អំណោយ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ និង​សម្តេច​ធិបតី ត្រូវ​បាន​ពាំនាំ​ទៅ​ដល់ដៃ​កងទ័ព​នៅ​សមរភូមិ​មុខ​

ខេត្ត​ឧត្តរមានជ័យ​៖ កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២៦ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ នៃ​កង​យោធ​ខេមរភូមិន្ទ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ជូនពរ​ជ័យ សិរី​សួស្តី​ដល់​យោធិន​ដែល​កំពុង​បំពេញ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ការការពារ​បូរណភាព​ទឹកដី នៅ​សមរភូមិ​មុខ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ទិស​ទី​២ របស់​យោធភូមិ​ភាគ​ទី​៤ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ នា​ឱកាស​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ដែល​នឹង​ឈាន​មកដល់​នៅពេល​ខាងមុខ​។

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​នាំយក​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោកជំទាវ ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​ដែល​កំពុង​នឹង​បំពេញ​បេសកកម្ម​នៅ​ទិស​ទី​២ ក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម ក៏​បាន​ពាំនាំ​នូវ​ការកោតសរសើរ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​ដែល​បាន​ខិតខំ ពុះពារ​គ្រប់បែបយ៉ាង​ក្នុង​ការការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​យើង​ក្នុង​រយៈពេល​កន្លងមក ដែល​ជា​ស្នាដៃ​យ៉ាង​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​។

​ក្នុង​បរិយាកាស​ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​នោះ ឯកឧត្តម ក៏​បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ជូន​ដល់​បណ្តា​អង្គភាព​នៅ​ទិស​ទី​២ របស់​យោធភូមិ​ភាគ​ទី​៤ នូវ​សម្ភារៈ និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *