បណ្តាញ​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រសួង​ព័ត៌មាន ក្នុង​ការរៀបចំ​គោលការណ៍​រក្សា​សុវត្ថិភាព​កុមារ និង​មនុស្សពេញវ័យ​ក្នុង​អត្ថបទ និង​សេចក្តីរាយការណ៍​របស់​អង្គភាព​សារព័ត៌មាន​

ភ្នំពេញ​៖ ក្នុងឱកាស​អញ្ជើញ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នា​ទីស្តីការក្រសួង បណ្តាញ​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ដឹកនាំ​ដោយ លោក យី គឹម​ថា​ន នាយក​ប្រចាំ​ប្រទេស​ស្តីទី​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា បាន​គោរព​ស្នើសុំ​មតិយោបល់ កិច្ចសហការ ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ធ្វើ​ការរៀបចំ​គោលការណ៍​រក្សា​សុវត្ថិភាព​កុមារ និង​មនុស្សពេញវ័យ​ក្នុង​អត្ថបទ និង​សេចក្តីរាយការណ៍​របស់ អង្គភាព​សារព័ត៌មាន​។​

​ក្នុងឱកាស​នោះ តំណាង​បណ្តាញ​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ជម្រាបជូន​ថា ក្នុង​រយៈពេល​កន្លងមក​នេះ គឺ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរក្សា​សុវត្ថិភាព​កុមារ និង​មនុស្សពេញវ័យ​ក្នុង​វិស័យ​សារព័ត៌មាន បាន​ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​លទ្ធផល​វិជ្ជមាន​គួរឱ្យកត់សម្គាល់​។

​ដូច្នេះ​ការ​គម្រោង​រៀបចំ​គោលការណ៍​រក្សា​សុវត្ថិភាព​កុមារ និង មនុស្សពេញវ័យ ក្នុងទិសដៅ​ធ្វើឲ្យ​អ្នកសារ ព័ត៌មាន​ទាំងអស់ ជាពិសេស​សារព័ត៌មាន​អន​ឡាញ បាន​យល់​ច្បាស់ ព្រោះ​កន្លងមក​បាន​ពិនិត្យ​ឃើញ​មាន​ការកើតឡើង​ច្រើន​នៅពេល​កុមារ មាន​បញ្ហា ពិសេស​ក្មេងស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ ១៨​ឆ្នាំ​ផង គឺ​មាន​ការថត​ផ្សាយ​តាម​ប្រព័ន្ធ អន​ឡាញ ។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ថ្លែង​ការ​អរគុណ​ដល់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា និង​ដៃគូរ​ទាំងអស់ ដែល​បាន​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង​ព័ត៌មាន នា​ពេលកន្លងមក​ក្នុង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរក្សា​សុវត្ថិភាព​កុមារ និង​មនុស្សពេញវ័យ​ក្នុង​វិស័យ​សារព័ត៌មាន ដើម្បី​ធ្វើឲ្យ​អ្នកសារព័ត៌មាន​បាន​យល់ច្បាស់​ពី​សិទ្ធិ​កុមារ ពិសេស អ​និតិ​ជន ស្របពេល​ដែល ក្រសួង​ព័ត៌មាន បាន​នឹង​កំពុង​ពង្រឹង​សមត្ថភាព និង​វិជ្ជាជីវៈ​ដល់​អ្នកសារព័ត៌មាន​ផងដែរ ។

​ឯកឧត្តម រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ក្នុង​ពេល​កន្លងមក ក្រសួង​ព័ត៌មាន តែងតែ​ណែនាំ​ដល់​អង្គភាព​សារព័ត៌មាន ទាក់ទង​រូបភាព​របស់ អ​និតិ​ជន ជនសង្ស័យ និង​ជនរងគ្រោះ មុន​ធ្វើការ​ផ្សព្វផ្សាយ​ត្រូវ​បិទមុខ​កុំឲ្យ​ឃើញ​មុខ ព្រោះ​ពួកគេ​មិនទាន់​មាន​សាលក្រម​សម្រេច​ពី​តុលាការ ថា​មាន​ទោស​នៅឡើយ​នោះទេ​។​

​ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា កន្លងមកនេះ ឯកឧត្តម បាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ដែល​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​នៅ​ពេលយប់ ហើយ​បាន​ពន្យល់​ណែនាំ​ឲ្យមាន​ការគោរព ឯកជន​ភាព​របស់​ប្រជាជន ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន សម្ភាស​អ្នកប្រើប្រាស់​ថ្នាំញៀន​កំពុង​វង្វេងស្មារតី​,​អ្នក​ស្រវឹង​ដែល​គ្រប់គ្រង​អារម្មណ៍​មិន​បាន និង​អ្នកមាន​វិបល្លាស​សតិ​ស្មារតី​, ព្រោះនេះ​ជា​តម្លៃ​ក្រមសីលធម៌ និង​វិជ្ជាជីវ​សារព័ត៌មាន ហើយក៏​ជា​ការការពារ​សិទ្ធិ​ឯកជន និង​សេចក្តីថ្លៃថ្នូរ របស់​បុគ្គល​ម្នាក់ៗ​ផងដែរ​។

​ឯកឧត្តម បាន​បញ្ជាក់ជូន​ផងដែរ​ពី​ការរៀបចំ​ដាក់​អោយ​ប្រើ​ប្រាដ់​នូវ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន សម្រាប់​ទាំងអស់គ្នា ដើម្បី​គុណ​តម្លៃ​រួម​នៃ​វិជ្ជាជីវៈ និង​សណ្តាប់ធ្នាប់​ល្អ​ក្នុង​វិស័យ​សារព័ត៌មាន ។

​ជាមួយ​នេះ​ក៏​មានផ្តោ​លើ​សិទ្ធិ​បុគ្គល សិទ្ធិ​រូបភាព និង​សិទ្ធិ​ឯកជន​ភាព គឺ​មាន​សារៈសំខាន់​ណាស់ ដែល​ត្រូវ​យល់​ដឹង​ទាំងអស់គ្នា ៕

Leave a Reply

Your email address will not be published. Required fields are marked *