កម្ពុជា និង​ធនាគារ​ពិភពលោក ពិភាក្សា​លើ​ការគាំទ្រ​នៃ​ការ​ផ្តល់​ជំនាញ និង​ការងារ​ដល់​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់មក​ពី​ប្រទេស​ថៃ​វិញ​

​រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​ជាមួយ​ប្រតិភូ​ធនាគារពិភពលោក​ដឹកនាំ​ដោយ លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង ដើម្បី​ផ្លាស់ប្តូរ​យោបល់​និង​ចែករំលែក​ព័ត៌មាន​អំពី​ការជួយ​គាំទ្រ​របស់​ធនាគារ​ពិភពលោក​ចំពោះ​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ស្តី​ពី​ការស្វែងរក​ការងារ​ធ្វើ និង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​តាមរយៈ​យន្តការ​គាំទ្រ​បឋម​ភ្លាមៗ និង​រយៈពេល​មធ្យម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិកា​ររ​បស់​ធនាគារពិភពលោក លើ​ការងារ​ការកសាង​មូលធន​មនុស្ស ការងារ និង​ជំនាញ​នៅ​កម្ពុជា​។

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់ថា ការពិភាក្សា​នៅ​ថ្ងៃនេះ គឺ​ស្រប​ទៅនឹង​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការបង្កើត​ការងារ ទីផ្សារការងារ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ឯកឧត្តម ហេង សួរ ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ និង​យូរអង្វែង​របស់​ធនាគា​រ​ពិភពលោក​ជា​មួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ (Skills for Better Jobs Project)​។​

​ជា​ការឆ្លើយតប លោកស្រី Tania Meyer បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ចំពោះ​ជំនួប​ដែល​បាន​ផ្តល់​ឱកាស​ដល់​ភាគី​ទាំងពីរ​អាច​ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​ព័ត៌មាន​អំពី​ការជួយ​គាំទ្រ​របស់​ធនាគារ​ពិភពលោក​ចំពោះ​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ស្តីពី​ការស្វែងរក​ការងារ និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ តាមរយៈ​យន្តការ​គាំទ្រ​បឋម​ភ្លាមៗ និង​រយៈពេល​មធ្យម​។​

​ទន្ទឹមនេះ លោកស្រី ក៏​បាន​ថ្លែង​កោតសរសើរ​អំពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​សន្យាថា នឹង​បន្ត​បើកទូលាយ​ទទួល​នូវ​រាល់​សំណូមពរ និង​ប្តេជ្ញា​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​ការបង្កើត​ការងារ ទីផ្សារការងារ និង​ការបណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន និង​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់មក​ពី​ប្រទេស​ថៃ​វិញ​។​

​ក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ ក៏​បាន​ឯកភាព​បន្ត​ភាពជា​ដៃគូ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​បន្ទាប់​ពី​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា និង​គណៈប្រតិភូ​ទៅ​ទស្សនា​បន្ទប់​ផ្តល់ព័ត៌មាន ២៤​ម៉ោង តាមរយៈ​លេខ​ទូរ​សព្ទ Hotline 1297 ដែល​បម្រើ​សេវាកម្ម​ស្វែងរក​ការងារ​ធ្វើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​៕​

Leave a Reply

Your email address will not be published. Required fields are marked *