សមត្ថកិច្ច​ឃាត់ខ្លួន​ជន​បរទេស​ចំនួន ២៦៣​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ខេត្ត​ព្រះសីហនុ​

​ជនសង្ស័យ​ចំនួន​២៦៣​នាក់ (​ស្ត្រី ១៧​នាក់​) ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ទីតាំង​អតីត​កាស៊ីណូ ហ្គា​ឡា​ក់​ស៊ី វើល​ដ៍ ស្ថិតនៅ​ក្រុម​ទី​៦ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ក្រោម​ការសង្ស័យថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)​។​

​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំង​២៦៣​នាក់​នោះ រួមមានៈ ជនជាតិ​ប៉ា​គី​ស្ថាន ១១​នាក់​, បង់​ក្លា​ដេស​២៣​នាក់​, ចិន ២០៧​នាក់ (​ស្ត្រី ០៧​នាក់​), ស្ត្រី​មី​យ៉ាន់​ម៉ា ០៦​នាក់​, នេ​ប៉ាល់ ០៤​នាក់​, វៀតណាម ០៧​នាក់ (​ស្ត្រី ០៣​នាក់​), ម៉ាឡេស៊ី ០៤​នាក់ និង​ស្ត្រី​ជនជាតិ​ឡាវ​០១​នាក់​។ ចំណែក​វត្ថុតាង​ដកហូត មាន​កុំព្យូទ័​រលើ​តុ ៨៦០​គ្រឿង​, ទូរស័ព្ទ ៤,១២៩​គ្រឿង​, កុំព្យូទ័រ​យួរដៃ ១៦​គ្រឿង និង iPad ១៤​គ្រឿង​។​

​ប្រតិបត្តិការ​នោះ​ត្រូវបាន​ដឹកនាំ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោម​ការសម្របសម្រួល​ពី​លេខាធិការដ្ឋាន នៃ​គណកម្មការ​ចំពោះ​កិច្ច​ប្រឆាំង​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) និង​មាន​ការចូលរួម​សហកា​រ​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​, អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​ស៊ី​ហ​នុ អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ឈី​វ អ៉ិ​ចគង់​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​សង្ស័យ និង​ឈាន​ដល់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​ខាងលើនេះ​។​

​ក្រោយ​ការបង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ បច្ចុប្បន្ន​កំពុង​សហកា​រ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​ឈាន​ទៅ​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មេខ្លោង នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ខណៈ​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​ប្រគល់ជូន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

​ចំណែកឯ​ទីតាំង​ខាងលើ​ត្រូវបាន​បិទ​បណ្តោះអាសន្ន និង​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ជា​អ្នកគ្រប់គ្រង​រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត​។​

​សូមបញ្ជាក់​ថា ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​សមត្ថកិច្ច​ចម្រុះ​ទូទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ដោយ​គ្មាន​ការលើកលែង​ឡើយ ៕​

Leave a Reply

Your email address will not be published. Required fields are marked *