ក្រសួង​ឧស្សាហកម្ម​បើក​យុទ្ធនាការ​ផ្សព្ចផ្សាយ​ការចុះបញ្ជី​ផលិតផល ដើម្បី​ពង្រឹង​គុណភាព ទំនុកចិត្ត និង​ការពង្រីក​ទីផ្សារ​ទំនិញ​

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ការចុះបញ្ជី​ផលិតផល (​ច​.​ប​.​ផ​.) ថ្នាក់ជាតិ ដើម្បី​ពង្រឹង​ប្រព័ន្ធ​គុណភាព​ផលិតផល​នៅ​កម្ពុជា ការពារ​អ្នកប្រើប្រាស់ និង​បង្កើន​ទំនុកចិត្ត​ក្នុង​ទីផ្សារ​។ យុទ្ធនាការ​នេះ​នឹងត្រូវ​ដំណើរការ​រហូត​ដល់​ដំណាច់ឆ្នាំ​២០២៦ ដោយ​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ និង​ការគាំទ្រ​ពិសេស​សម្រាប់​ទាំង​អ្នក​ផលិត​ក្នុងស្រុក និង​ក្រុមហ៊ុន​នាំចូល​ផលិតផល​។​

​យុទ្ធនាការ​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ប្រមាណ ២ ពាន់​នាក់ រួម​ទាំង​សហគ្រាស​ផលិត​ក្នុងស្រុក​ចំនួន​១៩ ក្រុមហ៊ុន​នាំចូល​ចំនួន​៦ ក្រុមហ៊ុន​ដំឡើងរថយន្ត​ចំនួន​៣ និង​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​។​

​ក្នុង​យុទ្ធនាការ​នេះ សហគ្រាស​ផលិត និង​ក្រុមហ៊ុន​នាំចូល​ដែល​ចុះបញ្ជី​ផលិតផល​ច្រើន​មុខ​ក្នុងពេល​តែមួយ នឹង​ទទួលបាន​ការលើកទឹកចិត្ត​ពិសេស គឺ​ការ​បញ្ចុះតម្លៃ ១០% សម្រាប់​ការចុះបញ្ជី​ផលិតផល​ពី ៥-១៩ មុខ​, ១៥% សម្រាប់​ការចុះបញ្ជី​ផលិតផល​ពី ២០-៤៩ និង ២០% សម្រាប់​ការចុះបញ្ជី​ផលិតផល​លើសពី​៥០​មុខ ក្នុងពេល​តែមួយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ហែម វណ្ណឌី បាន​លើកឡើង​ថា​៖ “​ការចុះបញ្ជី​ផលិតផល​មិនមែន​ជា​ការងារ​ថ្មី ឬ​បន្ទុក​បន្ថែម​សម្រាប់​អាជីវកម្ម​ទេ ប៉ុន្តែ​យុទ្ធនាការ​នេះ​កើត​ចេញពី​ឆន្ទៈ​ក្នុង​ការកែលម្អ​សេវា និង​ការគាំទ្រ​ដល់​វិស័យ​ឯកជន​យ៉ាង​ពិតប្រាកដ​របស់​ក្រសួង​។

​យុទ្ធនាការ​ពេលនេះ​គឺ​ទាន់ពេល ត្រូវ​កាលៈទេសៈ និង​ឆ្លើយតប​ផ្ទាល់​ទៅ​នឹង​កង្វល់ និង​សំណូមពរ​របស់​ទីផ្សារ ទាំង​អ្នក​ផលិត​និង​អ្នកប្រើប្រាស់ ក៏ដូចជា​ការវិវត្ត​នៃ​សភាពការណ៍​ពាណិជ្ជកម្ម​។​”
​ការចុះបញ្ជី​ផលិតផល​គឺជា​នីតិវិធី​ដែល​ផ្តល់​អត្តសញ្ញាណ​ដល់​ផលិតផល​គ្រប់​ប្រភេទ និង​គ្រប់​ទម្រង់ ដោយ​អនុលោម​តាម​ស្តង់ដារ​កម្ពុជា CS001-2000 ស្តីពី​ការដាក់​ស្លាក​ផលិតផល​។

​សម្រាប់​អ្នក​ប្រើប្រាស់ ការចុះបញ្ជី​ផលិតផល​ផ្តល់​នូវ​តម្លាភាព និង​លទ្ធភាព​ស្វែងរក​ប្រភព​ទំនិញ និង​ម្ចាស់​ស្របច្បាប់​របស់​ផលិតផល​។​

​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បាន​ចុះបញ្ជី​ផលិតផល​ចំនួន ៩.៥៣៥ ដែល​ជា​ចំនួន​តិច​នៅឡើយ បើ​ធៀប​នឹង​ចំនួន​ផលិតផល​ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ ហើយ​ក្រសួង​កំពុង​រៀបចំ​យន្តការ​បន្ថែម ដោយ​សម្រួល​នីតិវិធី និង​កាត់បន្ថយ​ចំណាយ ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​កាន់​តែ​ច្រើន​ពី​អ្នក​ផលិត និង​អ្នក​នាំចូល​ទំនិញ​។​

​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​នេះ ក្រសួង​បាន​សម្រួល​នីតិវិធី ដោយ​កាត់បន្ថយ​ឯកសារ​តម្រូវ​សម្រាប់​ពាក្យស្នើសុំ និង​កាត់បន្ថយ​រយៈពេល​នៃ​ការផ្តល់​អាជ្ញា​បណ្ណ ច​.​ប​.​ផ​. មក​នៅត្រឹម​៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ ក្នុងករណី​ដែល​មាន​សំណុំ​ឯកសារ​ត្រឹមត្រូវ​គ្រប់គ្រាន់​។ ទន្ទឹមនឹងនេះ ពាក្ស​ស្នើ​សុំ​តែ​មួយ​អាច​ប្រើប្រាស់​សម្រាប់​ការចុះបញ្ជី​ផលិតផល​ច្រើន​មុខ​ក្នុងពេល​តែមួយ ហើយ​អាជ្ញា​បណ្ណ ច​.​ប​.​ផ​. មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ​។​

​អ្នក​ផលិត និង​អ្នក​នាំចូល ក៏​មាន​ជម្រើស​ក្នុង​ការយក​ផលិតផល​របស់​ខ្លួន​ទៅ​ធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​ដោយ​ខ្លួនឯង​សម្រាប់​ភ្ជាប់​ជាមួយ​ពាក្យស្នើសុំ ដោយ​មិន​ចាំបាច់​ធ្វើតេស្ត​តាមរយៈ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ឡើយ​។ សម្រាប់​យុទ្ធនាការ​នេះ ក្រសួង​បាន​ចាត់​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ឱ្យ​រៀបចំ​ក្រុមការងារ​ពិសេស ដើម្បី​ផ្តល់​ប្រឹក្សា និង​ការណែនាំ​បច្ចេកទេស​សម្រាប់​វិស័យ​ឯកជន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើង​ថា​៖ “​យើងខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នក​ផលិត និង​អ្នក​នាំចូល ដាក់ពាក្យ​ដោយផ្ទាល់​មក​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា និង​កាត់បន្ថយ​ការប្រើ​សេវា​អ្នក​រត់ការ ដែល​អាច​នាំឱ្យ​ការចំណាយ​លើ​ការចុះបញ្ជី​ផលិតផល កើនឡើង​ខ្ពស់​។​”

​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​អ្នក​ផលិត និង​អ្នក​នាំចូល​ទាំងអស់ ឱ្យ​ប្រកាន់ខ្ជាប់​នូវ​សុចរិត​ភាព តម្លាភាព និង​ទំនួល​ខុស​ត្រូវ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម តាមរយៈ​ការចុះបញ្ជី​ផលិតផល ដោយ​លើកឡើង​ថា គុណ​តម្លៃ​ទាំងនេះ​គឺជា​មូលដ្ឋាន​សំខាន់​សម្រាប់​ជោគជ័យ​រយៈពេល​វែងរ​បស់​អាជីវកម្ម និង​ការអភិវឌ្ឍ​ជាតិ​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​អតិថិជន​ប្រើប្រាស់​អំណាច​ទិញ​របស់​ខ្លួន ដើម្បី​ជំរុញ​ឱ្យ​អ្នក​ផលិត និង​អ្នក​នាំចូល​ប្រកាន់​គោលការណ៍​ដូចគ្នា តាមរយៈ​ការទិញ និង​ប្រើប្រាស់​តែ​ផលិតផល​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​។​

​កន្លងមក ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ផ្សព្វផ្សាយ​បញ្ជី ច​.​ប​.​ផ​. នៅលើ​គេហទំព័រ​របស់ខ្លួន ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​ងាយស្រួល​ផ្ទៀងផ្ទាត់​ភាពស្របច្បាប់​នៃ​ផលិតផល​។ ឌី​ជី​ថ​លូ​ប​នីយកម្ម​នៃ​សេវា​សាធារណៈ​របស់​ក្រសួង​នឹង​រួមបញ្ចូល​ប្រព័ន្ធ​ចុះបញ្ជី​ផលិតផល​អន​ឡាញ​ពេញលេញ​ក្នុង​ឆ្នាំ​២០២៦ ដើម្បី​សម្រួល​នីតិវិធី កាត់បន្ថយ​ឯកសារ​តម្រូវ និង​ការជួប​ផ្ទាល់ ដែល​នឹង​ធ្វើឱ្យ​ដំណើរការ​ស្នើសុំ​អាជ្ញ​បណ្ណ ច​.​ប​.​ផ​. កាន់តែ​ឆាប់រហ័ស មាន​តម្លាភាព និង​កាត់បន្ថយ​ការពឹងផ្អែក​លើ​សេវា​អ្នក​រត់ការ ៕

Leave a Reply

Your email address will not be published. Required fields are marked *