Li Xiong​មេ​ឆបោក​តាម​អន​ឡាញ​លំដាប់​ទី​២​បន្ទាប់​ពី Chen Zhi ត្រូវបាន​ចាប់​បញ្ជូន​ខ្លូន​ទៅ​ប្រទេស​ចិន​និង​ដាក់ទោស​តាមច្បាប់​

Li Xiong ត្រូវបាន​ចាប់​បញ្ជូន​ពី​កម្ពុជា​ទៅ​ចិន នៅ​ថ្ងៃ​ទី​១ មករា​នេះ​។ China Daily
​កម្លាំង​ចម្រុះ​នៃ​នគរបាល​កម្ពុជា និង​នគរបាល​ចិន បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Li Xiong ដែល​រហូត​មកដល់​ពេល​ថ្មីៗ​នេះ​ក៏​មាន​សញ្ជាតិ​ខ្មែរ​ផង​ដែរ​។​

​ជនជាតិ​ចិន​រូបនេះ កាល​ពី​កន្លងទៅ​គឺ​ជា​ម្ចាស់​ម្នាក់​នៃ​ក្រុមហ៊ុន Huione Group ដែល​បច្ចុប្បន្ន​ត្រូវបាន​បញ្ឈប់​ដំណើរការ​ដោយ​ធនាគារ​ជាំតិ ហើយ​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ប្រតិបត្តិការ​លាងលុយកខ្វក់​ក្នុង​ទ្រង់ទ្រាយ​ធំ​។​

​យោង​តាម​ក្រសួង​មហាផ្ទៃ លោក Li ត្រូវ​បាន​បណ្តេញចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១ ខែ​មេសា បន្ទាប់ពី​ការដក​សញ្ជាតិ​ខ្មែរ​របស់​គាត់ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ម្សិលមិញ​។​

​ករណី​ចាប់ខ្លួន និង​ការបណ្តេញចេញ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ដើម្បី​ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​បច្ចេកវិទ្យា និង​ផ្អែក​តាម​សំណើ​របស់​អាជ្ញាធរ​ចិន​។ នេះ​បើ​តាម​ក្រសួង​មហាផ្ទៃ​។​

​ក្រសួង​មហាផ្ទៃ​ថ្លែង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា​៖ ប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មាន​កិច្ចសហប្រតិបត្តិការ​ស៊ើបអង្កេត​រួមគ្នា រវាង​អាជ្ញាធរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អាជ្ញាធរ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​អូសបន្លាយ​ពេល​អស់​ជា​ច្រើន​ខែ​។ សញ្ជាតិ​ខ្មែរ​របស់​លោក Li Xiong ត្រូវបាន​ដកហូត​តាមរយៈ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា​។​

​លោក Li ត្រូវបាន​គេ​រាយការណ៍​ថា​ជា​សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​ឧក្រិដ្ឋជន​ដែល​ដឹកនាំ​ដោយ​ស្ថាបនិក​ក្រុមហ៊ុន Prince Group គឺ​លោក Chen Zhi ដែល​ត្រូវបាន​ចាប់ខ្លួន និង​បណ្តេញចេញ​ទៅ​ប្រទេស​ចិន​កាលពី​ខែ​មករា​។​

​យោង​តាម​សារព័ត៌មាន China Daily លោក Li ត្រូវបាន​សង្ស័យថា​បាន​ដំណើរការ​កាស៊ីណូ ឆបោក ប្រតិបត្តិការ​អាជីវកម្ម​ខុសច្បាប់ និង​លាក់បាំង​ផល​នៃ​បទល្មើស ដោយ​ក្នុង​នោះ Chen Zhi គឺជា​ប្រធាន​ក្រុម​ល្បែងស៊ីសង និង​ឆបោក​ឆ្លងដែន​។​

China Daily បាន​ដកស្រង់​សម្តី​មន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន ដែល​បាន​លើកឡើង​ថា សមាជិក​ស្នូល​មួយចំនួន​នៃ​ក្រុម​ឧក្រិដ្ឋជន​របស់ Chen Zhi ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​នគរបាល​កំពុង​បន្ត​តាម​ចាប់ខ្លួន​ជន​រត់គេចខ្លួន​ដែល​នៅ​សេសសល់​បន្តទៀត​។​

​ក្រសួង​សន្តិសុខ​សាធារណៈ​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ជំរុញ​ឲ្យ​អ្នក​ដែល​កំពុង​គេចខ្លួន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​របស់ Chen Zhi ចូលខ្លួន​មក​សារភាព​ទោសកំហុស​៕​

Leave a Reply

Your email address will not be published. Required fields are marked *