រដ្ឋ​មន្ត្រី​សុខាភិបាល ក្រើនរំលឹក «​នៅ​គ្រប់​ស្ថានភាព​ថែទាំ​ព្យាបាល ត្រូវ​សួរ​សំណួរ​ពីរ ១-​តើ​ភាព​ហ្មត់ចត់​បច្ចេកទេស (rigueur scientifique) ប្រកាន់ខ្ជាប់​បាន​ឫ​ទេ​? ២-​តើ​កម្រិត​យកចិត្តទុកដាក់ (niveau d’attention) ត្រូវបាន​ភ្លេច​ឫ​ទេ​?»

​ឯកឧត្តម​សាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​នៅក្នុង​ឳ​កាស ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ទិវា​វេជ្ជសាស្ត្រ សល្យ​សាស្ត្រ និង​ថែទាំ​វេជ្ជសាស្ត្រ​លើក​ទី​១ ឆ្នាំ​២០២៥ ក្រោម​មូលបទ សាមគ្គីភាព​ក្នុង​វិស័យ​សុខាភិបាល ការលើកកម្ពស់​គុណភាព​ព្យាបាល ព្រមទាំង​ការថែទាំ​តាមរយៈ​នវានុវត្តន៍ និង​កិច្ចសហការ មន្ទីរពេទ្យ​ជាតិ តេជោ​សន្ដិភាព​  កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៥ ។​

​ឯកឧត្តម​សាស្ត្រាចារ្យ បាន​កោតសរសើរ​ភាព​រីក​ច្រើន​របស់ មន្ទីរពេទ្យ​ជាតិ តេជោ​សន្ដិភាព និង​បន្ត​ណែនាំ​ដល់​ឱ្យ​មន្ត្រី​សុខាភិបាល ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង ត្រូវ​ខិតខំ​ប្រឹងប្រែង​ពុះពារ ជាពិសេស​ការបម្រើ​សេវា​ពិនិត្យ​ថែទាំ ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិ​ភាព និង​សមធម៌​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ចំនុច​សំខាន់ៗ មួយ​ចំនួន​ដល់ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ បុគ្គលិក​នៃ​សុខាភិបាល​ទាំងអស់ ដោយ​៖ ១) ត្រូវ​បង្កើន​ការងារ​ទំនាក់ទំនង​គ្នា​ឱ្យបាន​ជិតស្និត ជាពិសេស​អ្នកជំងឺ​របស់​យើង​តែម្តង ២) ត្រូវ​បង្កើន​ការ​ផ្សារភ្ជាប់​ជាមួយ​សហភា​រតៈ ដោយ​ថ្នាក់​ដឹកនាំ ត្រូវ​ចុះ​ទៅ​ដល់​ផ្នែក​ជួប​ជាប់​ផ្ទាល់​ជាមួយ​មន្ត្រី​សុខាភិបាល ដឹង​សុខទុក្ខ​ជា​មន្ត្រី​របស់​ខ្លួន និង​សុខទុក្ខ​អ្នកជំងឺ ៣) ត្រូវ​ដាក់ចេញ​នូវ​ការធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់ពេលវេលា និង​ត្រឹមត្រូវ​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​សាស្ត្រាចារ្យ បាន​ផ្តល់​អនុសាសន៍​ណែនាំ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​  ដោយ​ត្រូវ​៖
-​មាន​បុរេ​សកម្ម នវានុវត្តន៍ សាមគ្គីភាព ក្នុង​ការបម្រើ​សេវា​ប្រកបដោយ គុណភាព ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព និង​សមធម៌​
– ការព្យាបាល ត្រូវ​គិត​ពី​សុវត្ថិភាព​អ្នកជំងឺ​ជា​ចំបង​
– បង្កើន​ការយកចិត្តទុកដាក់​ព្យាបាល​ថែទាំ​អ្នកជំងឺ ដោយ​ចាត់ទុក​អ្នកជំងឺ​ជា​សាច់ញ្ញាតិ​របស់​ខ្លួន​
– ផ្ដល់​ព័ត៌មាន​ស្តីពី​ការវិវត្ត​ជំងឺ​ដល់​គ្រួសារ​អ្នកជំងឺ ចៀសវាង​ការព្យាបាល​ណាមួយ ដែល​គ្រួសារ​អ្នកជំងឺ​មិន​បានដឹង​
– ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នានា ដើម្បី​បង្កើន​ចំណេះដឹង​ថ្មីៗ និង​ន​វា​នុវត្ដន៍ និង​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដល់​សហ​ភារតៈ ដើម្បី​ការព្យាបាល​កាន់តែ​ប្រសើរ​ឡើង​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​ក៏​បាន​ឆ្លៀត​គូស​រំលេច​ពាក្យ​គន្លឹះ​និង​គួរ​ចង់ចាំ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ទាំងអស់​៖

១) មន្ទីរពេទ្យ​ជា​បេះដូង​ដែល​រស់​រវើក ហើយ​ផ្គុំ​ដោយ​ភាព​ប្រសើរ និង​តម្កល់​នូវ​កិត្តិយស​ឱ្យ​កាន់តែ​ឆ្ពោះទៅមុខ ហើយ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​គោលនយោបាយ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ហើយ​ត្រូវមាន​ចក្ខុវិស័យ​នៃ​ទំនើបកម្ម សមភាព និង​មនុស្សធម៌​។​

២) គុណភាព និង​សុវត្ថិភាព​ការព្យាបាល ដោយ​ត្រូវតែ​មាន​ពិធីសារ និង​នីតិវិធី​ស្តង់ដា​នៃ​ការព្យាបាល​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ឱ្យ​ចងចាំ បិត​នៅលើ​ជញ្ជាំង ដើម្បី​ងាយស្រួល​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ចេះ​ផ្តួចផ្តើម​នូវ​គំនិត​ថ្មីៗ​។​

៣) ប្រសិទ្ធភាព ផ្សារភ្ជាប់​ជាមួយ​ការអនុវត្ត ត្រូវ​ទៅ​ដល់​តាម​គ្រប់​មធ្យោយបាយ ហើយ​ត្រូវ​តម្កល់​អ្នកជំងឺ​ជាធំ ភ្ជាប់​ជាមួយ​មនុស្សធម៌ និង​ក្តី​ករុណា​។​

៤) សមភាព ឬ​សមធម៌ ត្រូវតែ​មាន​ស្មើគ្នា​គ្រប់​អ្នកជំងឺ ហើយ​ត្រូវ​មើល​ឱ្យបាន​វែងឆ្ងាយ​និង​ឱ្យបាន​សមស្រប​។​

៥) ការទំនាក់ទំនង ត្រូវ​បង្កើន​ការជឿ​ទុកចិត្ត គិត​និង​ស្តាប់​មាន​ហេតុផល និង​ត្រូវ​បន្ត​ស្វែង​សិក្សា​បន្ថែម​ទាំង​ផ្នែក​រដ្ឋបាល និង​បច្ចេកទេស ដោយ​ត្រូវ​បង្កើន​កិច្ចសហការ​រវាង​អង្គភាព​និង​អង្គភាព និង​មន្ទីរពេទ្យ​និង​មន្ទីរពេទ្យ​។​

៦) ការបណ្តុះបណ្តាល ត្រូវ​បញ្ជ្រ​បធានា​ឱ្យ​មាន​និរន្តភាព ដោយ​ត្រូវ​មាន​ការបណ្តុះបណ្តាល អនុវត្ត មាន​ការលើកទឹកចិត្ត ប្រកប​ដោយ​ន​វានុ​វន្តន៍​ឱ្យបាន​ល្អ ទាំង​នវានុវត្តន៍​ផ្នែក​ប​ច្ចក​វិទ្យា នវានុវត្តន៍​ឌីជីថល និង​នវានុវត្តន៍​អង្គភាព ហើយ​ត្រូវ​ផ្សារភ្ជាប់​ក្រមសីលធម៌ ស្រប​តាម​ក្បួនខ្នាត​។​

​សូម​ជម្រាប​ជូន​ថា គោលបំណង​នៃ​ការរៀបចំ​ទិវា​វេជ្ជសាស្ត្រ សល្យ​សាស្ត្រ និង​ថែទាំ​វេជ្ជសាស្ត្រ​លើក​ទី​១ ឆ្នាំ​២០២៥ នេះ​នឹង​ផ្តល់​ជា​ការជួបជុំ​គ្នា ផ្តល់ឱកាស​ឱ្យ​មន្ត្រីរាជការ បុគ្គលិក​មន្ទីរពេទ្យ​ជាតិ តេជោ​សន្ដិភាព រួម​គ្នា​បង្កើត​នូវ​គំនិត បទពិសោធន៍ និង​ទទួលបាន​នូវ​បច្ចេកវិជ្ជា​វេជ្ជសាស្ត្រ​ថ្មីៗ ដើម្បី​ជំរុញ​ឱ្យ​វិស័យ​សុខាភិបាល កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការលើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​បំពាក់​គ្រឿង​ឥស្សរិយ​យ មេដាយសំរិទ្ធ​ការងារ ដល់​មន្ត្រីរាជការ នៃ​មន្ទីរពេទ្យ​ជាតិ តេជោ​សន្ដិភាព ចំនួន ១២២​រូប ដើម្បី​ជា​ការ​រ​លើកទឹកចិត្ត ក្នុង​ការខិតខំ​បំពេញ​ភារកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *