កម្ពុជា​បញ្ជូន​ជនសង្ស័យ​ប្រមាណ​៧៥០​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី Online Scams ក្នុង​រយៈពេល ៩​ខែ​ចុងក្រោយ​នេះ​

​ភ្នំពេញ​៖ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិទ្ធ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ប្រចាំការ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហៅ​កាត់​ថា គ​.​ប​.​ឆ​.​ប​. បាន​ជម្រាបជូន​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភាជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ចាប់ពី​ខែ​កក្កដា ឆ្នាំ​២០២៥ ដល់​ខែ​មីនា ឆ្នាំ​២០២៦​នេះ ពោល​គឺ​ក្នុង​រយៈពេល​៩​ខែ ចុងក្រោយ សមត្ថកិច្ច​កម្ពុជា​ក្នុង​រាជធានី​-​ខេត្ត​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​ចំនួន​ជាង​២៥០ ករណី និង​បាន​កសាង​សំណុំរឿង បញ្ចូនទៅ​តុលាការ​ចំនួន ៨០​ករណី ពាក់ព័ន្ធ​ជនសង្ស័យ​ប្រមាណ​៧៥០​នាក់ មាន​ជនជាតិ​ចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី និង​ខ្មែរ​ដែរ​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​មានប្រសាសន៍​លើកឡើង​ដូច្នេះ ក្នុងឱកាស​ឯកឧត្តម បាន​ដឹកនាំ​ប្រតិភូ​នៃ​លេខាធិការដ្ឋាន​គ​.​ប​.​ឆ​.​ប​. ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី «​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​កម្ពុជា​» ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធាន​ទី​២ ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦ នៅ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​នៃ​ព្រឹទ្ធសភា រដ្ឋសភា និង​ថ្នាក់ដឹកនាំ​នៃ​លេខាធិការដ្ឋាន​គ​.​ប​.​ឆ​.​ប សរុប​ចំនួន ២១៣​នាក់​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិទ្ធ បាន​មានប្រសាសន៍ថា ក្នុង​ក្របខណ្ឌ​ប្រតិបត្តិការ​បោសសម្អាត​ទូទាំង​ប្រទេស​រយៈពេល​៩​ខែ​ចុងក្រោយ​នេះ ជន​បរទេស​ចំនួន ១១,០០០ នាក់ រួម​មាន​ជនជាតិ​ចិន​, វៀតណាម​, ឥណ្ឌូណេស៊ី​, មី​យ៉ាន់​ម៉ា​, ប៉ា​គី​ស្ថាន និង​ថៃ ត្រូវ​បាន​បណ្តេញចេញ​ពី​កម្ពុជា​ពាក់ព័ន្ធ​Online Scams ។​

​ជាមួយគ្នានេះ អាជ្ញាធរ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដែល​មាន​ការសង្ស័យ ក្នុង​រាជធានី​ខេត្ត ចំនួន​ជាង​១០,០០០​កន្លែង ដែល​មាន​វត្តមាន​ជនបរទេស​ប្រមាណ​៨០,០០០​នាក់​ស្នាក់នៅ ស្មើនឹង ៧៨ សញ្ជាតិ ។​

​ឯកឧត្តម​បាន​ជម្រាប​ជូន​អង្គប្រជុំ​ទៀតថា ក្រុម​បោកប្រាស់​តាម​អន​ឡាញ​លែង​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​កាស៊ីណូ ឬ អគារ​ធំៗ ដូច​មុន​ទៀត​ហើយ ដោយសារ​កិច្ចខិតខំ​ចុះ​បង្ក្រាប​បាន​បំបែកសំបុក​ឧក្រិដ្ឋជន​ទាំងនោះ​។

​ក្រុម​ឧក្រិដ្ឋជន​ឆបោក​ដែល​នៅ​សេសសល់ បាន​រត់គេច​ពី​សមត្ថកិច្ច ដោយ​បាន​បំបែក​គ្នា​ជា​ក្រុម​តូចៗ​ទៅ​ធ្វើ​លបលួច​ធ្វើ​ស​កម្មជួល​នៅតាម​បុរី​, ផ្ទះល្វែង ឬ​ខុន​ដូ ជា​លក្ខណៈ​ដាច់​ដោយឡែក ហើយ​បន្លំ​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​គេច​ចេញពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិទ្ធ បាន​ពន្យល់​អំពី​រូបភាព និង​ទម្រង់​នៃ​ការ​ឆបោក ដែល​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​ប្រមូល និង​ចងក្រង​ជា​ភស្តុតាង រួមមាន ការបោកប្រាស់​ក្រោមរូបភាព​បង្កើត​ទំនាក់ទំនង​ស្នេហា ការ​ឆបោក​ឱ្យ​ដាក់ទុន​ក្នុង​គម្រោង​វិនិយោគ​ដើម្បី​ទទួល​ផល​ចំណេញ ឬ​ការប្រើ​កម្មវិធី​ឈ្នះ​រង្វាន់​ជា​ធ្នាក់​ដើម្បី​ឱ្យ​ពលរដ្ឋ​ផ្ទេរប្រាក់ ក៏ដូចជា​សកម្ម​លួច​យក​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​, និង ការបោកប្រាស់​ការងារ​ដែល​ផ្តល់​ប្រាក់ខែ​ច្រើន​ជា​ដើម​។​

​ឯកឧត្តម​បាន​ជម្រាប​ជូន​អង្គប្រជុំ​បន្ថែមថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​និរន្តរភាព​សម្រាប់​ក្នុង​ការប្រឆាំង​អំពើ​ឆបោក​អន​ឡាញ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តួចផ្តើម​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៦ កន្លងទៅនេះ ហើយ​នឹង​ត្រូវ​ឆ្លង​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​៣ ខែ​មីនា ខាងមុខនេះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា មាន​ការជឿជាក់​ថា ច្បាប់​នេះ ក្រោយពេល​ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ហើយ នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការធានា​មិន​ឱ្យ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​វិល​ត្រលប់​មក​កម្ពុជា​វិញ​ឡើយ​។​

​ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធាន​ទី​២ ព្រឹទ្ធសភា បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​លើ​ការបង្ក្រាប​បទល្មើស​Online Scam នៅ​កម្ពុជា​នា​ពេលកន្លងមក ដោយ​កិច្ចខិតខំ​ទាំងនេះ​ត្រូវបាន​អន្តរជាតិ​ទទួល​ស្គាល់​។ ទន្ទឹម​នេះ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​អន​ឡា​ញ បាន​ស្ដារ និង​ការពារ​មុខមាត់​ប្រទេស​ជាតិ​ឡើងវិញ បន្ទាប់ពី​បាន​រងគ្រោះ​ដោយសារ​តែ​ក្រុម​ឧក្រិដ្ឋជន​មក​ពី​ក្រៅប្រទេស បាន​យក​ទឹកដី​កម្ពុជា​ដើម្បី​ប្រព្រឹត្ត​បទល្មើស​នេះ​។ ឯកឧត្តម បាន​បន្ត​ទៀត​កម្ពុជា ក៏​ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក ដែរ គឺជា​អ្នករងគ្រោះ​ដោយសារ​បញ្ហា​ឆបោក​អន​ឡាញ​នេះ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​អនុប្រធាន​ទី​២ ព្រឹទ្ធសភា បាន​មានប្រសាសន៍​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ចប្រជុំ​នាពេល​នេះ​ថា​បាន​ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា បាន​ស្វែង​យល់​បន្ថែមទៀត​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ក្រាប និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដើម្បី​ចូលរួម​ពាំនាំ​យក​ព័ត៌មាន​ទាំងនេះ ទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍ តាម​បណ្តា​រាជធានី​ខេត្ត ឱ្យបាន​ដឹង​អំពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​អន​ឡាញ សំដៅ​ធានា​សុវត្ថិភាព សន្តិសុខ និង​បរិយាកាស​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍ វិនិយោគ និង​ការអភិវឌ្ឍ​សង្គមជាតិ​។​

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ ដោយ​មាន​ការចូលរួម​ផុលផុស​តាមរយៈ​ការលើក​ឡើង​ជា​មតិ យោបល់ សំណូរ ក្តីបារម្ភ ក៏ដូចជា​សំណូមពរ​ពី​អង្គប្រជុំ ជូន​ដល់​ប្រតិភូ នៃ​លេខាធិការដ្ឋាន​គ​.​ប​.​ឆ​.​ប​. ក្នុង​គោលបំណង​ចូលរួម​ចែករំលែក​នូវ​ព័ត៌មាន ក៏​ដូច​ជា​ការ​រូ​ម​ចំណែក​រិះរក​ដំណោះស្រាយ​ចំពោះ​បញ្ហា នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ ព្រោះ​វា​ជា​បញ្ហា​រួម​របស់​ជាតិ​ទាំងមូល​។​

​សូម​រំលឹក​ជូន​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា ត្រឹម​ខែមេសា ឆ្នាំ​២០២៦​នេះ​។​

​សម្តេច​ធិបតី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ឡើយ ហើយ​បុគ្គល ឬ​អង្គភាព​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព​ទាំងនេះ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ទោសទណ្ឌ​ខ្ពស់បំផុត ដោយ​គ្មាន​ការយោគយល់ ឬ​អន្តរាគមន៍​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *