​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

ខេត្តសៀមរាប​៖ កម្លាំង​ចម្រុះ​នៃ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​សៀមរាប ដោយ​មាន​ការសម្របសម្រួល​ផ្លូវ​ច្បាប់​ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៥ បាន​ចុះ​ពិនិត្យ និង​បង្ក្រាប​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ចំណុច​ផ្ទះ​វីឡា​ជួល ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បុរស​ជនជាតិ​ចិន​ចំនួន​០៣​នាក់ ១-​ឈ្មោះ XIAO SONG ២-​ឈ្មោះ HAN JIAJIA ៣-​ឈ្មោះ QIN CILONG និង​ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន​០១ នាក់​ឈ្មោះ LUONG THI QUE ។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​សម្ភារៈ ជា​វត្ថុតាង​រួមមានៈ កុំព្យូទ័រ​លើ​តុ ចំនួន​០៤​គ្រឿង​-​ទូរ​សព្ទ​ដៃ​ចំនួន​២៣​គ្រឿង និង​វត្ថុតាង​មួយចំនួនទៀត​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ឆបោក​ក្រោម​រូបភាព​ជា​ការ​លួងលោម​ស្នេហា (Romance scam) ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​ជនរងគ្រោះ​ដាក់​ប្រាក់​វិនិយោគ​ទិញ​រូបិយ​បណ្ណ​អេឡិចត្រូនិច​(Crypto)​ដែល​មាន​គោលដៅ​ឆបោក​ទៅកាន់​ប្រទេស​ផ្សេងៗ​។​

​ក្រោយ​ការបង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ បច្ចុប្បន្ន​កំពុង​សហកា​រ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​ឈាន​ទៅ​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មេខ្លោង នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ខណៈ​ជនសង្ស័យ និង​វត្ថុតាង​ដែល​រឹបអូស​បាន ត្រូវបាន​ប្រគល់ជូន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់​ថា ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ យ៉ាង​តឹងរឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *