ក្រសួង​ដែនដី​លើកទឹកចិត្ត​មន្ត្រី​ជំនាញ​ឲ្យ​បន្ត​ខិតខំ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​

ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ជំនាញ​បន្ត​ខិតខំ​កសាង​ស្ថាប័ន និង​រដ្ឋបាល​សាធារណៈ​ទំនើប ដើម្បី​ផ្តល់​សេវា​ឱ្យ​មាន​ប្រសិទ្ធភាព លឿន​រហ័ស និង​ជឿ​ទុកចិត្តបាន ពិសេស​ការងារ​ចុះបញ្ជី​ដីធ្លី និង​ការចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ​ប្រសើរ មាន​តម្លាភាព និង​សមធម៌​។​

​ថ្លែង​នៅក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២៦ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត ដែល​បាន​ធ្វើឡើង​នៅ​សាលសន្និសិទ​បូកគោ ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៥  ឯកឧត្តម ហ៊ុន កុសល អនុរដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​របស់​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ការងារ​វាស់វែង​ដីធ្លី និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ជា​ការងារ​អាទិភាព និង​ជា​សមរភូមិ​ស្រួច​របស់​ក្រសួង​។

​ការចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ជំរុញ​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ​។ លោក​លើក​ទឹកចិត្ត​មន្ត្រី​ជំនាញ​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការងារ​ផ្តល់​សេវា​ទាន់​ចិត្ត ឬ​សេវា​សាធារណៈ​ទំនើប ឱ្យ​កាន់តែ​ប្រសិទ្ធភាព លឿង​រហ័ស និង​ជឿ​ទុកចិត្តបាន​។​

​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត លោក ព្រាប សុផាត បាន​បញ្ជាក់​ឱ្យដឹងថា មន្ទីរ​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការងារ​ស្នូល​ចំនួន​៥​គឺ​÷ ១.​ការងាររដ្ឋបាល ២.​ការងារ​ដីធ្លី ៣.​ការងារ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម ៤.​ការងារ​សំណង់ និង​ទី​៥. ការងារ​លំនៅឋាន និង​ការងារ​សម្បទាន​ដី​សង្គមកិច្ច​។

​លោក​បាន​បន្តថា កន្លងមក​ដោយ​អនុវត្តន៍​តាម​គោលនយោបាយ​ដីធ្លី ដែល​បាន​ដាក់​ចេញ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រោម​ការចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​នឹង​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ការចុះវាស់វែង​ចុះបញ្ជី​បាន​ប្រមាណ​ជាង ៧៦​ម៉ឺន​ក្បាល​ដី ដែល​ស្មើនឹង​ជាង ៩៩​ភាគរយ លើ​ក្បាល​ដី​សរុប​ប្រមាណ​ជាង ៧៧​ម៉ឺន​ក្បាល​ដី​ក្នុង​ខេត្ត​កំពត​  ហើយ​បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​បាន​ប្រមាណ​ជាង ៦៥​ម៉ឺន​ក្បាល​ដី និង​ចែក​បណ្ណ​ដល់ដៃ​ពលរដ្ឋ​ជាង ៦០​ម៉ឺន​ក្បាល​ដី​។​

​ឯកឧត្ដម ង៉ាន់ ថា​រិទ្ធ អភិបាលរង​ខេត្ត​កំពត បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង ប្រែ​ង និង​យកចិត្តទុកដាក់​របស់ លោក​ប្រធាន​មន្ទីរ និង​មន្ត្រីក្រោមឱវាទ​ទាំងអស់ ក្នុង​ការអនុវត្ត​ការងារ​លើ​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និង​លំនៅឋាន ដើម្បី​ធ្វើឱ្យ​វិស័យ​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ធានាបាន​ទាំង​បរិមាណ គុណភាព និង​ប្រសិទ្ធភាព​។

​លោក​បាន​លើកទឹកចិត្ត ដល់​មន្ត្រី​រៀបចំ​ដែន​ដី​ទាំងអស់ បន្ត​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​ការផ្តល់​សេវា​ផ្សេងៗ​កាន់តែ​ទំនើប លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ទទួលបាន​ការគាំទ្រ និង​សាទរ​ពី​ប្រជាពលរដ្ឋ​៕​

Leave a Reply

Your email address will not be published. Required fields are marked *