កាស៊ីណូ ស៊ី​ល​វើរ ស្តារ​នៅ​ក្រុង​បាវិត​ត្រូវ​បាន​ព្យួរ​អាជ្ញាប័ណ្ណ​បន្ទាប់​ពី រកឃើញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

​ខេត្ត​ស្វាយរៀង​៖ លេខាធិការដ្ឋាន​នៃ​គណកម្មការ​ចំពោះ​កិច្ច​ប្រឆាំង​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​ដឹកនាំ និង​សម្របសម្រួល ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ​កម្ម​កម្ពុជា​(​គ​.​ល​.​ក​.) និង កម្លាំង​សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ព្រះរាជអាជ្ញា​សាលា ដំបូង​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០២៥ នេះ បាន​ចុះ​ឆែកឆេរ​ទីតាំង សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ក្នុង​កាស៊ីណូ ស៊ី​ល​វើរ ស្តារ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង​។​

​ប្រតិបត្តិការ​នេះ បាន​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២៣​នាក់ ក្នុងនោះ​មាន​ជនជាតិ​ស្រីលង្កា​មាន​ចំនួន ៦​នាក់​(​ស្ត្រី​១​នាក់​) ប៉ា​គី​ស្ថាន ៧​នាក់​(​ស្ត្រី ២​នាក់​) ហ្វីលីពីន ២​នាក់​(​ស្រី ២​នាក់​) នេ​ប៉ាល់ ២​នាក់​(​ស្ត្រី​២​នាក់​) ឥណ្ឌា ១​នាក់ នី​ហ្ស៊េ​រី​យ៉ា ១​នាក់ អាល់​ហ្ស៊េ​រី ១​នាក់ (​ដែល​សមត្ថកិច្ច​សង្ស័យ​ជា​ជនរងគ្រោះ​) និង ជនសង្ស័យ​ជា​មុខសញ្ញា​មេខ្លោង​ចំនួន ៣​នាក់ (​ចិន​តៃវ៉ាន់​១​នាក់ និង​ម៉ាឡេស៊ី​ចំនួន ២​នាក់​) ជាមួយ​នឹង​ការដកហូត​វត្ថុតាង​រួមមាន Call Center២៤​ទូ​រ​, លិខិតឆ្លងដែន​១៩​ក្បាល និង​ទូរ​សព្ទ​ដៃ​២០ គ្រឿង​។​

​បន្ទាប់ពី​ទទួលបាន​ភស្តុតាង​គ្រប់គ្រាន់ គណ​:​កម្ម​ការគ្រប់គ្រង​ល្បែង ពាណិជ្ជកម្ម​កម្ពុជា​(​គ​.​ល​.​ក​.) បានសម្រេច​ចាត់​វិធាន​ព្យួរ​អាជ្ញាប័ណ្ណ ចំពោះ​កាស៊ីណូ ស៊ី​ល​វើរ ស្តារ មិនឲ្យ​ដំណើរការ​អាជីវកម្ម​បន្តទៀតទេ​។​សមត្ថកិច្ច​បាន​បញ្ជូន​មុខសញ្ញា​មេខ្លោង​ទាំង​៣​នាក់ មាន​ជនជាតិ​ចិនតៃវ៉ាន់ ១​នាក់ និង​ម៉ាឡេស៊ី​២​នាក់ ទៅ​តុលាការខេត្ត​ស្វាយរៀង ដើម្បី​អនុវត្ត​នីតិវិធី​ផ្តន្ទាទោស​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ចំណែកឯ​ជន​បរទេស​២០​នាក់ ត្រូវបាន​ប្រគល់ជូន​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បី​រៀបចំ​បែបបទ​បន្ត​នីតិវិធី​និរទេស​ចេញពី​កម្ពុជា​។​

​សូមបញ្ជាក់​ថា ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ យ៉ាង​តឹងរឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *