​សហរដ្ឋអាមេរិក ជំរុញ​ឱ្យ​កម្ពុជា​និង​ថៃ បន្ត​រក្សា​សន្តិភាព​និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​

BREAKINC: អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​អង្គារ ទី​១១ ខែ​វិច្ឆិកា​នេះ​ថា សហរដ្ឋអាមេរិក​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​អំពី​ឧទ្ទវហេតុ ដែល​ទាហាន​ថៃ​ជាន់មីន​នៅក្បែរ​ព្រំដែន​កម្ពុជា ជាមួយ​ការជំរុញឱ្យ​ប្រទេស​ជិតខាង​ទាំង​២​បន្ត រក្សា​ស្ថិរភាព និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មាន​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ជា​សាក្សី​។​

​ការកត់សម្គាល់​របស់​មន្ត្រី​អាមេរិក​ខាងលើ​កើតមានឡើង បន្ទាប់​ពី​ភាគី​ថៃ​បាន​សម្រេច​ផ្អាក​ការអនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា ក្រោយ​ទាហាន​ថៃ​៣​នាក់​រងរបួស​ក្នុង​ហេតុការណ៍​ជាន់​គ្រាប់មីន អំឡុង​ការដើរ​ល្បាត ហើយ​ដែល​កំពុង​ក្លាយ​ជា​ការ​ធ្វើ​តេស្ដ​មួយ​លើ​បទ​ឈប់​បាញ់ សម្របសម្រួល​ដោយ​លោក ដូ​ណា​ល់ ត្រាំ​។​

​រដ្ឋាភិបាល​ថៃ​បាន​ចោទ​កម្ពុជា​ថា បាន​ដាំ​មីន​ថ្មីៗ​នៅតាម​បណ្ដោយ​ព្រំដែន​កំពុងមាន​ជម្លោះ​រវាង​ប្រទេស​ទាំង​២​។ ក៏ប៉ុន្តែ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ច្រានចោល ការចោទប្រកាន់​របស់​ថៃ និង​បាន​ជំរុញ​ឱ្យ​ភាគី​ថៃ ចៀសវាង​ការ​ល្បាត​នៅ​តំបន់​មាន​មីន​ចាស់​សល់​ពី​សម័យ​សង្គ្រាម ហើយ​កម្ពុជា​នៅតែ​ប្ដេជ្ញាចិត្ត​ធ្វើ​ការ​ជាមួយ​ថៃ ស្រប​ទៅតាម​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែ​តុលា​កន្លងទៅ​។​

​គួរបញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ថៃ លោក Anutin Charnvirakul កាលពី​ថ្ងៃ​អង្គារ បាន​ប្រាប់​ឱ្យ​ក្រសួង​ការពារជាតិ​ផ្អាក​ទាំងអស់ នូវ​ការអនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា ដោយ​មិន​មាន​កាលកំណត់​នោះ ហើយ​ថែមទាំង​ប្រកាស​ទៀត​ថា សន្តិភាព​បាន​បិទ​បញ្ចប់​ហើយ នៅពេលនេះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *