សមាគម​ឥណ្ឌា​នៃ​សហគមន៍​កម្ពុជា (IACC) ប្រារព្ធ​ពិធី​បុណ្យ Diwali 2025

នា​ល្ងាច ថ្ងៃទី 25 ខែតុលា ឆ្នាំ 2025 – សមាគម​ឥណ្ឌា​នៃ​សហគមន៍​នៅ​កម្ពុជា (IACC) ដោយ​មាន​ការគាំទ្រ​ពី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធីបុណ្យ​ពន្លឺ Diwali 2025 នៅ​មជ្ឈមណ្ឌល​សន្និបាត OCIC ជ្រោយចង្វារ ។

​បុណ្យ​Diwali នេះ​មាន​គោលបំណង​បង្ហាញ​អំពី​មិត្តភាព វប្បធម៌ និង​ភាពរុងរឿង​រួម​គ្នា​រវាង​សហគមន៍​ឥណ្ឌា កម្ពុជា និង​ប្រជាជាតិ​ជុំវិញ​ពិភពលោក​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា មន្ត្រី​ឥស្សរជន និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត រួមទាំង​សមាជិក​សហគមន៍​ឥណ្ឌា និង​អ្នក​ធុរកិច្ច​ជាច្រើន​។

​លោក Jaspal Singh ប្រធាន​សមាគម​ឥណ្ឌា​នៃ​សហគមន៍​កម្ពុជា (IACC) បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ឥស្សរជន ភ្ញៀវ អ្នក​ឧបត្ថម្ភ និង​សហគមន៍​ទាំងមូល ដែល​បាន​រួមចំណែក​ឲ្យ​ព្រឹត្តិការណ៍​នេះ​ទទួលបាន​ជោគជ័យ​យ៉ាង​អស្ចារ្យ​។

​លោក​បាន​ចែករំលែក​ថា​
“​ការ​ប្រារព្ធ​ពិធីបុណ្យ Diwali ឆ្នាំនេះ បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្មារតី​រួម​របស់​យើង — ការរួបរួម​របស់​ជ​ន​ជាតិ​ឥណ្ឌា ប្រជាជន​កម្ពុជា និង​មិត្តភក្តិ​មក​ពី​ជុំវិញ​ពិភពលោក ក្នុង​ពិធីបុណ្យ​មួយ​ដែល​អបអរសាទរ​ពន្លឺ ក្តីសង្ឃឹម និង​មនុស្សជាតិ​។​”

​ក្នុង​សុន្ទរកថា​របស់​គាត់ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​កម្ពុជា និង​សហគមន៍​ឥណ្ឌា​ដែល​រស់នៅ​កម្ពុជា សម្រាប់​ការចូលរួម​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

​លោក​បាន​បញ្ជាក់ថា ពិធីបុណ្យ Diwali គឺជា​និមិត្តរូប​នៃ​ពន្លឺ ឯកភាព និង​ក្តីសង្ឃឹម ដែល​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ជិតស្និត​រវាង​ប្រទេស​ឥណ្ឌា និង​កម្ពុជា តាមរយៈ​បេតិកភណ្ឌ​វប្បធម៌ និង​មិត្តភាព​ដ៏​វែងឆ្ងាយ​ជាច្រើន​សតវត្ស​។ ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​រីក​ចម្រើន បង្ហាញ​ពី​ស្មារតី​នៃ​ការគោរព​គ្នា​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​វប្បធម៌ ការអប់រំ និង​ការអភិវឌ្ឍន៍​។

​ឯកឧត្តម​បាន​បន្ថែមថា ឥណ្ឌា​នឹង​បន្ត​ការប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី តាមរយៈ​ការផ្លាស់ប្តូរ​វប្បធម៌ ការអភិវឌ្ឍ​ជំនាញ និង​គម្រោង​សហការ​ផ្សេងៗ ដែល​រួមចំណែក​ដល់​ភាពរុងរឿង​របស់​ប្រទេស​ទាំង​ពីរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *