ឯកឧត្តម ហ៊ុន ម៉ា​នី ថា​ការជ្រើសរើស​គ្រូ​ផ្អែកលើ​កិច្ចព្រមព្រៀង​ការងារ គឺ​ដើម្បី​បញ្ចប់​ការបង្រៀន​ផ្គួប​ថ្នាក់​មាន​សិស្ស​ច្រើន​ហួសកំណត់​

​នៅ​ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ ២០២៥​នេះ​ក្រសួង​មុខងារសាធារណៈ បាន​រៀបចំ​ការប្រឡង​ជ្រើសរើស​គ្រូបង្រៀន​ផ្អែកលើ​កិច្ចព្រមព្រៀង​ការងារ ជា​លើកដំបូង​សម្រាប់​វិស័យ​អប់រំ​។ ការជ្រើសរើស​គ្រូបង្រៀន​ផ្អែកលើ​កិច្ចព្រមព្រៀង​ការងារ​នេះ មាន​គោលដៅ​សំខាន់បំផុត គឺ​ឈានទៅ​បញ្ចប់​ការបង្រៀន​ផ្គួប​ថ្នាក់ ដែល​មាន​សិស្ស​ច្រើន​ហួសកំណត់​ពិបាក​ក្នុង​ការសិក្សា និង​ដើម្បី​ជួយ​សម្រួល​ភាព​នឿយហត់ គ្រូបង្រៀន​មួយចំនួន​ដែល​ត្រូវ​បង្រៀន​ពីរ​វេន ព្រោះ​តែ​ខ្វះ​គ្រូ​។​

​បេក្ខជន​សរុប​ចំនួន ៨,៨៩៥​នាក់ (​ស្រី ៦,១៩៥​នាក់​) បាន​ចូលរួម​ប្រឡងប្រជែង​ដើម្បី ក្លាយ​ជា​គ្រូបង្រៀន​ផ្អែកលើ​កិច្ចព្រមព្រៀង​ការងារ​នៅ​សាលាបឋមសិក្សា ក្នុង​ភូមិសាស្ត្រ ខេត្ត​ព្រៃវែង ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ខេត្ត​បាត់ដំបង និង​ខេត្ត​តាកែវ​។ ការប្រឡង​នេះ ជ្រើសរើស​ត្រឹម​តែ ៣ ២១៣ កន្លែង​ប៉ុណ្ណោះ​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​លើកឡើង​ថា​ការប្រឡង​ជ្រើសរើស គ្រូបង្រៀន​ផ្អែកលើ​កិច្ចព្រមព្រៀង​ការងារ​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តាម​សាលារៀន ពិសេស​ផ្តោតលើ​ការបង្រៀន​ផ្គួប​ថ្នាក់ ដែល​មាន​សិស្ស​ច្រើន​ហួសកំណត់​ក្នុង​មួយ​ថ្នាក់ និង​ជា​ការដោះស្រាយ​ទៅលើ​ការបង្រៀន​រហូត​ដល់​ពី​រ​វេន​សម្រាប់​គ្រូបង្រៀន​នៅ​តាម​សាលារៀន​មួយចំនួន​។​

​ឯកឧត្តម​បញ្ជាក់ថា បេក្ខជន​ដែល​ប្រឡង​ជាប់ នឹង​ទៅ​ជួយ​សម្រួល​លើ​ការងារ​ទាំងនេះ ដែល​ផ្ដល់​ជា​ផល​ជះ​វិជ្ជមាន​សម្រាប់​សិស្ស​ក្នុងការ​ក្រេប​យក​ចំណេះដឹង ក៏ដូចជា​ជួយ​កាត់បន្ថយ​ភាព​នឿយហត់ របស់​គ្រូបង្រៀន​មួយចំនួន ដែល​ត្រូវ​បង្រៀន​ពីរ​វេន​ដោយសារ​ការ​ខ្វះ​គ្រូ​។ បេក្ខជន​ដែល​ប្រឡង​ជាប់ ត្រូវ​បំពេញ​ការងារ​ភ្លាមៗ ចាប់ពី​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ពី​ថ្ងៃ​ទី ១ ខែវិច្ឆិកា ខាងមុខ​។​

​គួរបញ្ជាក់​ថា ការប្រឡង​រៀបចំ​ឡើង​លើ ៣​មណ្ឌល​ប្រឡង​ផ្សេងគ្នា គឺ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​សាកល​វិទ្យា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដោយ​ចាប់ផ្ដើម​នៅ​ម៉ោង ១២៖ ៣០ នាទី និង​បញ្ចប់​នៅ​ត្រឹម​ម៉ោង ៦៖០០​ល្ងាច​។​

​បេក្ខជន​ទាំងអស់ ត្រូវ​ឆ្លងកាត់​វិញ្ញាសា​ប្រឡង​ចំនួន​៣ រួមមាន​៖ វិញ្ញាសា​ភាសា​ខ្មែរ រយៈពេល ១​ម៉ោង វិញ្ញាសា​គណិតវិទ្យា រយៈពេល ១​ម៉ោង ៣០​នាទី និង​វិញ្ញាសា​ចំណេះដឹង​ទូទៅ និង​ភាសា​អង់គ្លេស រយៈពេល ១​ម៉ោង ៣០​នាទី​។ ដូចជា​ការប្រឡង​កន្ល​ង​ទៅ​ផងដែរ ការបង្កើត​វិញ្ញាសា ការបោះពុម្ព​វិញ្ញាសា​ប្រឡង និង​ការប្រឡង ធ្វើ​ឡើង​ថ្ងៃ​តែមួយ ដោយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជា​អ្នក​ជ្រើសរើស​វិញ្ញាសា កាត់​វិញ្ញាសា​ប្រឡង ក្រោម​ការចូលរួម​ពី​តំណាង​ក្រសួង​អប់រំ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ចូលរួម​សង្កេត​ក្នុង​ដំណើរការ​ប្រឡង​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *