អាជ្ញាធរ​ខណ្ឌ​កំបូល តម្រូវអោយ​អាជីវករ​ដែល​រំលោភ​ផ្លូវ​សាធារណៈ​ឲ្យ​រុះរើ​ចេញ រក្សា​ចំណីផ្លូវ​ដោយ​ដក​គម្លាត​ពី​ចិញ្ចើមផ្លូវ​៨​ម៉ែត្រ​

​រាជធានី​ភ្នំពេញ​៖ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោក ឃឹម ស៊ុន​សូ​ដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ឯកឧត្តម ទ្រី ណា​រ៉េត អភិបាលរង ទទួលបន្ទុក​ការងារ​សាធារណការ និង​បរិស្ថាន អនាម័យ បាន​ដឹកនាំ​មន្ត្រី​ចុះ​ណែនាំ​ដល់​អាជីវករ​ដែល​យក​ចំណី​ផ្លូវ​សាធារណៈ​មក​ដាក់​តាំង​សម្ភារៈ​លក់ដូរ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន បង្ក​ឲ្យ​បាត់បង់​ចិញ្ចើមផ្លូវ​សាធារណៈ​។​

​អាជ្ញាធរ បានឲ្យដឹងថា ការចុះ​ណែនាំ​ដល់​អាជីវករ​នេះ ស្ថិត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៣ ដោយ​មាន​ភូមិ​ចំនួន ៤ ភូមិ​អង្គ​ត្រ​គៀត ទួល​កី ព្រៃ​កី គោក​ខ្សាច់ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​អាជ្ញាធរ បាន​ណែនាំ​ដល់​អាជីវករ​ដែល​បាន​ដាក់​តាំង​សម្ភារៈ​រំលោភ​មក​លើ​ផ្លូវ​សាធារណៈ ត្រូវ​ដក​គម្លាត​ពី​ចិញ្ចើម​ផ្លូវ​ប្រវែង ៨ ម៉ែត្រ ចេញពី​ចំណីផ្លូវ​។​

​គ្រារ​នោះ​ដែរ​អាជ្ញាធរ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង អាជីវករ​លក់ដូរ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ សូមមេត្តា​អនុវត្ត​ចូលរួម​សហការ​ជាមួយ រដ្ឋបាល​ខណ្ឌ​កំបូល ដើម្បី​រក្សាបាន​នូវ​ផ្លូវ​ធំ​ទូលាយ និង សោភ័ណភាព​ទីក្រុង​ស្អាត​។ បន្ថែម​នេះ អាជ្ញាធរ ក៏​អរគុណ​ដល់​ប្រជាពលរដ្ឋ និង អាជីវករ​លក់ដូរ ដែល​បាន​ចូលរួម​សហការ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *