មនុស្ស​២៦​នាក់​ស្លាប់​ក្រោយ​ពី​ហេតុការណ៍​គ្រោះទឹកជំនន់ និង បាក់​ដី​ភ្លាមៗ​នៅ​ប្រទេសកេន​យ៉ា ខណៈ​អ្នកស្វែងរក​កំពុង ប្រើ​គ្រប់​មធ្យោបាយ​ជួយសង្គ្រោះ​

ករណី​មនុស្ស​ស្លាប់​ដោយសារ​ហេតុការណ៍​គ្រោះ​រអិល​បាក់​ដី​ដ៏​សាហាវ​នៅ​ភាគ​ខាងលិច​ប្រទេសកេន​យ៉ា​បាន​កើនឡើង​ដល់ ២៦ នាក់​ហើយ បន្ទាប់​ពី​សព​មនុស្ស​ចំនួន​៤ នាក់​ទៀត​ត្រូវបាន​រកឃើញ​។

​ព័ត៌មាន​ថ្មី​ចុងក្រោយ​បំផុត​ស្តី​ពី​ជនរងគ្រោះ​បាន​ប្រកាសឡើង​នៅ​ពេល​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវបាន​ផ្អាក​នៅ​ថ្ងៃ​អាទិត្យ​ដោយសារ​តែ​ទឹកជំនន់​ភ្លាមៗ​នៅក្នុង​តំបន់ Rift Valley​។

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កេន​យ៉ា​បាន​និយាយ​ថា​មនុស្ស ២៥ នាក់​នៅតែ​បាត់​ខ្លួន ហើយ​រដ្ឋាភិបាល​បាន​បង្កើន​បេសកកម្ម​ស្វែងរក ដោយ​យោធា​បាន​ដាក់ពង្រាយ​យន្តហោះ​ចំនួន ៤ គ្រឿង​ដើម្បី​ជួយ​ក្រុម​សង្គ្រោះ​ឲ្យចូល​ទៅក្នុង​តំបន់​ដែល​បាន​កាត់ផ្តាច់​ទាំងស្រុង​ដោយ​សារ​ទឹកជំនន់ បន្ទាប់​ពី​ផ្លូវ​ត្រូវបាន​ទឹក​ហូរ​នាំយកទៅ ពេល​រអិល​បាក់​ដី​ដែរ​កាលពី​ថ្ងៃ​សៅរ៍​នេះ ។

​កាលពី​ថ្ងៃ​អាទិត្យ​នេះ​ដែរ ក្រុម​ស្វែងរក​បាន​សម្រេច​បោះបង់​ចោល​ការសង្គ្រោះ​នៅ​កន្លែង​នោះ បន្ទាប់ពី​មាន​ទឹកជំនន់​ភ្លាមៗ​ធ្លាក់ចុះ​ពី​ភ្នំ​មួយ​ក្នុង​តំបន់ Chesongoch និង​តំបន់ Rift Valley ប្រទេសកេន​យ៉ា​។

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តែ​បន្ត​នៅ​ទូទាំង​ប្រទេសកេន​យ៉ា ហើយ​ទឹកជំនន់​ត្រូវបាន​រាយការណ៍​នៅក្នុង​ស្រុក​ជាច្រើន​ដែល​បាន​ធ្វើឱ្យ​មនុស្ស​រាប់ពាន់​នាក់​ផ្លាស់​ទីលំនៅ​។

​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​ងាយ​នឹង​រងគ្រោះ​ដោយសារ​ទឹកជំនន់ ឬ​រអិល​បាក់​ដី​នោះ ត្រូវ​ផ្លាស់​ទីលំនៅ​ឲ្យបាន​លឿន​តាម​ដែល​អាច​ធ្វើទៅបាន ខណៈ​ដែល​ភ្លៀង​ធ្លាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​នៅ​ទូទាំង​ប្រទេស​បន្ថែមទៀត​។

​លោក Murkomen បាន​និយាយថា​រដ្ឋាភិបាល​នឹង​បន្ត​ដឹកជញ្ជូន​សម្ភារៈ​តាម​អាកាស​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់ រួម​ទាំង​សាលារៀន​ចំនួន ១៥ ដែល​ត្រូវបាន​កាត់ផ្តាច់ ហើយ​ឯកសារ​ប្រឡង​ថ្នាក់ជាតិ​ដែល​កំពុង​ដំណើរការ​នឹង​ត្រូវបាន​ដឹក​ជញ្ជូន​តាម​អាកាស​ទៅឱ្យ​បេក្ខជន​ប្រលង​ដែរ​។

​លោក​បាន​និយាយថា រដ្ឋាភិបាល​នឹង​ចេញថ្លៃ​ព្យាបាល​ដល់​អ្នក​រងរបួស​ជាង ៣០ នាក់ និង​ផ្តល់​ជម្រក​ដល់​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវបាន​ទឹក​ហូរ​នាំយក​ទៅ​បាត់​ដែរ​៕


Leave a Reply

Your email address will not be published. Required fields are marked *