​កិច្ចប្រជុំ​លើក​ទី​៤ ស្តី​ពី​ការទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​ផ្ទៃសមុទ្រ​រវាង​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ជាមួយ​បញ្ជាការដ្ឋាន​ឆ្មាំ​សមុទ្រ​តំបន់​៤ វៀតណាម​

នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ អង្គភាព​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤ ស្តីពី​ការ​ទំ​នាក់ ទំនង​កិច្ចសហប្រតិបត្តិការ​លើ​ផ្ទៃសមុទ្រ​រវាង​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ជាមួយ​បញ្ជាការដ្ឋាន​ឆ្មាំ​សមុទ្រ​តំបន់​៤ វៀតណាម​ក្រោម​អធិបតីភាព​ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ និង​លោក​វរសេនីយ៍ឯក ងៀ​ន វណ្ណ​ចាញ់ មេបញ្ជាការរង បញ្ជាការដ្ឋាន​ឆ្មាំ​សមុទ្រ​តំបន់​៤​វៀតណាម​។​

​ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ រក្សា​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​តំបន់​ដែនទឹក​ប្រវត្តិសាស្ត្រ និង​តំបន់​សមុទ្រ​ជាប់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​វៀតណាម​) ឱ្យ​កាន់តែ​ល្អប្រសើរ និង​ស៊ីជម្រៅ​ថែម​ទៀត ។​

​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​អង្គភាព​ទាំងពីរ​មាន ភាពល្អប្រសើរ ប៉ុន្តែ​នៅ​មាន​កម្រិត គឺមាន​តែ​ការផ្លាស់ប្តូរ​ព័ត៌មាន​អំពី​ឧប្បត្តិហេតុ​មួយ​ចំនួន​ទាក់ទង​និង​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ការជួយ​សង្គ្រោះ​ក្នុង​ដែនទឹក​ប្រវត្តិសាស្ត្រ កម្ពុជា​-​វៀតណាម ដោយ​សង្ឃឹមថា អង្គភាព​ទាំងពីរ​និង​ជំរុញ​លទ្ធផល​ដែល​សម្រេចបាន និង​ផ្លាស់ប្តូរ​ព័ត៌មាន​ឱ្យបាន​ញឹកញាប់​លើ​គ្រប់​ខ្លឹមសារ​ស្រប​តាម​យន្តការ​ដែល បាន​ចុះហត្ថលេខា សំដៅលើ​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ រួម ចំណែក​កសាង​សន្តិភាព​ដែនសមុទ្រ ទប់ស្កាត់ និង​បង្ក្រាប​ការចូល​នេសាទ​ខុស​ច្បាប់​ក្នុង​ដែនទឹក​នៃ​ប្រទេស​ទាំង​ពីរ បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ការរត់ពន្ធ​ទំនិញ​ដែល​មិន​បាន​ឆ្លងកាត់​ការ​បំពេញបែបបទ​ពន្ធ​គយ​ត្រឹមត្រូវ ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍​ដោយ​ខុសច្បាប់ ការរក្សា បរិស្ថាន​សមុទ្រ ការស្វែងរក និង​ជួយ​សង្គ្រោះ​នៅលើ​សមុទ្រ​ជាដើម​។ ឯកឧត្តម​បាន​បន្តថា តាម​ការសង្កេត​ឃើញថា ការផ្លាស់ប្តូរ ព័ត៌មាន មាន​ភាពល្អប្រសើរ និង​សង្ឃឹមថា អង្គភាព​ទាំងពីរ​ធ្វើការ​ផ្លាស់ប្តូ​ព័ត៌មាន​ឱ្យ​គ្នា​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ។​

​លោក​វរសេនីយ៍ឯក ងៀ​ន វណ្ណ​ចាញ់ មេបញ្ជាការរង បញ្ជាការដ្ឋាន​ឆ្មាំ​សមុទ្រ​តំបន់​៤​វៀតណាម បានឱ្យដឹងថា ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ដែល​បាន​ឯកភាពគ្នា​ចំនួន​៧ ចំណុច​រួមមាន​៖
-​សកម្មភាព​នេសាទ​ក្នុង​ដែនទឹក​ប្រវត្តិសាស្ត្រ​
-​ជម្លោះ​លើ​ដែន​នេសាទ និង​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​នៅលើ​ផ្ទៃ​សមុទ្រ​
-​ការស្វែងរក និង​ជួយ​សង្គ្រោះ​នៅលើ​ផ្ទៃ​សមុទ្រ​
-​ស្ថានភាព​បទល្មើស និង​ឧក្រិដ្ឋកម្ម​
-​ការ​ល្បាត និង​ត្រួតពិនិត្យ​ដែនទឹក​ប្រវត្តិសាស្ត្រ​
-​ស្ថានភាព​សន្តិសុខ​លើ​ផ្ទៃសមុទ្រ និង​សុវត្ថិភាព​ផ្សេងៗ​ទៀត​
-​ប្រព័ន្ធ​ទំនាក់ទំនង រវាង​ទីបញ្ជាការ​ជួរមុខ ជាមួយ​បញ្ជាការដ្ឋាន​ឆ្មាំ​សមុទ្រ​តំបន់​៤​វៀតណាម​។​

​ដោយ​ឈរ​លើ​យន្តការ​ទំនាក់ទំនង​ទាន់​ហេតុការណ៍​រវាង​ឆ្មាំ​សមុទ្រ​វៀតណាម និង​គណ​:​កម្មាធិការជាតិ​សន្តិសុ​ខ​លម្ហ​សមុទ្រ ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​ភាគី​ទាំងពីរ​។ ពាក់ព័ន្ធ​ការ​ឆ្លងដែន​ខុស​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម មិន​មាន​ករណី​ជនជាតិ​វៀតណាម ឬ​ពលរដ្ឋ​ខ្មែរ ចេញ​-​ចូល​ពី​ប្រទេស​តាមផ្លូវ​សមុទ្រ​ដោយ​ខុសច្បាប់​នោះទេ ។ ទាក់ទង​ការផ្លាស់ប្តូរ ការ​យាមល្បាត និង​ការត្រួតពិនិត្យ​ក្នុង​ដែនទឹក​ប្រវត្តិសាស្ត្រ ភាគី​ទាំង​ពីរ​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន​អំពី​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​លើ​ផ្ទៃសមុទ្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ។ ហើយ​បញ្ជាការដ្ឋាន​ឆ្មាំ​សមុទ្រ​តំបន់​៤​វៀតណាម បាន​ស្នើ​ឱ្យ​ទីបញ្ជាការ​ជួរមុខ ផ្លាស់ប្តូរ​ព័ត៌មាន​នៅ​ពេល​មាន​ឧប្បត្តិហេតុ​ពាក់ព័ន្ធ​នឹង IUU ។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ ស្តី​ពី​ការទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​ផ្ទៃសមុទ្រ​រវាង​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ជាមួយ​បញ្ជាការដ្ឋាន​ឆ្មាំ​សមុទ្រ​តំបន់ ៤ វៀតណាម បាន​រៀបចំ​ធ្វើឡើង​ចំនួន ៣​លើក​រួចមកហើយ ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​មួយចំនួន ដែល​បាន​ឯកភាព​គ្នា​ធ្វើឱ្យ​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​លើ​ផ្ទៃ​សមុទ្រ​មាន​ភាពល្អប្រសើ ហើយ​ភាគី​ទាំង​ពីរ​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​រុករក និង​ជួយ​សង្គ្រោះ​នៅពេល​មាន​ឧប្បហេតុ​ផ្សេងៗ ព្រមទាំង​ទប់ស្កាត់​និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតមាន​ឡើង​លើ​ផ្ទៃសមុទ្រ​ឱ្យទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

Leave a Reply

Your email address will not be published. Required fields are marked *