតិ រួមមាន ៖ យ៉ូ​ហ្គង់​ដា កេន​យ៉ា នេ​ប៉ាល់ ចិន ឥណ្ឌា បង់​ក្លា​ដេស ប៉ា​គី​ស្ថាន ចិន​តៃវ៉ាន់ បេឡា​រូស វៀតណាម ឥណ្ឌូនេស៊ី ហ្គា​ណា អា​ហ្រិ្វ​កខាង​ត្បួង អង់គ្លេស ប៊ូ​រុន​ឌី កា​មេ​រូ​ន រ​វ៉ាន់ដា អូស្ត្រាលី នី​ហ្សេ​រី​យ៉ា ជប៉ុន ស្រីលង្កា ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា ត្រូវ​បាន​បណ្ដេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​មាន​ជនជាតិ​ចិន​ចំនួន ៣២៧​នាក់ (​ស្រី ២០​នាក់​) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ត្រូវ​បាន​បណ្ដេញចេញ​តាមរយៈ​យន្តហោះ​ពិសេស​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ និង​ជន​បរទេស​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន បន្លំ​ឯកសារ​ក្លែងក្លាយ ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន ចាប់ជំរិទ​ទារប្រាក់ ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ ( QR Code ក្លែងក្លាយ​) ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​ធ្វើ​ការងារ​ខុសច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ និង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គ​។​

​ការបណ្ដេញ​ចេញ​ជនជាតិ​បរទេស​ខាងលើនេះ គឺជា​ការអនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការលើកលែង​នោះឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូចជា​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិលត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​៕

Leave a Reply

Your email address will not be published. Required fields are marked *