​រដ្ឋ​សភា​កម្ពុជា​-​ហុងគ្រី ពង្រឹង​ទំនាក់ទំនង​ការទូត ដើម្បី​លើក កម្ពស់​ផលប្រយោជន៍​ពលរដ្ឋ និង​សុខសន្តិភាព​

សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និ​ឯកឧត្ដម ឡា​ស្លូ កូ​វឺរ (László Kövér) ប្រធានរដ្ឋសភា​ហុងគ្រី បាន​ឯកភាព​រួមគ្នា​លើកកម្ពស់​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ដើម្បី​ការពារ និង​លើកកម្ពស់​សុខសន្តិភាព នៅក្នុង​ពិភពលោក ដែលជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ជា​សកល​។​

​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៥ នៅ​វិមាន​រដ្ឋ​សភា​ហុងគ្រី ក្នុងឱកាស​ដែល​សម្តេច​ប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋ​សភា​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​ប្រទេស​ហុងគ្រី រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨​ខែតុលា ឆ្នាំ​២០២៥​។​

​ឯកឧត្ដម ឡា​ស្លូ កូ​វឺរ បាន​វាយ​តម្តៃ​ខ្ពស់​ចំពោះ​ដំណើរ​បំពេញទ​ស្ស​ន​កិច្ច​ផ្លូវការ និង​មិត្តភាព របស់​សម្តេច​រដ្ឋសភា​ធិបតី ឃួន សុ​ដា​រី នៅក្នុង​ឱកាស​នេះ​។

​សម្តេច​រដ្ឋសភាធិបតី ជា​ប្រធានរដ្ឋសភា​កម្ពុជា​ដំបូង​គេ ដែល​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ហុងគ្រី ខណៈ​កាលពី​ឆ្នាំ​២០១៥ ឯកឧត្តម​ប្រធានរដ្ឋសភា​ហុងគ្រី បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​កម្ពុជា​។ នៅ​ដើមឆ្នាំ​២០២៥ កន្លងមកនេះ លោកជំទាវ ម៉ា​តា ម៉ា​ត្រៃ (Marta Matrai) អនុប្រធាន​ទី​១ រដ្ឋសភា​ហុងគ្រី ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ផងដែរ​។ ចំណែក ខាង​ស្ថាប័ន​នីតិប្រតិបត្តិ​វិញ កាលពី​ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីត​នាយករដ្ឋមន្ត្រី បាន​បំពេញ​ទស្សនកិច្ច​ចំនួន​ពីរលើក នៅ​ប្រទេស​ហុងគ្រី ។

​ក្នុង​ឆ្នាំ​២០១៩ ដដែល​នោះ ឯកឧត្តម ចាណូស អា​ឌឺ (Janos Ader) អតីត​ប្រធានាធិបតី​ហុងគ្រី បាន​ដឹកនាំ​គណៈប្រតិភូ​មក បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ បន្ថែម​ពី​នេះ ប្រទេស​ហុងគ្រី កំពុង​ត្រៀម​រៀបចំ​ថ្វាយ​បដិសណ្ឋារកិច្ច ព្រះរាជដំណើរ​ទស្សនកិច្ច​របស់ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រទេស​ហុងគ្រី នា​ដើមឆ្នាំ​២០២៦​ខាង មុខ​នេះ​ដែរ​។​

​ឯកឧត្ដម ឡា​ស្លូ កូ​វឺរ បាន​គូសបញ្ជាក់ថា ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ទាំង​ពីរ ទាំង​ស្ថាប័នីតិ​ប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ជា​បន្តបន្ទាប់​នេះ បាន​បង្ហាញ​ពី​ចំណង មិត្តភាព​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​រឹងមាំ​។ នៅក្នុង​ឆ្នាំ​២០២៦ ខាងមុខ ដែល​ជា​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ហុងគ្រី កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​ពង្រឹង ពង្រីក​បន្ថែម​ទៀត​។ ហុងគ្រី​នឹង​ជំរុញការ​បើក​ស្ថានទូ​តរបស់​ខ្លួន​នៅ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ និង​ដំឡើង​ចំនួន​អាហា រូបករណ៍​ដល់​និស្សិត​កម្ពុជា​ពី​១៥​នាក់​ទៅ​៣០​នាក់​ក្នុង​មួយឆ្នាំ​។​

​សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធាន​រដ្ឋសភា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ឯកឧត្តម ប្រធានរដ្ឋសភា ដែល​បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​រដ្ឋភា​កម្ពុជា យ៉ាង​កក់ក្តៅ​ជា​ទីបំផុត​។​

​សម្តេច​បាន​លើកឡើង​ថា​កម្ពុជា និង​ហុងគ្រី ជា​មិត្ត​ដ៏​ល្អ​ស្មោះត្រង់ ជឿជាក់ និង​ផ្តល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញ ទៅ មក​។ ហុងគ្រី​ជាមិ​ត្ត​ដ៏​ល្អ​របស់​កម្ពុជា​ឆ្លង​ទ្វីប​។ ចំណង​មិត្តភាព​កម្ពុជា​និង​ហុងគ្រី មិន​ត្រឹមតែ​ផ្តល់​តម្លៃ​សម្រាប់​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ជា​ច្រក​នៃ​ទំនាក់ទំនង​អាស៊ី និង​អ៉រ៉ុប ថែមទៀត​ផង​។

​សម្តេច​រដ្ឋសភាធិបតី បាន​អរគុណ​ដល់​ហុងគ្រី ដែល​បាន​យកចិត្តទុកដាក់ ដល់​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ហុងគ្រី​នៅក្នុង​នោះ​មាន​ការផ្តល់​ប័ណ្ណ​ក្នុង​ការព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ដល់​និស្សិត​កម្ពុជា ជាដើម​។​

​ក្នុងនាម​ជា​អតីត​និស្សិត ធ្លាប់​បាន​សិក្សា​នៅ​ប្រទេស​ហុងគ្រី កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ​៨០ សម្តេច​ប្រធានរដ្ឋសភា​វាយតម្លៃ​ខ្ពស់​ពី​ការរីកចម្រើន​របស់​ប្រទេស​ហុងគ្រី​។ បច្ចុប្បន្ន​ហុងគ្រី​ជា​ប្រទេស​មួយ​ដែល​នាំ​មុខខាង​វិស័យ​កសិកម្ម ធនធានទឹក បរិស្ថាន និង​បច្ចេកវិទ្យា​។ សម្តេច​បាន​ស្នើ ឯកឧត្តម​ប្រធានរដ្ឋសភា​ហុងគ្រី ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទាំងនោះ​បន្ថែម​ទៀត​នៅ​កម្ពុជា ។

​ជា​ពិសេស​ជំរុញ​ទេសចេណ៍ វិនិយោគ ពាណិជ្ជកម្ម ក្នុង​ការនាំមក​នូវ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ​។

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​ជម្រាបជូន ឯកឧត្តម​ប្រធានរដ្ឋសភា​ហុងគ្រី ពី​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​នាយ​រដ្ឋ​មន្ត្រី​កម្ពុជា​និង​ថៃ បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ប៉ុន្មាន​ថ្ងៃមុន​នេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៧ ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ក្រោម​វត្តមាន​ជា​សាក្សី របស់​ឯកឧត្តម Donald J.Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា​ប្រមាណ​ជា​៥​ខែ​មកនេះ​។ សម្តេច​រដ្ឋសភាធិបតី បាន​គូសបញ្ជាក់ថា​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ជា​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​កម្ពុជា​។​

​កម្ពុជា​មិន​ចង់បាន​សង្គ្រាម​ទៀត​នោះឡើយ​។ សន្តិភាព​ដែល​កម្ពុជា​ទទួលបាន ដោយសារ​ថ្នាក់ដឹកនាំ មាន​សម្តេច​តេជោ ហ៊ុន សែន ដែល​បិតា​សន្តិភាព បាន​យក​អាយុជីវិត​ជា​ដើមទុន ក្នុង​ការទទួលបាន​សុខសន្តិភាព​។

​សម្តេច​ប្រធានរដ្ឋសភា​បាន​ស្នើ​ដល់​ប្រទេស​ហុងគ្រី ជួយ​គាំទ្រ លើកទឹកចិត្ត​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ឱ្យ​បាន​ស្ថិតស្ថេរ​យូរអង្វែង​តទៅ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បន្ទាត់ ព្រំដែន​របស់​កម្ពុជា និង​ថៃ វិល​ទៅ​ប្រក្រតីភាព​ឡើងវិញ​។ ទាំង​សម្តេច​ប្រធានរដ្ឋសភា​និង ឯកឧត្តម​ប្រធានរដ្ឋសភា​ហុងគ្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គុណ​តម្លៃ​សន្តិភាព​។ មាន​សន្តិភាព​ទើប​មាន​ការអភិវឌ្ឍ និង​មាន​អ្វីៗ​គ្រប់យ៉ាង​៕​

Leave a Reply

Your email address will not be published. Required fields are marked *